បទយកការណ៍ / បទសម្ភាសន៍
តើ​លើ​លោក​នេះ ពិត​ជាមាន​ខ្មោច​មែន​ទេ​?
08, Nov 2015 , 7:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ​ភាពយន្ត​ខ្មែរ និង​ភាពយន្ត​បរទេស​មួយចំនួនធំ បាន​ផលិត ភាពយន្ត​រឿង​ខ្មោច​ជាច្រើន ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព​ពី​សំណាក់​អ្នកទស្សនា​។ លើសពីនេះ ប្រជាជន​មួយចំនួន​បាន​អះអាងថា ពួកគាត់​ធ្លាប់​បានឃើញ​ខ្មោច ឯ​មួយចំនួនទៀត​បាន​អះអាងថា មិនដែល​ឃើញ​ខ្មោច​នោះទេ​។ ប៉ុន្តែ​ប្រជាជន ទូទៅ​បាន​សម្តែង​អារម្មណ៍​ថា ខ្លាច​ខ្មោច បើទោះបីជា​មិន​ធ្លាប់​ឃើញ​ក៏ដោយ​។ តើ​លើ​លោក​នេះ ពិតជា​មាន​ខ្មោ​ដែរឬទេ​?



​សូម​អញ្ជើញ​ស្តាប់​បទ​យកការណ៍​រប​ស់លោក រ៉ឹ​ម ភា​រី​៖



​ខ្មោច ត្រូវបាន​មនុស្ស​ស្ទើរ​គ្រប់រូប ធ្លាប់បាន​ស្គាល់ និង​បានលឺ តាមរយៈ​ខ្សែភាពយន្ត និង​ជួបប្រទះ​ដោយផ្ទាល់​។ អ្នក​មិនដែល​ជួប​ខ្មោច ប្រក​ដ​ជា​ពុំបាន​ជឿថា​មាន​ខ្មោច តែ​មនុស្ស​ខ្លះ ទោះបីជា​មិនដែល​ជួប ក៏​នៅតែមាន​អារម្មណ៍​ថា ខ្លាច​ខ្មោច​។

​អ្នកស្រី សក សុខា ដែលជា​មនុស្ស​ម្នាក់​ដែល​ធ្លាប់​ខ្មោចលង បាន​និយាយ​រៀបរាប់​ពី​ព្រឹត្តិការណ៍​ដ៏​ព្រឺ​ឆ្អឹងខ្នង​នេះ​ថា អ្នកស្រី​ធ្លាប់​ខ្មោច​និយាយ​ដាក់​ត្រចៀក នៅពេល​អ្នកស្រី​គេង​មិនទាន់​លក់​។ លើសពីនេះ អ្នកស្រី​ក៏ត្រូវ​ខ្មោច​ស្រែកប្រាប់ ពេល​អ្នកស្រី​គេង​លើ​ដៃ​ខ្មោច​នៅក្នុង​ខ្ទម​មួយ​«​កាល​ជំនាន់​រដ្ឋ​កម្ពុជា ខ្ញុំ​យាម​ដល់​យប់ គ្រាន់តែ​ដល់​ម៉ោង ចូលដេក ខ្ញុំ​ដេក​ភ្លាម​ក៏​លឺ​សំឡេង ដេក​លើ​ដៃ​អញៗ ពេលនោះ​ខ្ញុំ​ក៏​រត់​ចូល កន្លែង​បងប្រុស​ខ្ញុំ ហើយ​ខ្ញុំ​បែកញើស​ប៉ិនៗ​គ្រាប់ពោត​»​។ មិន​ត្រឹមតែ​លង​ត្រឹម​អ្នកស្រី​នោះទេ ខ្មោច​បាន​លង​ឪពុក​របស់​អ្នកស្រី នៅពេល​ឪពុក​អ្នកស្រី​ទៅ​ដាក់​ទ្រូ​ពេល​ទៀបភ្លឺ​។ កើត​នៅ​ក្នុងសម័យ​សង្គមរាស្ត្រនិយម អ្នកស្រី​បាន​បន្ថែមទៀតថា «​ពេល​គាត់​ទៅ​ដាក់​ទ្រូ គាត់​ទៅជា​មួយ​លោកតា​ខ្ញុំ គាត់​ដើរ​បែក​គ្នា គ្រាន់តែ​ដើរមក​ជួបគ្នា​វិញ ឪពុក​ខ្ញុំ​ឃើញ​ឆ្កែ ហើយ​គាត់​ក៏​វ៉ៃ​ឆ្កែ តែ​ពេល​វ៉ៃ​ទៅ ស្រាប់តែ​តា​ខ្ញុំ​ស្រែក​អូយៗ អ្ហែង​វ៉ៃ​អញ​»​។ ជា​អ្នករស់នៅ​ខេត្តកណ្តាល អ្នកស្រី​បាន​បន្ថែមថា អ្នកស្រុក​របស់​អ្នកស្រី ក៏​ត្រូវបាន​ខ្មោចលង ជា​ញឹកញាប់​ផងដែរ «​ពេល​ទៅ​ឆ្លុះត្រី ពួកគេ​ដេញ កាប់ៗ រហូតដល់​ដំបូក ជួនកាល​ដល់​ផ្នូរខ្មោច​ក៏មានដែរ ហ្នឹង​ខ្មោច​វា​បន្លំ​ធ្វើ​ត្រី​»​។​

​កញ្ញា តាន់ គឹម​ហឿង ជា​និស្សិត​មកពី​សាកលវិទ្យាល័យ​អន្តរជាតិ បាន​និយាយថា នាង​ជឿថា លើ​លោក​នេះ ពិត​ជាមាន​ខ្មោច​មែន ពីព្រោះ​នាង​ធ្លាប់​ឃើញ មនុស្ស​ចូល​រូប នៅពេល​មានកម្ម​វិធី​លេង​អារក្ស​។ វ័យ​២៣ កញ្ញា​មកពី​ខេត្តបន្ទាយមានជ័យ​រូបនេះ បាន​និយាយថា​« ខ្ញុំ​ជឿថា​មាន​ខ្មោច ពីព្រោះ​ខ្ញុំ​ធ្លាប់​ឃើញ​គេ​ចូល​រូប មើលទៅ​ហាក់ដូចជា មែនទែន​ចឹ​ង​»​។​

​រីឯ​កញ្ញា ហេង គីម​ឡេង ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​អន្តរជាតិ បាន​និយាយ​ដោយ​ត្រង់ៗ​ថា នាង​មិនដែល​ធ្លាប់​ជួប​ខ្មោច​នោះ ប៉ុន្តែ​កញ្ញា​នៅតែមាន​អារម្មណ៍​ថា ខ្លាច​ខ្មោច​។ និស្សិត​មកពី​ខេត្តកណ្តាល​រូបនេះ បាន​និយាយថា ទោះបី​មិនដែល​ឃើញ​ខ្មោច តែ​នាង​មិន​ហ៊ាន​ដើរ​ពេលយប់​តែម្នាក់ឯង​នោះទេ​។ វ័យ​២១​ឆ្នាំ គីម​ឡេង​បាន​បន្តថា​« ទោះ​ខ្ញុំ​មិន​ធ្លាប់​ឃើញ​វា​ផ្ទាល់ តែ​ខ្ញុំ​មើល​ក្នុង​ភាពយន្ត​ឃើញថា រូបរាង​វា គឺ​អាក្រក់ មាន​ភ្នែក​ធ្លាក់ សក់វែង មើលទៅ​គួរ​ឲ្យ​ខ្លា​ចណាស់​»​។​

​ចំណែក លោក ផាន់ ចាន់​ពៅ ជា​សាស្ត្រាចារ្យ​ផ្នែក​ចិត្តវិជ្ជា និង​ជា​អ្នកជំនាញ​ព្យាបាល​ជំងឺផ្លូវចិត្ត បាន​លើកឡើងថា ខ្មោច​មាននៅ​ក្នុង​ចិត្ត​មនុស្ស ប្រសិនបើ​មនុស្ស​ជឿថា​មាន​ខ្មោច ប៉ុន្តែ​បើ​ក្នុង​ចិត្ត​មនុស្ស​គ្មាន​អារម្មណ៍​ខ្លាច​ខ្មោច នោះ​ពួកគេ​គិតថា គ្មាន​ខ្មោច​នោះទេ​។ លោក​សាស្ត្រាចារ្យ​បាន​បន្ថែមថា ការខ្លាច​ខ្មោច ភាគច្រើន គឺ​ចេញពី​ភាពយន្ត​ខ្មោច​។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ការដែល​មនុស្ស​ខ្លាច​ខ្មោច គឺ​ដោយសារតែ​ភាពយន្ត​ខ្មោច គេ​តុបតែង​តួអង្គ​ឲ្យ​មាន​រូបរាង​អាក្រក់ៗ ប្រសិនបើ​តួអង្គ​ជាម​នុស្ស​ស្អាត ដូច​មនុ​ស្សរស់ នោះ​ប្រហែលជា​គ្មាន​នរណា​ខ្លាច​ខ្មោច​នោះទេ​»​។​

​ចំពោះ​សំណួរ​ដែលថា តើ​លើ​លោក​នេះ​ពិត​មាន​ខ្មោច​ដែរឬទេ​? សម្រាប់​អ្នកជំនាញ​ផ្នែក​ចិត្តវិជ្ជា​រូបនេះ បាន​អះអាងថា លោក​មិន​ជឿថា មាន​ខ្មោច​នោះទេ ហើយ​លោក​ក៏​មិន​ខ្លាច ខ្មោច​នោះដែរ ពីព្រោះ នៅពេល​មនុស្ស​ស្លាប់ទៅ មនុស្ស​ពុំបាន​បន្សល់ទុក​នូវ​ព្រលឹង​នោះទេ គឺ​នៅពេល​មនុស្ស​ស្លាប់ ព្រលឹង​ក៏​សាបសូន្យ​ទៅជា​មួយ​រាងកាយ​ដែរ «​កាលពី​ខ្ញុំ​នៅ​ជា​កុមារភាព​ដូច​គេ​ដូច​ឯង ខ្ញុំ​ជឿថា​មាន​ខ្មោច មានព្រលឹង ប៉ុន្តែ​នៅពេល​ខ្ញុំ​បាន​ចូលរៀន​នៅ​នៅ​ឧ​ត្ត​មសិ​ក្សា​ផ្នែក​ចិត្តវិជ្ជា ខ្ញុំ​ជឿថា មនុស្ស​នៅពេល​ស្លាប់​គឺ​ព្រលឹង​ក៏​មិន​នៅ​ដែរ​» ។ លោក​បន្ថែមថា «​សម្រាប់​ខ្ញុំ គឺ​ខ្ញុំ​មិន​ជឿថា​មាន​ខ្មោច​ទេ ព្រោះ​នៅក្នុង​មេរៀន​ចិត្តវិជ្ជា​គេ​បានបញ្ជាក់​ច្បាស់​ថា នៅពេល​យើង​មើលឃើញ​ខ្មោច បានន័យថា យើង​កំពុង​តែមាន​ជម្ងឺផ្លូវចិត្ត​ហើយ​»៕


© រក្សាសិទ្ធិដោយ thmeythmey.com