ជាតិ
​​​ន​យោ​បាយ​ជាតិ​
ទោះ​CNRPជំទាស់​យ៉ាងណា​ក៏​ច្បាប់​ថវិកាជាតិ​ឆ្នាំ ២០១៣ត្រូវ​សភា​អនុម័ត​ចប់
30, Jun 2015 , 3:34 pm        
រូបភាព
រដ្ឋសភា​សម្រេច​អនុម័ត « សេចក្តីព្រាងច្បាប់​ស្តីពី​ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់ ឆ្នាំ២០១៣ » កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី៣០ ខែមិថុនា​នេះ ដែលមាន​ការគាំទ្រ​ដោយ​សំឡេង ៦៧ / ១០១ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ខណៈ​មន្ត្រី​គណបក្សប្រឆាំង​ទាំងអស់​បដិសេធ​មិន​គាំទ្រ​ច្បាប់​នេះ​តាំងពីដើម​រៀងមក ។



ការអនុម័ត​សេចក្ដីព្រាងច្បាប់​នេះ ធ្វើឡើង​យ៉ាង​តឹងតែង​ដោយសារ​មន្ត្រី​គណបក្សប្រឆាំង មិន​គាំទ្រ​ចំពោះ​សេចក្ដីព្រាងច្បាប់​នេះឡើយ ។ នៅក្នុង​កិច្ចប្រជុំ​នោះ​មន្ត្រី​បក្សប្រឆាំង​បាន​រិះគន់​លើ​សេចក្ដីព្រាងច្បាប់​ថា មិនមាន​តម្លាភាព ធ្វើ​ឲ្យ​បាត់បង់​ថវិកាជាតិ មាន​អំពើពុករលួយ និង​ចំណាយ​ថវិការ​ជាតិ​ខ្ជះខ្ជាយ ខណៈ​តម្រូវការ​របស់​ប្រជាជនមាន​ច្រើន។

លោក សម រង្សី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មានប្រសាសន៍ថា លោក​មិន​គាំទ្រ​ទៅនឹង​ការអនុម័ត​លើ​សេចក្តី​ព្រា​ច្បាប់​នេះឡើយ ដោយសារ​គណបក្ស​ប្រជាជន​ជា​អ្នក​បង្កើតឡើង មិន​ការចូលរួម​ពី​គណបក្ស​លោក​កាលពី​ឆ្នាំ២០១៣កន្លងមក« យើង​អត់​បាន​ចូលរួម យើង​អត់​បាន​ដឹងលឺ យើង​មានការ​មន្ទិលសង្ស័យ​ច្រើន។ ការរៀបចំ​គ្មាន​តម្លាភាព មាន​អំពើពុករលួយ មិន​បម្រើ​ផលប្រយោជន៍​ប្រជារាស្ត្រ​ឲ្យ​បាន​ពេញលេញ មានការ​ខ្ជះខ្ជាយ ខ្ចីលុយ​ពី​បរទេស​ច្រើន ដាក់បន្ទុក​លើ​កូនចៅ​យើង​ជំនាន់​ក្រោយ​ឲ្យ​សងបំណុល ដែល​គេ​បាន​ខ្ចី​យ៉ាង​សន្ធឹកសន្ធាប់​ដូច្នេះ​យើង​មិនអាច​គាំទ្រ​បានទេ »។នេះ​ជាការ​បញ្ជាក់​របស់លោក សម រង្ស៊ី។

តែ​យ៉ាង​តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាជន នៅតែ​អន្តរាគមន៍​ការពារ​លើ​សេចក្ដីព្រាងច្បាប់​នេះ ដោយ​លើកឡើងថា សេចក្ដីព្រាងច្បាប់​នេះ គឺ​រដ្ឋាភិបាល​បាន​ពិនិត្យ និង​គិតគូ​យ៉ាងច្បាស់​លាស់ ក្នុងការ​រៀបចំ​និង​អនុវត្ត។

សេចក្តីព្រាងច្បាប់​ស្តីពី​ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់ ឆ្នាំ២០១៣  ត្រូវបាន​រដ្ឋសភា​អនុម័ត​ដោយមាន​ការគាំទ្រ សំឡេង ៦៧ / ១០១ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ពុំមាន​ការគាំទ្រ​ពី​មន្ត្រី​គណបក្សប្រឆាំង​ឡើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com