ជាតិ
សហគម​កូរ៉េខាងត្បូង​ផ្តល់ជំនួយ​ដល់​មជ្ឈមណ្ឌល​ព្យាបាល​មនុស្ស​ចាស់​តាមរយៈ​សម្តេចម៉ែ
05, Jun 2015 , 4:03 pm        
រូបភាព
ឯកអគ្គរដ្ឋទូត​កូរ៉េ​ខាង​ត្បូង
ឯកអគ្គរដ្ឋទូត​កូរ៉េ​ខាង​ត្បូង
នៅ​ថ្ងៃទី៨មិថុនា​ដើម​សប្តាហ៍​ក្រោយនេះ សហគមន៍​កូរ៉េខាងត្បូង​ដែលមាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​នឹង​នាំ​ជំនួយ​សប្បុរសធម៌១ម៉ឺន​ដុល្លារ និង​ព្យ៉ា​ណូ​ឌីជីថល៣គ្រឿង ថ្វាយ​សម្តេចម៉ែ ដើម្បី​សម្តេចម៉ែ​ប្រទាន​បន្តទៅ​មជ្ឈមណ្ឌល​ព្យាបាល​មនុស្ស​ចាស់​ព្រះសីហនុ​រាជ។



សហគមន៍​ជនជាតិ​កូរ៉េខាងត្បូង​បានជ្រើសរើស​យក​ឱកាស​នៃ​ការ​ថ្វាយព្រះពរ​ចម្រើន​ព្រះជន្ម​សម្តេចម៉ែ មុនីនាថ សីហនុ ដើម្បី​ជូន​ជំនួយ​សប្បុរសធម៌​ដែល​ពួកគេ​ប្រមូលបាន ថ្វាយ​សម្តេចម៉ែ ដើម្បី​ប្រើប្រាស់​នៅក្នុង​មជ្ឈមណ្ឌល​ព្យាបាល​មនុស្ស​ចាស់​ព្រះសីហនុ​រាជ។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​កូរ៉េ​ប្រចាំ​កម្ពុជា។

មជ្ឈមណ្ឌល​ព្យាបាល​មនុស្ស​ចាស់​ព្រះសីហនុ​រាជ ដែល​ស្ថិតនៅក្នុង​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​សូ​វៀត ត្រូវបាន​សាងសង់ឡើង​ក្រោម​ព្រះរាជតម្រិះ​របស់​សម្តេច​ព្រះមហាក្សត្រី មុនីនាថ សីហនុ ដើម្បី​រំ​ឮ​ក​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ។ មជ្ឈមណ្ឌល​នេះ​នឹងត្រូវ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅក្នុង​ខែតុលា​ខាងមុខនេះ។

«ដើម្បី​លើក​កំពស់​ទំនាក់ទំនង​មិត្តភាព​កូរ៉េ-កម្ពុជា ប្រជាពលរដ្ឋ​កូរ៉េ​ដែល​កំពុងស្នាក់នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងអស់​សង្ឃឹមថា​មូលនិធិ​ស្តួចស្តើង​ដែល​យើង​ខិតខំ​ប្រមូល​អស់ពី​កម្លាំងកាយ​ចិត្ត​នេះ នឹង​អាច​ចូលរួមចំណែក​ធ្វើ​ឲ្យ​មជ្ឈមណ្ឌល​ព្យាបាល​មនុស្ស​ចាស់​ព្រះសីហនុ​រាជ​ដំណើរការបាន​ជោគជ័យ»។ សេចក្តីប្រកាស​ព័ត៌មាន​សរសេរ​យ៉ាង​ដូច្នេះ។

សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់ថា ស្ថានទូត​កូរ៉េ សមាគម​កូរ៉េ​ប្រចាំ​កម្ពុជា សមាគម​សេដ្ឋកិច្ច និង​ប្រជាពលរដ្ឋ​កូរ៉េ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា បាន​ប្រមូល​ថវិកា​សប្បុរសធម៌​បាន​ចំនួន ១០៩០០ ដុល្លារ និង​ព្យ៉ា​ណូ​ឌីជីថល៣គ្រឿង។ ជំនួយ​ទាំងនេះហើយ​ដែល​លោក​ឯកអគ្គរដ្ឋទូត​កូរ៉េ ប្រធាន​សមាគម​សេដ្ឋកិច្ច​កូរ៉េ និង​ប្រធាន​សមាគម​កូរ៉េ នឹងត្រូវ​ថ្វាយ​សម្តេចម៉ែ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី៨មិថុនា​នោះ៕




© រក្សាសិទ្ធិដោយ thmeythmey.com