ជាតិ
សង្គមជាតិ
ការតស៊ូ​មតិ​របស់​ជនពិការ​រក​ឃើញ​ម្ចាស់​ជ័យ​លោ​ភី​
26, Dec 2015 , 7:19 am        
រូបភាព
ដោយ:
 

​ភ្នំពេញ​៖ បេក្ខជន​ពិការ ៣ រួបរួម​មាន និស្សិត ឈឿន កុសល និស្សិត ជឿន គឺ​ម​ហេង និង និស្សិត សុ​ត មនោ​រម្យ កាលពី​ថ្ងៃទី​២៥​ខែធ្នូ​ឆ្នាំ​២០១៥​បានទទួល​ពានរង្វាន់​ក្នុង​កម្ម​ពិធី​ប្រកួតប្រជែង​ជជែក​ពិភាក្សា និង ការតស៊ូ​មតិ បន្ទាប់ពី​ការឡើង​ការពារ​លើ​ប្រធានបទ​ជាច្រើន និង​ឆ្លងកាត់​ការ​ជម្រុះ​ជាច្រើន​ជុំ​រួចមក​។ លោក គង់ វិ​ចិ​ត្រា អ្នករៀបចំ​កម្មវិធី បាន​មានប្រសាសន៍ថា សូម​ឲ្យ​មើលឃើញ​សមត្ថភាព​របស់​ជនពិកា​រ​ជាជាង​មើល​ឃើញតែ​ភាព​ពិការ​។​


 
​យុវជន​ពិការ​៣​រូប ទទួល​ជ័យលាភី​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ជជែក​ពិភាក្សា និង ការតស៊ូ​មតិ​កាលពី​ថ្ងៃទី​២៥ ខែធ្នូ​ឆ្នាំ​២០១៥ នា​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​។ ជនពិការ​ទាំង​៣​រូប​រួមមាន លោក ឈឿន កុសល ជ័យលាភី​លេខ​១ ជា​និស្សិត​ឆ្នាំ​ទី​២​ជំនាញ IT កញ្ញា ជឿន គឹម​ហេង ជ័យលាភី​លេខ​២ ជា​និស្សិត​ឆ្នាំ​ទី​៤​ជំនាញ​ភាសាបរទេស និង លោក សុ​ត មនោ​រម្យ ជ័យលាភី​លេខ​៣ ជា​និស្សិត​ឆ្នាំ​ទី​៣​ជំនាញ IT​។ ម្ចាស់​ពានរង្វាន់​ក្នុង​កម្មវិធី​នេះ ជ័យលាភី​លេខ​១ ទទួលបាន​ប្រាក់​៥០​ម៉ឺន​រៀល  ជ័យលាភី​លេខ​២​ទទួលបាន​ប្រាក់​៣០​ម៉ឺន​រៀល និង ជ័យលាភី​លេខ​៣ ទទួលបាន​ប្រាក់​១៥​ម៉ឺន​រៀល​។  
 
​លោក គង់ វិ​ចិ​ត្រា នាយក​ប្រតិបត្តិ​អង្គការ​មូលនិធិ​កុមារ​ពិការ និង​ជា​អ្នករៀបចំ​កម្មវិធី​នេះ បាន​ប្រាប់ថា តាម​ការប្រកួតប្រជែង​ផ្នែក​តស៊ូ​មតិ​នេះ លោក​សង្កេតឃើញថា បេក្ខជន​ពិការ​ទាំងនេះ​មាន​ភាពក្លាហាន និង​ខិតខំ​ស្រាវជ្រាវ​លើ​ប្រធានបទ ដើម្បី​បើក​បង្ហាញ​សមត្ថភាព​របស់​ពួកគេ​រៀងខ្លួនៗ​។ លោក​និយាយថា យុវជន​ពិការ​កម្ពុជា​បច្ចុប្បន្ននេះ កាន់​តែមាន​សមត្ថភាព​ជាង​មុន ហើយ​អ្នក​ពិការ​ខ្លះ​មាន​ភាព​លេចធ្លោ​តាមរយៈ​ការទទួលបាន​ពានរង្វាន់​លើ​ឆាក​ជាតិ​និង​ឆាក​អន្តរជាតិ​ទៀតផង​។ 
 
​ប៉ុន្តែ ជនពិការ​នៅតែ​រង​ការរើសអើង​ពី​មជ្ឈដ្ឋាន​មួយ​ភាគ​ធំ ដោយសារតែ​កាយសម្បទា​របស់​ពួកគាត់​។ នេះ​បើ​ការមើលឃើញ​ជាក់ស្តែងរ​ប​ស់លោក វិ​ចិ​ត្រា មុននឹង​លោក​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖«  សូម​ឲ្យ​មើលឃើញ​សមត្ថភាព​របស់​ជនពិកា​រ​ជាជាង​មើល​ឃើញតែ​ភាព​ពិការ​»​។ ដូច្នេះ លោក​មានបំណង​បង្កើត​វេទិការ​តស៊ូ​មតិ​លើក​ក្រោយៗ​ទៀត ដើម្បី​ផ្តល់ឱកាស​ដល់​ជនពិការ​កម្ពុជា​។​

© រក្សាសិទ្ធិដោយ thmeythmey.com