កីឡាជាតិ
ជាតិ
កម្ពុជា និង​ប៊ូ​តាន់ ប៉ះគ្នា​ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​នា​វេលា​ម៉ោង៦ និង៣០នាទី​ល្ងាច​នេះ
20, Aug 2015 , 12:22 pm        
រូបភាព
ដោយ:
លោក Norio Tsokatae គ្រូបង្វឹក​ជម្រើសជាតិ​ប៊ូ​តាន់ ដែល​បាន​ដឹក​នាំមក​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ជម្រើសជាតិ​កម្ពុជា នៅវេលា​ម៉ោង ៦:៣០ នាទី​ថ្ងៃ​ព្រហស្បតិ៍ ទី ២០ ខែ សីហា ឆ្នាំ ២០១៥ នេះ​នៅ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ យល់ថា​នេះ​បទពិសោធន៍​សម្រាប់​ក្រុម​លោក​មុន​ប្រកួត​ផ្លូវ​ការមកដល់។

 
លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ម្សិលមិញ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ លោកគ្រូ​បង្វឹក​ជនជាតិ​ជប៉ុន​រូបនេះ​យល់ថា​ជា​ឱកាសល្អ​សម្រាប់​ក្រុម​លោក​ពេលដែល​បាន​ប្រកួត​ជាមួយ​ក្រុម​ដែលមាន​ការអភិវឌ្ឍន៍​លឿន​ដូចជា​ក្រុម​ជម្រើសជាតិ​កម្ពុជា។ លោក​បន្ថែមថា ជម្រើសជាតិ​លោក​ប្រមូលផ្ដុំ​តាំងពី​ខែ មីនា ដើមឆ្នាំ​មកម្ល៉េះ ប៉ុន្តែ​ត្រូវ​រំសាយ​ទៅវិញ​ព្រោះ​កីឡាករ​ត្រូវ​ជួយ​ក្លិប​របស់ខ្លួន​ក្នុង​លី​កនៅ​ប្រទេស​ប៊ូ​តាន់។ អំឡុងពេល​រំសាយ​លោក​ក៏បាន​កោះហៅ​កីឡាករ​ហ្វឹកហាត់​រួមគ្នា​ឡើងវិញ​រៀងរាល់ ១ សប្ដាហ៍​ជាប្រចាំ។ 
ចំណែក​លោកគ្រូ​បង្វឹក Lee Tae Hoon របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​វិញ​គិតថា នេះ​ក៏​ជា​ឱកាសល្អ​សម្រាប់​ក្រុម​កម្ពុជា​ដែរ សម្រាប់​ប្រកួត​មិត្តភាព​នេះ ហើយ​កម្ពុជា​នឹង​ប្រឹង​ឱ្យ​អស់ពី​លទ្ធភាព​ក្នុងការ​ប្រកួត​នេះ។ បុរស​ជនជាតិ​កូរ៉េខាងត្បូង​បន្ថែមថា៖ «ខ្ញុំ​បាន​មើល​វីដេអូ​របស់​ក្រុម​ប៊ូ​តាន់ រួចហើយ​ទាំង​ប្រកួត​ជាមួយ ស្រីលង្កា ហុងកុង ជាពិសេស​ប្រកួត​ចុងក្រោយ​ជាមួយ​ក្រុម​ជម្រើស​ជាតិចិន ព្រមទាំង​មាន​ទម្រង់​លេង​ដ៏​ល្អ​ទោះបីជា​ចាញ់​ក៏ដោយ»។ 
ក្រុម​កម្ពុជា​ដែលមាន​សមាជិក​ចំនួន ២៤ នាក់​បាន​ប្រមូលផ្ដុំ​កាលពី​ថ្ងៃ​ច័ន្ទ​ដើម​សប្ដាហ៍​កន្លងទៅ ដោយ​ស្នាក់នៅ​សណ្ឋាគារ​មួយកន្លែង​ក្នុង​រាជធានី​ភ្នំពេញ ព្រមទាំង​ហ្វឹកហាត់​នៅ​ពហុ​កីឡដ្ឋាន ជាតិ។ក្រុម​កម្ពុជា ត្រូវ​អវត្តមាន​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម ព្រោះ​បញ្ហា​របួស​ក្រលៀន ស្របពេល​កីឡាករ ឈុន សុធា​រ័ត្ន, នេន សុធា​រ័ត្ន, ហួយ ផល្លី​ន និង ខ្សែការពារ សឿ​យ វិសាល ស្ថិតក្នុង​បញ្ជី​របួស​នៅឡើយ។ 
 
ជម្រើសជាតិ​ប៊ូ​តាន់ ប្រកួត​កម្ដៅ​សាច់ដុំ​ត្រៀម​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក 2018 FIFA World Cup Russia ប្រចាំ​ទ្វីបអាស៊ី ក្នុង​ពូ​ល C ជាមួយ​មហា​យក្ស​ចិន  ហុងកុង កាតារ និង ម៉ា​ល់​ឌី​វ។ ចំណែក​ក្រុម​ជម្រើសជាតិ​កម្ពុជា ស្ថិតនៅ​ពូ​ល E ជាមួយ​ជប៉ុន, ស៊ី​រី, អា​ហ្វ​ហ្គា​នី​ស្ថាន និង សិង្ហ​បុរី ។ 
 
ទូរទស្សន៍​បាយ័ន​ព័ត៌មាន​ទទួល​សិទ្ធិ​ផ្សាយ​ផ្ទាល់​ក្នុងការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នេះ ស្របពេល​អ្នក​ចង់​ចូល​ទស្សនា​នៅ​ទីលាន​ប្រកួត​ផ្ទាល់​ត្រូវ​ជាវ​សំបុត្រ តម្លៃ ៨ ពាន់​រៀល និង ២ ម៉ឺន​រៀល។ 
 
តើ​កម្ពុជា ឬ ប៊ូ​តាន់ អាច​យកឈ្នះ​ក្នុង​ប្រកួត​មិត្តភាព​អន្តរជាតិ​ដែល​នឹង​ចាប់ផ្ដើម​ពី​ម៉ោង ៦:៣០ ល្ងាច​នេះ​ទៅ?
 

Tag:
 ជម្រើសជាតិ​កម្ពុជា
  World Cup 2018
© រក្សាសិទ្ធិដោយ thmeythmey.com