ជាតិ
តើសិទ្ធិមនុស្សជាអ្វី? 
×![]()
ភ្នំពេញ៖ មនុស្សគ្រប់រូបកើតមកមានសិទ្ធិស្មើៗគ្នា តែសិទ្ធិនោះ ត្រូវបានកំណត់ដោយច្បាប់ជាតិ និងអន្តរជាតិ រួមមាន រដ្ឋធម្មនុញ្ញ ច្បាប់ សន្ធិសញ្ញា អនុសញ្ញា និងកតិកាសញ្ញា ជាដើម។ តើសិទ្ធិមនុស្សជាអ្វី?
តាមមាត្រា ២ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស មនុស្សម្នាក់ៗអាចប្រើប្រាស់សិទ្ធិ និងសេរីភាពទាំងអស់ដែលមានចែងក្នុងសេចក្តីប្រកាសនេះ ដោយគ្មានការប្រកាន់បែងចែក បែបណាមួយ មានជាអាទិ៍ ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា សាសនា មតិនយោបាយ ឬមតិផ្សេងៗទៀត ដើមកំណើតជាតិ ឬសង្គម ទ្រព្យសម្បត្តិ កំណើត ឬស្ថានភាពដទៃៗទៀតឡើយ។ លើសពីនេះ បុគ្គលគ្រប់រូបមិនត្រូវធ្វើការប្រកាន់បែងចែកណាមួយ ដោយសំអាងទៅលើឋានៈខាងនយោបាយ ខាងដែនសមត្ថកិច្ច ឬខាងអន្តរជាតិរបស់ប្រទេស ឬដែនដីដែល បុគ្គលណាម្នាក់រស់នៅ ទោះបីជាប្រទេស ឬដែនដីនោះ ឯករាជ្យក្តី ស្ថិតក្រោមអាណាព្យាបាលក្តី ឬគ្មានស្វ័យគ្រប់គ្រងក្តី ឬស្ថិតក្រោមការដាក់កម្រិតផ្សេងទៀតណាមួយដល់អធិបតេយ្យភាពក្តី។
មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័ត និងប្រកាសសេចក្តីប្រកាសជាសកលស្តីពី សិទ្ធិមនុស្ស នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៤៨។ មហាសន្និបាត UN ប្រកាសថា សេចក្តីប្រកាសជាសកលស្តីពី សិទ្ធិមនុស្សនេះ ជាឧត្តមគតិរួមដែលរដ្ឋទាំងអស់ត្រូវធ្វើឲ្យបានសម្រេច ដើម្បីឲ្យបុគ្គលគ្រប់ៗរូប និងអង្គការសង្គមទាំងអស់ រក្សាខ្ជាប់ជានិច្ចក្នុងស្មារតីរបស់ខ្លួននូវសេចក្តីប្រកាសនេះ។
ជាងនេះទៀត មហាសន្និបាត UN បានបង្គាប់រាល់ប្រទេសហត្ថលេខីទាំងអស់ ខិតខំប្រឹងប្រែងធានាឲ្យមានការទទួលស្គាល់ និងការអនុវត្តសិទ្ធិមនុស្សជាសកលប្រកបដោយប្រសិទ្ធភាពនូវសិទ្ធិ និងសេរីភាពដល់ប្រជាពលរដ្ឋ នៃរដ្ឋសមាជិក និងប្រជាពលរដ្ឋដែនដីដែលស្ថិតក្រោមដែនសមត្ថកិច្ចនៃរដ្ឋទាំងនោះ ស្របតាមវិធានការជាតិ និងអន្តរជាតិ។
មនុស្សមានសិទ្ធិជាមូលដ្ឋាន រួមមាន សិទ្ធិមានជីវិតរស់នៅ សេរីភាពរបស់បុគ្គល សន្តិសុខ សេរីភាពក្នុងការធ្វើដំណើរ សេរីភាពក្នុងជំនឿសាសនា ការជួបប្រជុំគ្នា និងបង្កើតសមាគមរួមទាំងការបង្កើត គណបក្សនយោបាយ និងសហជីព ដំណើរការតុលាការត្រឹមត្រូវ និងភាពស្មើគ្នាចំពោះមុខច្បាប់ និងការការពារកុំឲ្យមានការដកហូតសិទ្ធិកម្មសិទ្ធិតាមទំនើងចិត្ត ឬការដកហូតកម្មសិទ្ធិឯកជនដោយគ្មានការសងជំងឺចិត្តដ៏ត្រឹមត្រូវ សេរីភាព ដោយគ្មានកាប្រកាន់រើសអើងពូជសាសន៍ ជនជាតិ ជំនឿ សាសនា និងភេទឡើយ។ ក្រៅពីសិទ្ធិជាមូលដ្ឋាន មនុស្សមានសិទ្ធិសង្គម និងសេដ្ឋកិច្ច រួមមាន សិទ្ធិទទួលបានការងារ ការអប់រំ និងការចូលរួមក្នុងជីវិតវប្បធម៌សហគមន៍ ។ល។
តែយ៉ាងណា ការប្រើប្រាស់សិទ្ធិត្រូវបានកំណត់ក្នុងច្បាប់ ដើម្បីកុំឲ្យរំលោភលើសិទ្ធិអ្នកដទៃ។ តាមមាត្រា ២៩ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស បុគ្គលម្នាក់ៗមានករណីកិច្ច ចំពោះសហគមន៍ ដែលជាកន្លែងតែមួយគត់ ដែលអាចបង្កើតនូវការរីកចម្រើនពេញបរិបូរណ៍ និងដោយសេរីនូវបុគ្គលិកលក្ខណៈរបស់ខ្លួន។ ដើម្បីអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន មនុស្សគ្រប់រូបត្រូវស្ថិតក្នុងការកំណត់ទាំងឡាយណា ដែលច្បាប់បានកំណត់ ក្នុងគោលបំណងឲ្យមានការទទួលស្គាល់ និងគោរពដល់សិទ្ធិ និងសេរីភាពទាំងឡាយរបស់អ្នកដទៃ និងដើម្បីឆ្លើយតបនឹងការតម្រូវយ៉ាងត្រឹមត្រូវអំពីសីលធម៌ របៀបរៀបរយសាធារណៈ និងសុខុមាលភាពទូទៅនៅក្នុងសង្គមប្រជាធិបតេយ្យតែប៉ុណ្ណោះ។ ទោះជាក្នុងករណីណាក៏ដោយ សិទ្ធិ និងសេរីភាពទាំងនោះ មិនអាចយកទៅប្រើប្រាស់ផ្ទុយនឹងគោលការណ៍របស់សហប្រជាជាតិឡើយ។
សរុបជារួម សិទ្ធិមនុស្ស គឺជាសិទ្ធិមូលដ្ឋាន អំណាចការពារស្របច្បាប់ ឬកម្មសិទ្ធិរបស់មនុស្ស ក្នុងការរស់នៅប្រកបកិច្ចការងាររៀងៗខ្លួន ដែលមានចែងក្នុងសេចក្តីប្រកាសជាសកលស្តីពី សិទ្ធិមនុស្ស។
ក្រឡេកមកកម្ពុជា ក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ ១៩៩១ កម្ពុជាមានលិខិតបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិជាបន្តបន្ទាប់។ ការការពារសិទ្ធិមនុស្សក្រោមរដ្ឋធម្មនុញ្ញនៅកម្ពុជា ត្រូវបានធ្វើឡើងតាមវិធីពីរយ៉ាងគឺ ទីមួយ អនុលោមតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស រដ្ឋធម្មនុញ្ញកម្ពុជាបានដាក់បញ្ជូលសេចក្តីប្រកាសស្តីពី សិទ្ធិមនុស្ស ដែលពិនិត្យឃើញភាគច្រើននៅក្នុងជំពូក ៣ អំពីសិទ្ធិ និងករណីកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ។
តាមមាត្រា ៣១ នៃរដ្ឋធម្មនុញ្ញ ដែលបានបញ្ជូលដោយផ្ទាល់នូវ លិខិតូបករណ៍សិទ្ធិមនុស្ស បានចែងថា ព្រះរាជាណាចក្រកម្ពុជា ទទួលស្គាល់ និងគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុង ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពី សិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយ ទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។ ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណី កិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ។ ការប្រើសិទ្ធិ សេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូវឲ្យប៉ះពាល់ដល់សិទ្ធិ សេរីភាពអ្នកដទៃឡើយ ពោលគឺ ការប្រើសិទ្ធិសេរីភាពនេះ ត្រូវប្រព្រឹត្តតាមល័ក្ខខណ្ឌ កំណត់ក្នុងច្បាប់។
តើរដ្ឋសមាជិក UN ទាំងអស់ បានលើកតម្កើង គោរពសិទ្ធិមនុស្សជាមូលដ្ឋាន ប្រឆាំងនឹងការរំលោភបំពានសិទ្ធិមនុស្ស ដោយគ្មានការប្រកាន់ពូជសាសន៍ ភេទ ភាសា និងសាសនាជាដើម ហើយឬនៅ?
តាមមាត្រា ៣០ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស UN ឥតមានបទបញ្ញត្តិណាមួយនៃសេចក្ដីប្រកាសនេះ ត្រូវបានគេបកស្រាយនាំឲ្យរដ្ឋណាមួយ ក្រុមណាមួយ ឬបុគ្គលណាម្នាក់ មានសិទ្ធិបែបណាមួយ ដើម្បីធ្វើសកម្មភាព ឬប្រព្រឹត្តអំពើអ្វីមួយ ឆ្ពោះទៅការបំផ្លិចបំផ្លាញនូវសិទ្ធិ និងសេរីភាពទាំងឡាយ ដែលមានចែងនៅក្នុងសេចក្ដីប្រកាសនេះឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com