ជាតិ
សាលា​រាជធានី​ភ្នំពេញ​ចាប់ផ្ដើម​ខួង​ធ្វើតេស្ត​ស្រទាប់ដី ដើម្បី​សង់ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី
26, Dec 2015 , 3:59 pm        
រូបភាព
​សាលា​រាជធានី​ភ្នំពេញ​មាន​គម្រោង​បន្ដ​ស្ថាបនា​ស្ពាន​អាកាស​ចំនួន​៣ និង​ផ្លូវ​ក្រោម​ដី​មួយ​ខ្សែ​បន្ថែមទៀត ដើម្បី​កែលម្អ និង​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរ​ក្នុង​រាជធានី​ភ្នំពេញ​។​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ក្រុមការងារ​បច្ចេកទេស ចាប់ផ្តើម​ដំណើរការ​ខួង​ធ្វើតេស្ត​ស្រទាប់ដី នៅ​តំបន់​ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី​ក្បាលថ្នល់ ដើម្បី​ត្រៀម​ស្ថាបនា​ក្នុងពេល​ឆាប់ៗ​នេះ​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ​កម្ពុជា AKP​។



​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ លោក​សាំ ពិសិដ្ឋ បាន​ឲ្យ​ដឹងថា គម្រោង​សាង​សងស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី ដែល​សាលា​រាជធានី​ភ្នំពេញ​ត្រៀម​ស្ថាបនា​នោះ រួមមាន ទី​១.​ស្ពាន​អាកាស​ស្រប​ពីលើ​មហាវិថី​ព្រះ​នរោត្តម​បត់​ឆ្វេង ឡើង​ភ្ជាប់​ទៅ​ស្ពាន​ព្រះមុនីវង្ស​ថ្មី​។ ទី​២.​ស្ពាន​អាកា​សត​ភ្ជាប់​ពី​ស្ពាន​ព្រះមុនីវង្ស​ចាស់​បត់​កោង​ស្តាំ​ឡើងទៅ​ចាក់អង្រែ​។ ទី​៣.​ស្ពាន​អាកាស​ស្រប​ពីលើ​មហាវិថី​ព្រះមុនីវង្ស​បត់​ទៅ​មហាវិថី​ព្រះ​នរោត្តម រួច​បត់​ស្តាំ​ឡើង​ស្ពាន​វិញ និង​ទី​៤.​ផ្លូវ​ក្រោម​ដី​១​ខ្សែ​ទៀត ចាប់ពី​ចាក់​តំបន់​អង្រែ​ឆ្ពោះទៅ​ចេញ​នៅ​មហាវិថី​ព្រះមុនីវង្ស​តែម្តង​។​

​លោក សាំ ពិសិដ្ឋ បាន​បញ្ជាក់ថា  ស្ពាន​អាកាស​ដែល​គ្រោង​សាងសង​ខាងលើនេះ​មាន បណ្តោយ​មិន​ស្មើគ្នា​នោះទេ គឺ​ចាប់ពី ២២០ ទៅ​២៤០​ម៉ែត្រ ទទឹង​ចាប់ពី​៥​ទៅ​៧​ម៉ែត្រ​។ ចំណែក​ផ្លូវ​ក្រោម​ដី​មាន​បណ្តោយ​៣០៦​ម៉ែត្រ ។ លោក​ថា គម្រោង​សាង​សងស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​បន្ថែម​នេះ ដោយសារតែ​សាលា​រាជធានី​ភ្នំពេញ មើលឃើញថា បញ្ហា​កកស្ទះ​ចរាចរ​នៅតែ​កើតមាន នៅ​តំបន់​ស្ពាន​អាកាស​ក្បាលថ្នល់​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉​ង់ បញ្ជាក់ថា គម្រោង​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​នេះ មិនទាន់​កំណត់ពេល​ស្ថាបនា​នៅឡើយ​ទេ ដោយ​ត្រូវ​រង់ចាំ​ការអនុញ្ញាត​ពី​រដ្ឋាភិបាល​សិន​។ បើតាម​លោក ឡុង ឌី​ម៉​ង់ គម្រោង​សាងសង់​នេះ មិនមែនជា​ជំនួយ​ពី​បរទេស​ទេ ពោលគឺ​រដ្ឋ​ជា​អ្នកចំណាយ​ថវិកា​សាងសង់ ។ លោក​ថា ការចំណាយ​នេះ​ក៏​មិនទាន់​អាច​កំណត់​តម្លៃ​ច្បាស់​នៅឡើយ​ទេ​៕


© រក្សាសិទ្ធិដោយ thmeythmey.com