ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន សែន បាន​លួច​ប្តេជ្ញាលាលែងពីតំណែង បើសិនជាផែនទីបោន ខុសពីផែនទីរដ្ឋាភិបាល
08, Sep 2015 , 5:16 pm        
រូបភាព
នៅរសៀល​ថ្ងៃទី​៨​កញ្ញានេះ ទូរទស្សន៍​ជាតិកម្ពុជា​បាន​ផ្សាយពី​ការ​ពន្យល់របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន អំពី​បញ្ហា​ផែនទី។ បើតាម​ការ​អះអាង​របស់​លោក​នាយករដ្ឋមន្ត្រី បើសិនជា​ផែនទីកម្ពុជា​ដែលបារាំង​ឲ្យ​កម្ពុជាខ្ចី​កាលពី​ថ្ងៃទី​៣​កញ្ញាសប្តាហ៍​មុន​នោះ ខុសពី​ផែនទី​ផ្លូវការ​ដែល​រដ្ឋាភិបាល​របស់​លោក​បាន​ប្រើប្រាស់ជាមួយប្រទេស​វៀតណាម​ដើម្បី​កំណត់ព្រំដែននោះ នោះ​លោក​នឹង​បានប្រកាស​លាលែង​ពីតំណែង ហើយបញ្ចប់តួនាទីជានាយករដ្ឋមន្ត្រី​កម្ពុជា​បាត់ទៅហើយ។



លោក​ ហ៊ុន សែន បាន​និយាយ​យ៉ាង​ដូច្នេះថា៖«ខ្ញុំ​បានប្តេជ្ញាចិត្តហើយថា បើផែនទី​បារាំង​ខុសគ្នា​ពី​ផែនទីដែលចុះហត្ថលេខាជាមួយ​វៀតណាម ខ្ញុំ​នឹង​ប្រកាស​លាលែង​ពី​តំណែង​ភ្លាម មិនធ្វើជានាយករដ្ឋមន្ត្រីតទៀតទេ។ ហើយខ្ញុំ​នឹង​ចូលទៅក្នុង​មន្ទីរឃុំឃាំង​ដើម្បី​រង់ចាំ​តុលាការ​កាត់ទោស។ ព្រោះវាជា​ការ​ទទួលខុសត្រូវ​ចំពោះ​មុខប្រវត្តិសាស្ត្រ។ ហ៊ានស៊ី ហ៊ានសង ចិត្តជាកូនប្រុស»។

លោក ហ៊ុន សែន ដែលបាន​ស្ថិតនៅក្នុង​តំណែងនាយករដ្ឋមន្ត្រី​កម្ពុជាតាំងពី​ឆ្នាំ​១៩៨៥នោះ បាន​អត្ថាធិប្បាយ​ថា ការ​លួច​តាំងចិត្ត​ចេញពី​តំណែងនេះ គឺ​ជា​ការ​ប្រថុយប្រថាន​ខ្លាំង​ណាស់​​សម្រាប់​ជីវិត​នយោបាយ​របស់​លោក ហើយដែលលោក​បាន​មិន​បាន​ឲ្យ​ភរិយា កូន និង​សមាជិក​គណបក្សដឹងឡើយនោះ។

នៅពេលនេះ នៅពេលដែល​ផែនទី​កម្ពុជា​ដែល​បារាំង​គូស បាន​ដូចគ្នា​ជាមួយនឹង​ផែនទី​ដែល​រដ្ឋាភិបាល​របស់​លោក​បានប្រើប្រាស់ដើម្បីកំណត់ព្រំដែនជាមួយវៀតណាមហើយនោះ វាប្រាកដជាដល់ពេលដែល​ប្រមុខរដ្ឋាភិបាល​ត្រូវតបត​ទល់នឹង​ក្រុមប្រឆាំងលោក​ក្នុង​សំណុំរឿងព្រំដែនហើយ។ លោក ហ៊ុន សែន បានព្រមាន​ចាត់វិធានការ​លើ​អ្នកដែលចោទ​ប្រកាន់​រដ្ឋាភិបាលប្រើផែនទីក្លែងក្លាយ៕



Tag:
 ហ៊ុន សែន
  ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com