ប្លែកៗ
អន្តរជាតិ
អាមេរិក៖ ក្រោយ​ចូល​លួច​ឥ​វ៉ាន់ ចោរ​ម្នាក់​ជ្រុលខ្លួន​គេង​លក់​នៅលើ​សា​ឡុង​ម្ចាស់ផ្ទះ
24, May 2015 , 8:00 pm        
រូបភាព
ដោយ:
ម្ចាស់ផ្ទះ​នៅក្នុង​រដ្ឋ​ផ្លរីដា បាន​ប្ដឹង​ប៉ូលីស​ដើម្បី​ចាប់ខ្លួន​ចោរ​ម្នាក់ បន្ទាប់ពី​បុរស​ម្នាក់នេះ​ដេកលក់​នៅលើ​សា​ឡុង​នៅក្នុង​បន្ទប់ទទួលភ្ញៀវ​របស់​គាត់ នៅពេលដែល​គាត់​ចុះ​មកពី​ជាន់​លើ​ពេលព្រឹក​ឡើង​នោះ។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន 10 News ។



ប្រភព​ដដែល​បាន​ផ្សាយ​ថា លោក Timothy Bontrager ត្រូវបាន​ចោទប្រកាន់​ពីបទ​ចូលទៅ​ក្នុងផ្ទះ​របស់គេ​ដោយ​គ្មាន​ការអនុញ្ញាត នៅវេលា​ពាក់​កណ្ដាលយប់។ បន្ទាប់ពី​ងងុយដេក​ខ្លាំងពេក មក​បុរស​វ័យ ២០ ឆ្នាំ​រូបនេះ សម្រេចចិត្ត​គេង​នៅលើ​សា​ឡុង​នៅក្នុង​ផ្ទះ​ដែល​គាត់​បាន​លួច​ចូល​មួយ​ភ្លែត ។ ប៉ុន្តែ​ចោរ​ម្នាក់នេះ​បាន គេង​ជ្រុល​រហូតដល់​ម៉ោង ៧: ៣០ ព្រឹក​នៅ​ថ្ងៃ​បន្ទាប់​ជា​ពេលដែល​ម្ចាស់ផ្ទះ ចុះ​ពី​ជាន់​ខាងលើ​មកក្រោម។

ស្ត្រី​ជា​ម្ចាស់ផ្ទះ បាន​សួរ​បុរស​នោះ​ថា តើ​គាត់​កំពុង​ធ្វើ​អ្វី? ហើយ​បុរស​ជា​ចោរ​ម្នាក់​នោះ បាន​សុំ​អភ័យទោស​ម្ចាស់ផ្ទះ​ចំពោះ​ទង្វើ​របស់គាត់។ ប៉ុន្តែ​ស្ត្រី​ជា​ម្ចាស់ផ្ទះ​ដែល​មិន​បង្ហាញ​អត្តសញ្ញាណ ហៅ​ប៉ូលិស​មក​ចាប់​បុរស​ម្នាក់នេះ។

បន្ទាប់មក​លោក Bontrager បាន​ដើរ​ជុំវិញ​បន្ទប់ ព្រមទាំង​ព្យាយាម​ភៀសខ្លួន​ចេញ​កន្លែងកើតហេតុ ប៉ុន្តែ​ប៉ូលីស​ក៏បាន​មកដល់ ខណៈពេលដែល​ស្ត្រី​ជា​ម្ចាស់ផ្ទះ​នោះ បានបញ្ជាក់​ថា​គាត់​បាន​បាត់​កាបូប ប័ណ្ណបើកបរ កាត​ឥណទាន និង​កាត​ឥណ​ពន្ធ របស់គាត់​ផងដែរ។ ប៉ូលីស​បាន​ចាប់ខ្លួន​បុរស​ម្នាក់​នោះ នៅពេលដែល​រូបគេ​កំពុង​ដើរ​នៅលើ​ផ្លូវ​ក្បែរ​ផ្ទះ​នោះ៕



© រក្សាសិទ្ធិដោយ thmeythmey.com