ជាតិ
អង្គការ​មួយ​ជួយ​បង្កើត​ឱកាស​ទទួលបាន​ការអប់រំ និង​ជំនាញ​ដល់​អនីតិជន​
25, Dec 2015 , 7:59 am        
រូបភាព
ដោយ:
​វ៉ាស៊ីនតោន​៖ អនីតិជន​ដែលជា​ទណ្ឌិត​នៅក្នុង​ពន្ធនាគារ​កម្ពុ​ជាមាន​ចំនួន​គួរ​ឲ្យ​កត់សម្គាល់​។ យ៉ាងណាមិញ អង្គការ​មួយ​បាន​ខិតខំ​បង្កើត និង​ផ្តល់ឱកាស​ទទួល​បានកា​រ​អប់រំ និង​ជំនាញ​ដល់​អនីតិជន​មួយចំនួន​នៅ​ខេត្តសៀមរាប ឧ​ត្ត​រ​មានជ័យ និង​បន្ទាយមានជ័យ​។



​ចាប់តាំងពី​ឆ្នាំ​២០០៧​មក អង្គការ​ជីវិត​នៅ​កម្ពុជា (This Life Cambodia) បានធ្វើ​ការងារ​តាម​សហគមន៍ និង​តាម​ពន្ធនាគារ​មួយចំនួន​នៅ​ខេត្តសៀមរាប ឧ​ត្ត​រ​មានជ័យ និង​ខេត្តបន្ទាយមានជ័យ ដើម្បី​ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូ​រលើ​ស្ថានភាព​របស់​កុមារ ដែលជា​អនីតិជន​ចំនួន​១០៣​នាក់​ដោយផ្ទាល់ និង​ចំនួន​ជាង​២០០០​នាក់​ដោយ​ប្រយោល​។​

​លោក ឈិន សែ នាយករង​នៃ​អង្គការ​ជីវិត​នៅ​កម្ពុជា បាន​ប្រាប់ VOA ថា ការងារ​របស់​អង្គការ​លោក គឺ​ធ្វើយ៉ាងណា​ដើម្បី​ជួយ​ពង្រឹង​ស្ថានភាព​របស់​សហគមន៍​នៅតាម​តំបន់​ជនបទ ជាពិសេស​គឺ​អនីតិជន​ដែលមាន​អាយុ​ក្រោម​១៨​ឆ្នាំ​ដែល​ជាប់ពន្ធនាគារ និង​ក្រុមគ្រួសារ​របស់​ពួកគេ​។​

«​កម្មវិធី​ដែល​យើង​កំពុង​អនុវត្ត​នាពេល​កន្លងមក និង​នាពេល​បច្ចុប្បន្ននេះ​គឺ​ផ្តោត​សំខាន់​ទៅលើ​វិស័យ​អប់រំ ទៅលើ​ការការពារ​យុត្តិធម៌​របស់​អនីតិជន ទៅលើ​អំពើហិង្សា​មកលើ​ស្ត្រី និង​កុមារ ក៏ដូចជា​ការងារ​ពាក់​ព័ន្ធ​ទៅនឹង​ការសិក្សា​ស្រាវជ្រាវ ហើយនឹង​តាមដាន និង​វាយតម្លៃ​»​។​

​អង្គការ​ជីវិត​នៅ​កម្ពុជា បាន​បង្កើត​គម្រោង​មួយចំនួន ដូចជា​គម្រោង​ចេញពី​របាំង​ជីវិត ដើម្បី​ជួយ​ធ្វើ​ឲ្យ​ស្ថានភាព​របស់​អនីតិជន​មាន​ភាពប្រសើរឡើង ជាពិសេស​គឺ​បង្កើត និង​ផ្តល់ឱកាស​ទទួល​បានកា​រ​អប់រំ និង​ជំនាញ​ទាំង​ពេល​ពួកគេ​នៅក្នុង​ពន្ធនាគារ និង​ក្រោយ​ពេលដែល​ពួកគេ​ចេញពី​ពន្ធនាគារ​។​

​លោក ឈិន សែ បាន​បញ្ជាក់ថា គម្រោង​នោះបាន​អនុវត្ត​សកម្មភាព​ជាច្រើន ដូចជា​ផ្តល់​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ការឧបត្ថម្ភ​គាំទ្រ​ដល់​គ្រួសារ​របស់​អនីតិជន និង​ការអភិវឌ្ឍ​សហគមន៍​ដោយ​ពង្រឹងសមត្ថភាព​ក្នុង​ការកសាង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​តាម​សហគមន៍​។​

​កាលពីពេល​ថ្មីៗ​នេះ មូលនិធិ Stars Foundation​បានប្រគល់​ពាន់រង្វាន់ Stars Impact Award ឆ្នាំ​២០១៥ ដល់​អង្គការក្រៅរដ្ឋាភិបាល​ពីរ​របស់​កម្ពុជា គឺ​អង្គការ​សកម្មភាព​ដើម្បី​កុមារ និង​ដល់​អង្គការ​ជីវិត​នៅ​កម្ពុជា ដោយ​ផ្តល់ជូន​ជា​ទឹកប្រាក់​៥០,០០០​ដុល្លារ​ដល់​អង្គការ​ទាំ​ង​ពីរ​នេះ​ឲ្យ​បន្តការងារ​ដ៏​សំខាន់​របស់ខ្លួន​ក្នុង​ការជួយ​គាំពារ​កុមារ​ដែល​ងាយ​នឹងរង​គ្រោះថ្នាក់​នៅ​កម្ពុជា​។​

​លោក ឈិន សែ បាន​បញ្ជាក់ថា ពានរង្វាន់​នេះ​គឺ​ដើម្បី​ទទួលស្គាល់​ស្នាដៃ​របស់​អង្គការក្រៅរដ្ឋាភិបាល​ដូចជា​អង្គការ​របស់លោក ក្នុង​ការផ្លាស់​ប្តូរជីវិត​របស់​កុមារ ជាពិសេស​គឺ​កុមារ​នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​ដូច​ប្រទេស​កម្ពុជា​។​

«​អង្គការ​ជីវិត​នៅ​កម្ពុជា អ្វីដែល​យើង​ធ្វើ​នោះ​គឺ​ផ្តោត​សំខាន់​ទៅលើ​ប្រាកដថា រាល់​ការងារ​របស់​យើង​គឺ​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​សហគម​ន៍ ដែល​គាត់​កំពុង​តែមាន​បញ្ហា​។ ហើយ​ពានរង្វាន់​នេះ​មិនមែនជា​ពានរង្វាន់​សម្រាប់តែ​អង្គការ​របស់ខ្ញុំ​ផ្ទាល់​ទេ តែ​វា​ក៏​ជា​ពានរង្វាន់​សម្រាប់​ទាំងអស់គ្នា​។ ពានរង្វាន់​សម្រាប់​កុមារ​ដែល​យើង​ធ្វើការ​ជាមួយ​។ ពានរង្វាន់​សម្រាប់​គ្រួសារ និង​សហគមន៍​របស់គាត់​។ ពានរង្វាន់​សម្រាប់​រាជ​រដ្ឋាភិបាល​កម្ពុជា​យើង​ដែរ ដែល​លោក​បានអនុញ្ញាត និង​បើកផ្លូវ​ឲ្យ​យើង​ធ្វើការ​ជាមួយ​គាត់​»​។​

​គិត​មក​ត្រឹម​ឆ្នាំ​២០១៥​នេះ ចំនួន​ទណ្ឌិត​ដែល​ជាប់​នៅ​ពន្ធនាគារ​ទាំងអស់​នៅ​កម្ពុជា​បាន​ឡើងដល់​១៧,៥២២​នាក់ ដែល​បាន​កើន​ប្រមាណ​១៨​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៤​។ ហើយ​ក្នុងនោះ អនីតិជន​មាន​ចំនួន​លើសពី​៥០០​នាក់ ដែល​ស្មើនឹង​៣​ភាគរយ​នៃ​ចំនួន​ទណ្ឌិត​សរុប​។​

​អ្វី​ដែលជា​បញ្ហា​នោះ​គឺថា កម្ពុជា​កំពុង​ប្រើប្រាស់​ប្រព័ន្ធតុលាការ​សម្រាប់​មនុស្ស​ពេញវ័យ ដើម្បី​កាត់ទោស​កុមារ​ដែលមាន​អាយុ​ក្រោម​១៨​ឆ្នាំ ដែល​ពួកគេ​ត្រូវ​ទទួលទោស​ដូចគ្នា​នឹង​មនុស្សពេញវ័យ​សម្រាប់​ការប្រព្រឹត្ត​អំពើ​ខុសច្បាប់​ទាំង​ក្នុង​កម្រិត​ស្រាល និង​ធ្ងន់ធ្ងរ​របស់​ពួកគេ​។ នេះ​បើ​យោងតាម​ការបកស្រាយរ​ប​ស់លោក ឈិន សែ​។​

«​មិនមាន​ច្បាប់​ដោយឡែក​សម្រាប់​ពួកគាត់​។ ច្បាប់​ដោយឡែក​ដែល​ខ្ញុំ​និយាយ​នេះ​គឺជា​ច្បាប់ ឬ​ប្រព័ន្ធយុត្តិធម៌​សម្រាប់​អនីតិជន ដែល​ប្រទេស​កម្ពុជា​យើង​មិនទាន់​មានច្បាប់​នេះ​នៅឡើយ​ទេ​។ ហើយ​ស្ថានភាព​របស់​កុមារ​នៅពេល​បច្ចុប្បន្ននេះ​គឺ​នៅត្រង់ថា ការទទួលបាន​ការអប់រំ​នៅក្នុង​ពន្ធនាគារ ឬក៏​មណ្ឌល​កែប្រែ​គឺ​មិនទាន់មាន​គ្រប់គ្រាន់​នៅឡើយ​ទេ គឺ​ដោយសារតែ​រដ្ឋ​របស់​យើង​បច្ចុប្បន្ន​មិនមាន​ធនធាន​គ្រប់គ្រាន់​។ ម្លោះ​ហើយ​តម្រូវ​ឲ្យ​មានការ​គាំទ្រ​ពី​អង្គការ​សង្គម ដូចជា​អង្គការ​ពួក​ខ្ញុំ​អញ្ចឹង ដើម្បី​ផ្តល់ឱកាស​ទៅដល់​កុមារ​ទាំង​នៅក្នុង​ពន្ធនាគារ ក៏ដូចជា​នៅពេលដែល​គាត់​ធ្វើ​សមាហរណកម្ម​មក​ខាងក្រៅ​»​។​

​លោក ឈិន សែ បាន​សង្ឃឹមថា ច្បាប់​សម្រាប់​យុត្តិធម៌​របស់​កុមារ​ដែល​កំពុងតែ​ត្រូវបាន​តាក់តែង​នោះ នឹង​ទទួលបាន​អាទិភាព​ពី​រដ្ឋាភិបាល យកទៅ​អនុម័ត​ដោយ​សភា និង​អនុវត្ត​ឲ្យ​បាន​ឆាប់ៗ ដើម្បី​ធានាថា កុមារ​ដែល​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​ទទួលបាន​យុត្តិធម៌​បែប​អនីតិជន​។​

​បន្ថែម​លើ​នេះ លោក ឈិន សែ បាន​បញ្ជាក់ថា ការងារ​របស់​អង្គការ​របស់លោក​មិនអាច​ទទួលបាន​លទ្ធផល​វិជ្ជមាន​បែបនេះ​ទេ បើសិនជា​គ្មាន​ការសហការ​ពី​ថ្នាក់ដឹកនាំ​របស់​មន្ទីរ​ពន្ធនាគារ និង​មជ្ឈមណ្ឌល​កែប្រែ​នៅ​ខេត្តសៀមរាប និង​បន្ទាយមានជ័យ​នោះ​។​

«​អញ្ចឹង​យើង​នឹង​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​ក្រសួង​ដែល​ពាក់ព័ន្ធ ជាពិសេស​គឺ​យើង​សូម​ថ្លែងអំណរគុណ​ដល់​អគ្គនាយក​ដ្ឋា​ន​ពន្ធនាគារ ក៏ដូចជា​ប្រធាន​ពន្ធនាគារ​ទាំងពីរ​ខេត្ត ទាំង​ខេត្តសៀមរាប និង​បន្ទាយមានជ័យ ដែល​គាត់​បាន​ជ្រោមជ្រែង​អង្គការ​យើង​មែនទែន ហើយ​បានអនុញ្ញាត​ឲ្យ​យើង​ចូលទៅ​ធ្វើការ​ក្នុង​ពន្ធនាគារ ក៏ដូចជា​ជ្រោមជ្រែង​យើង​ដោយ​ផ្តល់​ជា​យោបល់​កែប្រែ​ធ្វើ​ឲ្យ​មានការ​ប្រសើរឡើង​ទាំងអស់គ្នា​»​។​

​យ៉ាងណាមិញ មាន​កិច្ចខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់​ទាំងពី​ខាង​រដ្ឋាភិបាល និង​អង្គការ​សង្គម​ជាច្រើន ដូចជា​អង្គការ​ជីវិត​នៅ​កម្ពុជា ដើម្បី​ធានាថា អនីតិជន​ដែល​ចេញពី​ពន្ធនាគារ​ទទួលបាន​ឱកាស​អប់រំ និង​ជំនាញ​ដើម្បី​ធ្វើ​សមាហរណកម្ម​ក្នុងសង្គម​ជាថ្មី​ម្តងទៀត​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​




© រក្សាសិទ្ធិដោយ thmeythmey.com