ជាតិ
អាជ្ញាធរ​បន្ត​ឃាត់​ខ្លួន​វៀតណាម​ខុសច្បាប់ និង​ត្រៀម​បណ្តេញចេញ​នៅ​សប្តាហ៍​ក្រោយ
19, Sep 2015 , 4:45 pm        
រូបភាព

ជនអន្តោប្រវេសន៍​វៀតណាម ចំនួន ៧នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ស្ថិ​ន​នៅ​សង្កាត់​ស្រះចក ខណ្ឌដូនពេញ កាលពី​ថ្ងៃទី១៨ ខែកញ្ញា ម្សិលមិញ។ ជនជាតិ​វៀតណាម​ទាំង ៧នាក់​នេះ អាច​នឹង​ត្រូវបាន​បណ្តេញ​ចេញពី​កម្ពុជា នៅ​ថ្ងៃ​សប្តាហ៍​ក្រោយ។ នេះ​ជាការ​បញ្ជាក់​របស់លោក អ៊ុក ហៃ​សីលា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ។



បើតាម​លោក អ៊ុក ហៃ​សីលា ជនជាតិ​វៀត​ណា​ចំនួន ៧នាក់ ដែល​លួច​ស្នាក់នៅ និង​រកស៊ី​ដោយ​ខុសច្បាប់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន នៅ​យានដ្ឋាន​ជួសជុល​រថយន្ត សង្កាត់​ស្រះចក ខណ្ឌដូនពេញ។ នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បាន​បញ្ជូន​ជនជាតិ​វៀតណាម​ទាំងនោះ​ទៅកាន់​អគ្គនាយដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ធ្វើការ​សាកសួរ​ចម្លើយ។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «ជនជាតិ​វៀតណាម​ទាំងនោះ​គឺ​សុទ្ធតែជា​បុរស​ទាំងអស់ ហើយ​ពួកគេ​ធ្វើការ​ជាជាង​បាញ់ថ្នាំ និង​ជួសជុល​រថយន្ត។ ពួកគេ​មក​រស់នៅ​ដោយ​គ្មាន​លិខិតផ្លូវការ​អ្វី​ទាំងអស់។ ដូច្នេះ​យើង​អាច​នឹង​បណ្តេញ​ពួកគេ​ចេញពី​កម្ពុជា​នៅ​ថ្ងៃ​ចន្ទ ឬ​ថ្ងៃ​អង្គារ ដើម​សប្តាហ៍​ក្រោយ បន្ទាប់ពី​ក្រសួងមហាផ្ទៃ​សម្រេច​ថា​បណ្តេញចេញ»។
 
កាលពី​កន្លងទៅថ្មីៗនេះ ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​រូបនេះ ក៏​ធ្លាប់​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​ជួយ​សហការ​ជាមួយ សមត្ថកិច្ច ក្នុងការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម ដែល​លួច​មក​ស្នាក់នៅ និង​រកស៊ី​ដោយ​ខុសច្បាប់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ លោក​ស្នើឡើង​ដូច្នេះ​ថា៖ «យើង​ចង់​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប ជួយ​រាយការណ៍​ជូន​កម្លាំង​គន​របាល ប្រសិនបើ​ពួកគាត់​បានដឹងថា មាន​ជនជាតិ​វៀតណាម កំពុង​រស់នៅ​កន្លែង​ណា ដោយ​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន ឬក៏​ឯកសារ​ត្រឹមត្រូវ​នោះទេ»។
 
សូមបញ្ជាក់ថា ជនអន្តោប្រវេសន៍​ខុសច្បាប់​សរុប​ទាំងអស់ ៤៦ជនជាតិ មាន​ចំនួន១៨២៥នាក់​នាក់ (ស្រី២៥៦នាក់) ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​បណ្តេញ​ចេញពី​កម្ពុជា ដោយ​គិត​ត្រឹម​រយៈពេល ៩ខែ នៅ​ឆ្នាំ២០១៥នេះ។ ក្នុងចំណោម​ជនអន្តោប្រវេសន៍​ទាំងនោះ មាន​ជនជាតិ​វៀតណាម​ចំនួន១៦៤១នាក់ (ស្រី២៤៣នាក់)៕



Tag:
 ជនអន្តោប្រវេសន៍
© រក្សាសិទ្ធិដោយ thmeythmey.com