ជាតិ
អ្នកជំនាញ​កំពុង​សិក្សា​លើ​ការងារ​ជួសជុល​សារមន្ទីរ​ព្រះ​ន​រោ​ត​ត្ត​ម​សីហនុ​-​អង្គរ​
25, Dec 2015 , 3:52 pm        
រូបភាព
​សៀមរាប​៖ សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ ដែលជា​សារមន្ទីរ​តម្កល់​វត្ថុ​បុរាណ ដែល​បានមកពី​ការធ្វើ​កំណាយ​នៅ​ប្រាសាទបន្ទាយក្តី គ្រោង​នឹង​រៀបចំ​ជួសជុល ស្ថាបនា​ឡើងវិញ ក្រោយពី​សារមន្ទីរ​នេះ រង​ការខូចខាត​នៅ​កន្លែង​មួយចំនួន​។ ក្រុមការងារ​កំពុង​សិក្សា​ពី​តម្លៃ និង​វាយតម្លៃ​លើ​ទីតាំង​ខ្លះៗ ដើម្បី​រៀបចំ​ជួសជុល​នៅ​ចុងឆ្នាំ​២០១៦​ខាងមុខ ។



​តាម​គម្រោង សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ នឹង​បើក​ការដ្ឋាន​ជួសជុល​ឡើងវិញ​នៅ​ខែតុលា ឆ្នាំ​២០១៦ ។ អ្នកបច្ចេកទេស និង​ម្ចាស់ជំនួយ កំពុង​សិក្សា​ពី​ទំហំ​ចំណាយ និង​ទីតាំង​ជាក់លាក់​មួយចំនួន ដែល​ត្រូវ​ជួសជុល​ឡើងវិញ​។

​នៅ​ព្រឹក​ថ្ងៃទី ២៥ ធ្នូ​នេះ ពិធី​ចុះ​អនុស្សរណៈ ដែល​និយាយ​ពី​គម្រោង​ជួសជុល​សារមន្ទីរ​ព្រះ​នរោត្តម សីហនុ​-​អង្គរ ត្រូវបាន​រៀបចំឡើង​នៅ​អាជ្ញាធរ​ជាតិ​អប្សរា​។ ក្នុង​កិច្ចព្រមព្រៀង​នេះ មាន​ភាគី​ចំនួន​៤​ចូលរួម ដែល​ក្នុងនោះ​មាន​អាជ្ញាធរ​ជាតិ​អប្សរា មូលនិធិ​ក្លឹប​១% របស់​ក្រុមហ៊ុន អ៊ី​អុង (AEON) សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា និង​ក្រុមហ៊ុន​សា​តូ​កម្ពុជា ដែលជា​អ្នករ៉ាប់រង លើ​ការងារ​ជួសជុល​សារមន្ទីរ​នេះ​។​

​មូលនិធិ​១% របស់​ក្រុមហ៊ុន អ៊ី​អុង ជា​អ្នករ៉ាប់រង​លើ​ការងារ​ជួសជុល​សារមន្ទីរ ក្រោយពី​មូលនិធិ​នេះ បានផ្តល់​មូលនិធិ​កសាង​សារមន្ទីរ​នេះ នៅ​ឆ្នាំ​២០០៧ ។ ក្នុងនោះ​អាជ្ញាធរ​ជាតិ​អប្សរា មាន​ភារកិច្ច​សម្របសម្រួល​លើ​ការងារ​ជាក់ស្តែង ក៏ដូចជា​រៀបចំ​ជញ្ជូន​វត្ថុ​បុរាណ ទៅ​រក្សា​នៅ​កន្លែង​មាន​សុវត្ថិភាព​។

​តំណាង​មូលនិធិ​ក្លឹប ១% លោក ហា​យ៉ា​ស៊ី ណា​អុ​គី បាន​ឲ្យ​ដឹងថា ក្រោយពេល​ចុះ​អនុស្សរណ​នេះ លោក​នឹងសិក្សា​លម្អិត​លើ​ការងារ​ជួសជុល​សារមន្ទីរ​ព្រះ​នរោត្តម សីហនុ​-​អង្គរ ជាមួយ​តំណាង​ក្រុមហ៊ុន​សា​តូ​កម្ពុជា មុននឹង​កំណត់​ទីតាំង​ជាក់លាក់ ដើម្បី​ជួសជុល​។ ទាក់ទង​នឹង​តម្លៃ​ជួសជុល លោក ហា​យ៉ា​ស៊ី ណា​អុ​គី មិនទាន់​កំណត់​បាន​នៅឡើយ​ទេ ព្រោះថា វា​កំពុង​ស្ថិតក្រោម​ការវាយតម្លៃ​នៅឡើយ​។

​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា លោក ស៊ុំ ម៉ាប់ បាន​អរគុណ និង​កោតសរសើរ​ចំពោះ​ក្រុមហ៊ុន អ៊ី​អុង ដែល​តែងតែ​សហ​ការជួយ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌ ក្នុង​រមណីយដ្ឋាន​អង្គរ​។ កាលពី​ឆ្នាំ​២០០៣ ក្រុមហ៊ុន អ៊ី​អុង តាមរយៈ​មូលនិធិ ១%​នេះ ក៏​ធ្លាប់បាន​ជួយ​ដាំ​សួន​ឈើ​អនុស្សាវរីយ៍​នៅក្បែរ​សួន​គ្រឿងទេស​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ផងដែរ​។ ចំពោះ​ការងារ​ទៅ​ថ្ងៃ​ខាងមុខ អាជ្ញាធរ​ជាតិ​អប្សរា ក៏មាន​គម្រោង​ស្នើ​ឲ្យ​ក្រុមហ៊ុន​របស់​ជប៉ុន​មួយ​នេះ ជួយ​លើ​ការងារ​អភិវឌ្ឍន៍​សហគមន៍​ក្នុង​រមណីយដ្ឋាន​អង្គរ​ផងដែរ​។​

​គួរ​បញ្ជាក់ថា សារមន្ទីរ​ព្រះ​នរោត្តម សីហនុ​-​អង្គរ ដែល​ស្ថិត​នៅជាប់​បុរី​រដ្ឋបាល​ខេត្តសៀមរាប គ្រោង​នឹង​ចាប់ផ្តើម​ជួសជុល​នៅ​ខែតុលា និង​បញ្ចប់​ជា​ស្ថាពរ​នៅ​ចុងឆ្នាំ​២០១៦ ឫ​ដើមឆ្នាំ​២០១៧ ។ សារមន្ទីរ​នេះ កសាងឡើង​នៅ​ឆ្នាំ​២០០៧ ក្រោម​កិច្ចសហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា និង​សកល​វិទ្យាល័យ​សូ​ហ្វី​យ៉ា ក្រោម​មូលនិធិ​ក្លឹប​១% របស់​ក្រុមហ៊ុន អ៊ី​អុង​។ សារមន្ទីរ​នេះ​កសាងឡើង ដើម្បី​ដាក់តាំង និង​តម្កល់​វត្ថុ​បុរាណ​ជាច្រើន ដែល​បាន​កំណាយ​ឃើញ ពេល​កំពុង​ស្រាវជ្រាវ​នៅ​តំបន់​ប្រាសាទបន្ទាយក្តី អំឡុង​ឆ្នាំ​២០០០ និង​២០០១ ដោយ​សកល​វិទ្យាល័យ​សូ​ហ្វី​យ៉ា​៕


© រក្សាសិទ្ធិដោយ thmeythmey.com