ជាតិ
សេដ្ឋកិច្ច
ពិព័រណ៍​ផលិតផល​នាំចេញ-នាំចូល និង​ខេត្ត​មួយ​ផលិតផល​មួយ​លើក​ទី១០ រៀបចំ​ធ្វើ​ចុងឆ្នាំ
15, Aug 2015 , 11:19 am        
រូបភាព
ក្រសួងពាណិជ្ជកម្ម នឹង​រៀបចំ«ពិព័រណ៍​ផលិតផល​នាំចេញ នាំចូល និង​ខេត្ត​មួយ ផលិតផល​មួយ កម្ពុជា​លើក​ទី១០កម្រិត​អន្តរជាតិ រយៈពេល៤ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី១៥ដល់ទី១៨ខែធ្នូ ខាងមុខ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ។ 


 
ព្រឹត្តិការណ៍​នេះ រៀបចំឡើង​ក្នុង​គោលបំណង​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម និង​វិនិយោគ​នៅ​កម្ពុជា ជាពិសេស​ការនាំចេញ​ដែលជា​ផ្នែក​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា។ វា​ក៏​នឹង​ផ្តល់ឱកាស​ដើម្បី​ជំរុញ​ឲ្យ​បរិយាកាស​ពាណិជ្ជកម្ម​ក្នុងស្រុក​មាន​សន្ទុះ​កើនឡើង និង​ដើម្បី​បង្កើត​ការតភ្ជាប់​ពាណិជ្ជកម្ម​ក្នុងស្រុក រវាង​រាជធានី-ខេត្ត​នៅ​ទូទាំងប្រទេស និង​រវាង​កម្ពុជា និង​ពាណិជ្ជករ​បរទេស។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម។
 
ផ្អែក​តាម​ច​ក្តី​ជូនដំណឹង​ដដែល នៅមាន​ព្រឹត្តិការណ៍​មួយចំនួនទៀត នឹងត្រូវ​រៀបចំ​នៅក្នុង​កំឡុងពេល​ពិព័រណ៍​នេះដែរ ដែល​រួមមាន​វេទិកា​ស្តីពី​វិនិយោគ និង​ធុរកិច្ច សិក្ខាសាលា​ស្តីពី​ការជំរុញ​សកម្មភាព​ពាណិជ្ជកម្ម ជំនួប​ពាណិជ្ជកម្ម និង​កម្មវិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ពាណិជ្ជកម្ម និង​វិនិយោគ​ជាដើម។ 
 
ការដាក់​តាំង​ផលិតផល​ស្រូវ-អង្ករ​កម្ពុជា និង​ជំនួប​រវាង​ពាណិជ្ជកម្ម​សម្រាប់​អ្នក​នាំចេញ​អង្ករ​កម្ពុជា ក៏​នឹង​រៀបចំ​នា​ពិព័រណ៍​រយៈ៤ថ្ងៃ​នោះដែរ៕
 

Tag:
 ខេត្ត​មួយ​ផលិតផល​មួយ
  ស្រូវ-អង្ករ​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com