ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សួន សេរី​រដ្ឋា រិះគន់ថា តុលាការ​គឺជា​ដែកគោល ខ្លាច​តែ​ញញួរ​របស់​CPP
02, Feb 2016 , 4:00 pm        
រូបភាព
​ពាក្យបណ្ដឹង​របស់​ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរី​រដ្ឋា ដែល​ប្ដឹង​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​កាលពី​២១ ធ្នូ ឆ្នាំ​២០១៥ ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ ត្រូវបាន​ព្រះរាជអាជ្ញារង​សាលាដំបូង​រាជធានី​ភ្នំពេញ លោក មាស ចន្ទ​ពិសិដ្ឋ បាន​បដិសេធ​ដោយ​តម្កល់​រឿង​ទុក​ឥត​ចាត់ការ​។​



​លោក សួន សេរី​រដ្ឋា ដែល​ទទួលបាន​លិខិត​បដិសេធ​ពី​តុលាការ​នេះ បាន​និយាយ​បែប​ចំអក​ថា ការមិន​ចាត់ការ​លើ​ករណី​លោក ប្ដឹង​លោក ហោ ណាំហុង នេះ​ដោយសារតែ​តុលាការ​គឺ​បង្កើត​មក​សម្រាប់តែ​បម្រើ​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ ដូច្នេះ​អ្នក​ដែល​ប្រឆាំងនឹង​រដ្ឋាភិបាល​នោះ​មិនអាច​ទទួលបាន​ភាពយុត្តិធម៌​ឡើយ​។ ប្រធាន​គណបក្ស​អំណាច​ខ្មែរ​រូបនេះ បាន​រិះគន់ថា តុលាការ​នេះ គឺជា​តុលាការ​ដែកគោល ដែល​រង់ចាំ​ញញួរ​ដំ​ក្បាល​ពី​គណបក្សកាន់អំណាច ដើម្បី​ដាក់​សម្ពាធ​ទៅលើ​អ្នក​ដែល​ប្រឆាំង​ខ្លួន​ប៉ុណ្ណោះ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក សួន សេរី​រដ្ឋា បញ្ជាក់​ដូច្នេះ​ថា​៖« ខ្ញុំ​គិតថា តុលាការ​ប្រាកដជា​មិន​ចាត់ការ​រឿងនេះ ឥឡូវ​គឺ​ដូច​អ្វីដែល​ខ្ញុំ​គិត​។ ខ្ញុំ​យល់ថា តុលាការ​គឺ​គុណភាព គ្មាន​យុត្តិធម៌​សម្រាប់​អ្នកប្រឆាំង​រដ្ឋាភិបាល​ឡើយ​សម្បី​តែ​ខ្ញុំ​ជា​អ្នកនយោបាយ​ផង ដូច្នេះ​ប្រជាពលរដ្ឋ​ទន់ខ្សោយ​គឺ​រឹតតែ​ពិបាក​រក​យុត្តិធម៌​។ បើ​និយាយ​ឲ្យ​ចំ​ទៅ​តុលាការ​នេះ​គ្មាន​លទ្ធភាព​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ទេ មានតែ​ចិញ្ចឹម​រឿង​អយុត្តិធម៌​ច្រើន​ទៅវិញ​»​។

​បើទោះជា​មិនមាន​ចំណាត់ការ​ពី​តុលាការក្រុង​ក៏ដោយ តែ​លោក សួន សេរី​រដ្ឋា អះអាងថា លោក នឹងដាក់​ពាក្យ​ប្ដឹង​លោក ហោ ណាំហុង ទៅកាន់​សាលាឧទ្ធរណ៍​បន្តទៀត ។ តែ​យ៉ាងណា​លោក សួន សេរី​រដ្ឋា ក៏​មិនមាន​ជំនឿ​ទុកចិត្ត​លើ​ប្រព័ន្ធតុលាការ​ឡើយ​។ លោក​ថា បើ​តុលាការ​ឧទ្ធរណ៍​នៅតែ​មិនអាច​រក​យុត្តិធម៌​ជូន​លោក​បានទេ នោះ​រឹតតែ​បង្ហាញ​ដល់​បណ្ដា​អង្គទូត សហគម​ជាតិ និង​អន្តរជាតិ​ឲ្យ​ដឹង​កាន់តែច្បាស់​ថា តុលាការ​ពិតជា​គ្មាន​ភាព​ឯករាជ្យ និង​គ្មាន​យុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​ទន់ខ្សោយ និង​អ្នកនយោបាយ​ប្រឆាំង​រដ្ឋាភិបាល​ឡើយ ។​

​គួរ​បញ្ជាក់ថា មូលហេតុ​ដែល​លោក សួន សេរី​រដ្ឋា ប្ដឹង​លោក ហោ ណាំហុង នេះ គឺ​ដោយសារតែ​រដ្ឋមន្ត្រីក្រសួង​ការបរទេស​រូបនេះ បាន​ចោទ​គណបក្ស​លោក​ថា មាន​សមាជិក​ជា​ភេ​វរ​ករ កាលពី​ថ្ងៃទី​៧ ខែធ្នូ កន្លងមក​។ លោក សួន សេរី​រដ្ឋា មិនអាច​ទទួលយក​ការ​ចោទ​របស់លោក ហោ ណាំហុង ឡើយ​។​
 
​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​រូបនេះ អះអាងថា​ពាក្យសម្ដី​របស់លោក ហោ ណាំហុង ដែល​បាន​ចោទថា គណបក្ស​លោក​មាន​ក្រុម​ភេរវកម្ម​នេះ គឺ​ធ្វើ​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​គណបក្ស និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច មិន​ហ៊ាន​គាំទ្រ​គណបក្ស​ខ្លួន​៕


Tag:
 សួន សេរី​រដ្ឋា
  CPP
© រក្សាសិទ្ធិដោយ thmeythmey.com