ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក អ៊ូ វីរៈ៖ បក្សនយោបាយ​ថ្មី​មាន​ច្រើនតែ​សារ​នយោបាយ​នៅ​ដដែល
07, Oct 2015 , 8:19 am        
រូបភាព
ដោយ:
វ៉ាស៊ីនតោន៖ គណបក្សនយោបាយ​ចំនួន​បួន​ត្រូវបាន​បង្កើតឡើង​ក្នុងពេលថ្មីៗនេះ​ប៉ុន្តែ​ប្រហែលជា​នឹងមាន​ការពិបាក​ក្នុងការ​ប្រកួតប្រជែង​ជាមួយនឹង​គណបក្សធំៗដែល​កំពុងមាន​ឥទ្ធិពល​ក្នុង​ឆាកនយោបាយ​នៅ​កម្ពុជា។ នេះ​បើតាម​ការលើកឡើង​រប​ស់​អ្នកវិភាគ​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃ​ច័ន្ទ។




លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត​ដែលជា​អង្គការ​ស្រាវជ្រាវ​គោលនយោបាយ​មើលឃើញថា កត្តា​គោលនយោបាយ​ជាន់គ្នា រូបមន្ត​បោះឆ្នោត​ដ៏​ស្មុគស្មាញ ធនធានមនុស្ស​និង​ធនធាន​ហិរញ្ញវត្ថុ​នឹង​ក្លាយជា​ចំណុច​រាំងស្ទះ​ដល់​ការឈាន​ឡើង​របស់​គណ​បក្ស​ទាំងនោះ។

«បើតាម​ការ​ទាយ​គណបក្ស​ទើប​បង្កើត​ថ្មី​មួយចំនួន​ប្រហែលជា​មិនអាច​បន្ត​ឈាន​រហូតដល់​ការ​ឈរឈ្មោះ បំពេញបែបបទ​ដើម្បី​ដាក់​បេក្ខជន​ឈរឈ្មោះ​នៅក្នុង​ការបោះឆ្នោត២០១៧ ២០១៨នេះ​ទេ។ ជាទូទៅ​យើង​ឃើញ​មាន​គណបក្ស​ចាប់ផ្តើម​បង្កើត​ប៉ុន្តែ​ដល់ពេល​បោះឆ្នោត​គឺ​ការដាក់​បេក្ខជន​គឺជា​ការ​ប្រឈម​មួយ​ហើយ​បញ្ហា​មួយទៀត​ទាក់ទង​នឹង​ការគ្រប់គ្រង​ថវិកា បញ្ហា​ពាក់ព័ន្ធ​ធនធានមនុស្ស ពាក់ព័ន្ធ​រចនាសម្ព័ន្ធ​បក្ស សុទ្ធតែជា​រឿង​ប្រឈម​នៃ​គណបក្សតូចៗទាំង​អ​ស‍់»។

គណបក្ស​ដែល​ទើបបាន​បង្កើត​នៅក្រោយពី​ការបោះឆ្នោតជាតិ​ឆ្នាំ២០១៣ មាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ គណបក្ស​អំណាច​ខ្មែរ និង​គណបក្ស​ខ្មែរ​សាមគ្គី។

រូបមន្ត​បែងចែក​អាសនៈ​នាពេល​បច្ចុប្បន្ន​គឺ​យក​មធ្យមភាគ​ខ្ពស់បំផុត ដែល​លោក អ៊ូ វីរៈ​យល់ថា​បើសិន​ជាយ​ក​រូបមន្ត​ដែល​អង្គការសហប្រជាជាតិ​ធ្លាប់ប្រើ​កាលពី​ការបោះឆ្នោតជាតិ​ឆ្នាំ១៩៩៣ គឺ​យក​សំណល់​ទៅ បែងចែក​ឱ្យ​គណបក្ស​មិនទាន់បាន​អាសនៈ​គឺ​គណបក្សតូចៗអាចមាន​លទ្ធភាព​ទទួល​បាន​អាសនៈ។

ការដាក់ចេញ​នូវ​គោលនយោបាយ​នៅតែ​ជា​បញ្ហា​ដែល​គណបក្សនយោបាយ​ក្នុងប្រទេស​កម្ពុជា​ទាំងថ្មី​និង​ចាស់​ជួបប្រទះ​និង​ពិបាក​ជម្នះ​បាន។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​អ៊ូ វីរៈ។

លោក​យល់ថា​គណបក្ស​ទាំងនោះ​មានតែ​សារ​នយោបាយ​ដែល​តម្រូវ​តាមចិត្ត​អ្នកបោះឆ្នោត​ជាជាង​គោលនយោបាយ​ពិតប្រាកដ​ហើយ​ហាក់ដូច​ជាមាន​លក្ខណៈ​ជាន់គ្នា​រវាង​គណបក្សនយោបាយ​ចាស់​និង​នយោបាយថ្មី។

លោក​បាន​បន្ថែមថា៖«ទាក់ទង​នឹង​សារ​នយោបាយ​នេះ​អត់​ទាន់​មាន​អ្នក​ណាមួយ​ចិត្តសឿង​ទេ។ ឧទាហរណ៍​គេ​សួរ​កសិករ ថា​ដើម្បី​ជួយ​កសិករ​ធ្វើ​ម៉េច? ចម្លើយ​ភាគច្រើន​ទាំងអស់គ្នា​ថា​ចង់​ជួយ​កសិករ​គឺ​ជួយ​ឱ្យធ្វើ​កសិកម្ម​បាន​ផល​ជាង​មុន ។ នេះ​ជា​ចម្លើយ...ប៉ុន្តែ​តាមពិត​គឺ​អត់​អញ្ចឹងទេ​កសិករ​ខ្លះ​គាត់​អត់​ចង់ឱ្យ​កូន​គាត់​ធ្វើ​កសិកម្ម​ទេ គាត់​ចង់ឱ្យ​កូន​គាត់​ធ្វើការ​នៅ​ធនាគារ»។

គណបក្សនយោបាយ​ថ្មី​ខ្លះ​ក៏​នៅតែ​លើកឡើង​ពី​ចំណុច​ជាតិនិយម​ដែល​គណបក្ស​ចាស់​ធ្លាប់​លើកឡើង​ជាច្រើន​ដូចជា​បញ្ហា​ព្រំដែន​ជាមួយនឹង​ប្រទេស​វៀតណាម​និង​ទឹកដី​ដែល​បាន​បាត់បង់​ជាដើម។

លោក វីរៈ យល់ថា​គណបក្សនយោបាយ​ថ្មី​គួរតែមាន​សារ​នយោបាយ​ថ្មី​ដែល​ខុសប្លែក​ពី​គណបក្សមុនៗដើម្បី​អាច​ទាក់ទាញ​អ្នកបោះឆ្នោត​បាន៖
«សារ​នយោបាយ​ខ្លះ​គឺជា​សារ​នយោបាយ​ដោយផ្ទាល់​បានន័យថា យើង​ឃើញ​ប្រជាពលរដ្ឋ​ជា​កសិករ​ដល់​យើង​ចង់​ជួយ​គាត់​គឺ​ជួយ​គាត់​ឱ្យបាន​កសិផល​ច្រើនជាង​មុន​ប៉ុន្តែ​សារ​នយោបាយ​ខ្លះ​គឺ​មិនមែនជា​ការគិត​ចំត្រង់ៗគឺជា​សារ​នយោបាយ​មួយ​ជា​ទស្សនវិស័យ​ដែល​មិន​គិត​ចំ​ត្រង់​ប៉ុន្តែ​អាច​ទាក់ទាញ​ផងដែរ​ហើយ​គណបក្សតូចៗគាត់​មានឱកាស​ក្នុង​ការដែល​គាត់​អាច​លេចធ្លោ​បាន​បើសិនជា​គាត់​មាន​សារ​នយោបាយ​ដែល​អាច​ច្នៃប្រឌិត​ជា​សារ​នយោបាយ​ដែល​បាន​ឃោសនា៤ ឬ ៥អាណត្តិ​កន្លងមក​ហើ​យ‍»។

យ៉ាងណាក៏ដោយ​លោក​យល់ថា​ការ​មាន​គណបក្សនយោបាយ​ច្រើន​ជាការ​ផ្តល់​សិទ្ធិ​ដល់​អ្នកបោះឆ្នោត​កាន់​តែមាន​ជម្រើស​ច្រើន​បើទោះបីជា​រូបមន្ត​បែងចែក​អាសនៈ​នាពេល​បច្ចុប្បន្ន​ហាក់ដូចជា​ធ្វើឱ្យ​ពួកគេ​មើលទៅ​ដូចជា​អ្នក​មក​បំបែក​សំឡេង​ពី​គណបក្ស​ដែល​មក​ប្រកួត​នឹង​បក្ស​កាន់អំណាច​ក៏ដោយ។

ប្រទេស​កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​ឃុំ-សង្កាត់​នៅ ឆ្នាំ២០១៧និង​បោះឆ្នោតជាតិ​នៅ​ឆ្នាំ២០១៨៕

សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ


Tag:
 លោក អ៊ូ វីរៈ
  បក្ស
© រក្សាសិទ្ធិដោយ thmeythmey.com