ជាតិ
បទវិភាគ
​​​ន​យោ​បាយ​ជាតិ​
មាន​សែន មាន​ស៊ី!
13, Apr 2015 , 8:30 pm        
រូបភាព
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ចេញពី​កិច្ច​ប្រជុំ​សភា​កាលពី​ថ្ងៃទី៩ ខែមេសា ទាំង​ស្នាម​ញញឹម
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ចេញពី​កិច្ច​ប្រជុំ​សភា​កាលពី​ថ្ងៃទី៩ ខែមេសា ទាំង​ស្នាម​ញញឹម
វប្បធម៌ «មាន​សែន អត់​ស៊ី» ឬ «មាន​ស៊ី អត់​សែន» ប្រហែលជា​ចាកចេញ​ទៅតាម​ទេវតា​ឆ្នាំ​ចាស់​ព្រះ​នាង គោរ​គៈ​ទេវី ហើយ។ សម្រាប់​ឆ្នាំ​ថ្មី ឆ្នាំមមែ សប្តស័ក ពុទ្ធសករាជ២៥៥៩នេះ ព្រះ​នាង រា​គ្យ​សៈ​ទេវី ច្បាស់​ជា​មិនសូវ​ឈឺ​ព្រះ​កេស​ឡើយ ពីព្រោះ​មេដឹកនាំ​គណបក្សនយោបាយធំៗពីរ​នៅ​កម្ពុជា បានលើកឡើង​ពី​ភាព​វិជ្ជមាន​នៃ​វប្បធម៌​សន្ទនា ដែល​បាន​នាំ​ឲ្យ​ពួកគេ​សម្រេចបាន​កិច្ចការធំៗមួយចំនួន​នា​រយៈពេល​ចុងក្រោយ​នេះ។ វប្បធម៌ «មាន​សែន មាន​ស៊ី» កាន់តែ​លេច​ច្បាស់​ឡើង ខណៈ​មេដឹកនាំ​បក្សនយោបាយ​ទាំងពីរ មាន​វត្តមាន​រួមគ្នា​ជា​ប្រវត្តិសាស្ត្រ​នា​ពិធី​បើក​អង្គរ​សង្ក្រាន្ត​នៅ​ខេត្តសៀមរាប នា​ថ្ងៃទី១៤ ខែមេសា។



បន្ទាប់ពី​រដ្ឋសភា បានសម្រេច​អនុម័ត​សមាសភាព​សមាជិក​ថ្មី​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ បោះឆ្នោត (គ.ជ.ប) កាលពី​ថ្ងៃទី៩ ខែមេសា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៃ​គណបក្ស​ប្រជា​ជនជាតិ​កម្ពុជា បាន​អះអាងថា ស្ថានការណ៍​នយោបាយរ​បស់​កម្ពុជា​បាន​ឈានទៅដល់​ចំណុច​ផ្តាច់ព្រ័ត្រ។ ស្របពេល​ជាមួយគ្នា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​លើកឡើងថា កាយវិការ​របស់​មេដឹកនាំ​បក្ស​ទាំងពីរ គឺជា​សារ​វិជ្ជមាន​សម្រាប់​ជនរួមជាតិ។ ក្នុង​សារ​ជូនពរ​នាឱកាស​បុណ្យចូលឆ្នាំ លោក សម រង្ស៊ី បានសរសេរថា វប្បធម៌​សន្ទនា បាន​នាំ​ឲ្យ​មានការ​បង្កើត​ស្ថាប័ន គ.ជ.ប ថ្មី និង​ការដោះលែង​សកម្មជន​នយោបាយ​ពី​ពន្ធនាគារ។

អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ នាឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ ក្រៅពី​ផ្ញើ​សារ​ជូនពរ​គ្នា​ទៅវិញទៅមក គេ​សង្កេតឃើញ​មន្ត្រី​គណបក្សនយោបាយ​ទាំងពីរ ក៏បាន​ចុះសាកសួរ​សុខទុក្ខ​គ្នា​ទៅវិញទៅមក​ផងដែរ។ ទង្វើ​ទាំងនេះ ពិតជា​ផ្តល់​ក្តី រំភើប​ដល់​ទេវតា​ឆ្នាំ​ថ្មី​ជាមិនខាន។

ស្របពេល​ជាមួយគ្នានេះ​ផងដែរ មតិ​មួយចំនួន​យល់ឃើញថា វា​ជាការ​ត្រូវរ៉ូវ​គ្នា​តែមួយ​ចំអិន​កំពឹស​តែប៉ុណ្ណោះ ពីព្រោះ​វា​មិនមែនជា​លើកទីមួយ​ឡើយ ដែល​អ្នកនយោបាយ​ចាប់ដៃគ្នា ញញឹម​ដាក់គ្នា ហើយ​ក្រោយមក​បែរជា​ជេរ​គ្នា រិះគន់​គ្នា​ទៅវិញទៅមក។

អ្នកខ្លះ​បានលើកឡើង​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើជា​ត្រូវ​គ្នា​ជាមួយ​លោក សម រង្ស៊ី ក្នុង​គោលបំណង​បំបែក​សាមគ្គីភាព​រវាង​ប្រធាន​គណបក្សប្រឆាំង និង​លោក កឹម សុខា ដែលជា​អនុប្រធាន។ តែ​ទោះបីជា​យ៉ាងណាក៏ដោយ មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ តែងតែ​បង្ហាញ​ជំហរ​យ៉ាងរឹងមាំ​ថា គ្មាន​នោះឡើយ​ការបែកបាក់​គ្នា។

«បញ្ហានយោបាយ» ប្រៀបដូចជា​រឿង​ភាគ​មួយ​យ៉ាង​ដូច្នោះ​ដែរ បើទោះបីជា​សាច់រឿង​បានបញ្ចប់​ក៏ដោយ តែ​អ្នកនិពន្ធ​អាចបង្កើត​វគ្គ​ថ្មី​មួយទៀត ដោយ​ប្រើប្រាស់​តួ​ដដែល ជាមួយ​ការបង្កើត​បញ្ហា​ថ្មី។ តែ​រាស្ត្រ​ខ្មែរ​រំពឹងថា បើ​អ្នកនយោបាយ​ប្រកាន់យក​វប្បធម៌​សន្ទនា​ជា​មូលដ្ឋាន បញ្ហា​ច្បាស់​ជា​មិន​រីក​រាលដាល​ធំ​នោះឡើយ។

ទាំង​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ថ្មី និង​លោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប ចាស់ សុទ្ធតែ​បានលើកឡើង​ថា គ្មាន​ការបោះឆ្នោត​ណា​ដែល​ល្អឥតខ្ចោះ​នោះឡើយ ប៉ុន្តែ​ការរួម​គ្នា​ដោះស្រាយ​បញ្ហា​គឺ​កត្តា​ដែល​នាំ​ឲ្យ​មាន​លទ្ធផល​ល្អប្រសើរ។

តើ​ការញញឹម និង​ការចាប់ដៃគ្នា​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធានគណបក្ស​ប្រឆាំង លោក សម រង្ស៊ី គ្រាន់តែ​ជាកាដូលួង​ចិត្ត​សម្រាប់​ឱកាស​ឆ្នាំ​ថ្មី ឬយ៉ាងណា? តើភាពញញឹម​ខាងក្រៅ​ស្តែង​ចេញពីចិត្តដែរឬទេ? សូម​រង់​ចាំ​ទស្សនា​ភាគ​បន្ត៕





© រក្សាសិទ្ធិដោយ thmeythmey.com