អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បូ​លី​វី៖ដល់ពេល​រដ្ឋ​អឺរ៉ុប​ដោះខ្លួន​ចេញពី​ឥទ្ធិពល​របស់​ចក្រពត្តិ​អាមេរិក
15, Jun 2015 , 3:52 pm        
រូបភាព

មេដឹកនាំ​រដ្ឋ​អាមេរិក​ឡាទីន បូ​លី​វី លោក Evo Morale បាន​អំពាវនាវ​ឲ្យ​បណ្តា​រដ្ឋ​នៅ​អឺរ៉ុប​ពិចារណា​ឡើងវិញ ជុំវិញ​ការបន្ត​ស្ថិតក្រោម​ឥទ្ធិពល​នយោបាយ​របស់​សហរដ្ឋអាមេរិក។ មេដឹកនាំ​នេះ​បានចាត់ទុក​អាមេរិក ជា​ប្រទេស​ចក្រពត្តិ​កំពុង​អនុវត្ត​គោលនយោបាយ​អាណានិគម​ប្រភេទ​ថ្មី ដើម្បី​ក្តោប​ក្តាប់​ពិភពលោក។ ក្រៅពី​រិះគន់​អាមេរិក លោក Morale ក៏​រិះគន់​ស្ថាប័ន​ហិរញ្ញ​វត្ថុ​លោកខាងលិច មូលនិធិ​រូបី​យ​វត្ថុ​អន្តរជាតិ​ដែរ។


មានសំឡេង៖



ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​រដ្ឋ​រុស្ស៊ី លោក Evo Morale ប្រធានាធិបតី​បូ​លី​វី បាន​ថ្លែង​រិះគន់​ក្រុង​វ៉ាស៊ីនតោន​ដោយ​ឥត​សំចៃមាត់។ លោក​បានផ្តល់​បទសម្ភាសន៍ នៅពេលដែល​លោក​កំពុងស្ថិត​ក្នុង​ទីក្រុង​ប្រ៊ុ​យ​សែ​ល ប្រទេស​បែលហ្ស៊ិក ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ប្រទេស​អឺរ៉ុប-អាមេរិក​ឡាទីន និង​រដ្ឋ​ការី​ប៊ី​ន។ រិះគន់​មិន​អស់ចិត្ត ប្រមុខរដ្ឋ​អាមេរិក​ឡាទីន​នេះ​ក៏បានផ្តល់​អនុសាសន៍​ដ​ល់ប​ណ្តា​រដ្ឋ​អឺរ៉ុប​ឲ្យ​ពិចារណា​រំដោះខ្លួន​ចេញពី​ឥទ្ធិពល​នយោបាយ​របស់ សហរដ្ឋអាមេរិក ដើម្បី​ក្លាយខ្លួនជា​រដ្ឋ​ឯករាជ្យ​ផ្នែក​នយោបាយ ដែល​អាច​សម្រេច​កិច្ចការផ្ទាល់ខ្លួន​បាន​ដោយ​សេរី។ លើសពីនេះ​លោក​ក៏បាន​សង្កត់ធ្ងន់ថា ការបង្គាប់បញ្ជា​របស់​ស្ថាប័ន​រូបិយវត្ថុ​អន្តរជាតិ​IMF ក៏​ជា​កង្វល់​មួយ​របស់​ប្រទេស​នៅ​អឺរ៉ុប​ផងដែរ។

លោក Morale បាន​ថ្លែង​ដាស់តឿន​ប្រទេស​អឺរ៉ុប​ថា ក្នុងនាម​លោក​ជា​មេដឹកនាំ​រដ្ឋ​អាមេរិក​ឡាទីន លោក​ចង់ឃើញ​ការរួបរួម​គ្នា​រវាងរ​ដ្ឋ​អឺរ៉ុប និង​រដ្ឋ​អាមេរិក​ឡាទីន ដើម្បី​រំដោះខ្លួន​ចេញពី​ការគ្រប់គ្រង​របស់​អាមេរិក  និង​ការបង្គាប់បញ្ជា​របស់​IMF ដែលជា​ស្ថាប័ន​របស់លោក​ខាងលិច​នោះ។ ក្នុង​ក្រសែភ្នែក​របស់​មេដឹកនាំ​អាមេរិក​ឡា​ទីនេះ សហរដ្ឋអាមេរិក​នៅតែ​គ្រោះថ្នាក់ ព្រោះ​អាមេរិក​រក្សា​មហិច្ឆតា​ចង់​បន្ត​ក្តោប​ក្តាប់​ពិភពលោក​ទាំងមូល ដោយ​ការអនុវត្ត​គោលនយោបាយ​ចក្រពត្តិ និង​អាណានិគម​ប្រភេទ​ថ្មី​ផងដែរ។

បូ​លី​វី និង​រដ្ឋ​អាមេរិក​ឡាទីន​មួយចំនួនទៀត អាច​រំដោះខ្លួន​ចេញពី​អំណាច​នយោបាយ​របស់​ក្រុង​វ៉ាស៊ីនតោន និង​មានលទ្ធភាព​គ្រប់គ្រង​កិច្ចការ​សេដ្ឋកិច្ចជាតិ​ដោយ​ខ្លួនឯង ដោយ​មិន​រណប​អ្នកដទៃ។ លោក​បាន​ថ្លែង​ចំអក​ថា រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​លែងមាន​លទ្ធភាព​ប្រើប្រាស់​ស្ថានទូត​របស់ខ្លួន ដើម្បី​ផ្លាស់ប្តូរ​របប ឬ​សម្រេច​កិច្ចការ​នយោបាយ​រដ្ឋ​អាមេរិក​ឡាទីន​បាន​ទៀតហើយ​បច្ចុប្បន្ននេះ។

អ្វីដែល​សំខាន់​ប្រធានាធិបតី​បូ​លី​វី បាន​ពិពណ៌នា​ពី​សារៈសំខាន់​នៃ​ការចាកចេញ​ពី​ឥទ្ធិពល​ល​នយោបាយ​អាមេរិក ដោយ​លើកឡើង​ពី​សញ្ញា​វិជ្ជមាន​ជាច្រើន នៅ​អាមេរិក​ឡាទីន។ សេដ្ឋកិច្ច​រដ្ឋ​អាមេរិក​ឡាទីន នៅតែ​បន្ត​រីកលូតលាស់ ខណៈពេលដែល​សេដ្ឋកិច្ច​នៅ​អឺរ៉ុប​ចេះតែ​ធ្លាក់ចុះ​និង​ប្រឈមមុខ​នឹង​កំណើន​អ្នកគ្មានការងារ​ធ្វើ។ វា​ល្មម​ដល់​ពេលដែល​អឺរ៉ុប​រំដោះខ្លួន​ឲ្យ​ផុតពី​អំណាច​អាមេរិក​ដូចគ្នា​ដែរ ដើម្បី​វិបុលភាព​និង​សេរីភាព​ទាំងអស់គ្នា។

សូមបញ្ជាក់ថា ចំណង​ការទូត​រវាង​អាមេរិក និង​រដ្ឋ​អាមេរិក​ឡាទីន​មិនសូវ​ប្រសើរឡើង ជាពិសេស​ជាមួយ​បូ​លី​វី និង​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា។ ទំនាក់ទំនង​ការទូត​អាមេរិក និង​បូ​លី​វី កាន់តែ​ល្អក់កករ​ខ្លាំង​ក្នុង​ឆ្នាំ២០១៣ ក្រោយ​ពេលដែល​អាមេរិក​និង​រដ្ឋ​អឺរ៉ុប​មួយចំនួន​សម្រេច​បិទ​ដែនអាកាស​ខ្លួន​មិន​ឲ្យ​យន្តហោះ​មេដឹកនាំ​បូ​លី​វី​ខាងលើ​ឆ្លងកាត់។ ពួកគេ​ចោទថា អតីតមន្ត្រី​ជាប់កិច្ចសន្យា​ភ្នាកងារ​សន្តិសុខ​ជាតិ​អាមេរិក Edward Snowden ដែល​កំពុងស្ថិត​ក្រោម​កា​រ​ចាប់ខ្លួន​ដោយ​អាជ្ញា​អាមេរិក ស្ថិតនៅលើ​យន្តហោះ​ជាមួយ​ប្រធានាធិបតី​បូ​លី​វី។ ក្រោយ​បញ្ហា​នេះ​កើតឡើង លោក Morale គំរាម​បិទ​ស្ថានទូត​អាមេរិក​នៅលើ​ទឹកដី​ខ្លួន​ផងដែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com