ពីនេះ ពីនោះ
តើ​ពាក្យ​«​គុណនាម​ប្រក្រតី » មានន័យ​ដូចម្ដេច​នៅក្នុង​អក្សរសិល្ប៍​ខ្មែរ​?
18, Feb 2016 , 8:08 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​សទ្ទានុក្រម​ភាសាវិទ្យា និង​អក្សរសិល្ប៍​ខ្មែរ ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានកំណត់​អត្ថន័យ​ពាក្យ «​គុណនាម​ប្រក្រតី​» ដូចខាងក្រោម​៖



​គុណនាម​ប្រក្រតី មានន័យថា ជា​ពាក្យ​មួយ​ប្រភេទ​ដែល​អាស្រ័យ​នឹង​នាម បញ្ជាក់​លក្ខណៈ​ឲ្យ​នាម​ដូច​កម្ម​របស់​នាម​ដែរ​។​

​កម្ម​របស់​នាម​អាចជា​នាម​ឬ​ជា​កិរិយាស័ព្ទ ប៉ុន្តែ​គុណនាម​ប្រក្រតី​មាន​លក្ខណៈ​ប្លែក​ពី​កម្ម​របស់​នាម ដូច​មាន​ឧទាហរណ៍​ខាងក្រោម​៖

១. ការបញ្ជាក់​លក្ខណៈ​ឲ្យ​នាម​(​ដូច​កម្ម​របស់​នាម​ដែរ​) ៖ ផ្ទះ​ល្អ​( ល្អ គុណនាម​ដែលមាន​មុខងារ​ជា​គុណបទ​), ផ្ទះថ្ម ( ថ្ម នាម​ដែលមាន​មុខងារ​ជា​កម្ម​របស់​ផ្ទះ​), ផ្ទះជួល​( ជួល កិរិយាសព្ទ​ដែលមាន​មុខងារ​ជា​កម្ម​របស់​ផ្ទះ​)​។ គេ​អាច​និយាយថា «​ផ្ទះ​ដ៏​ល្អ ប៉ុន្តែ​មិនអាច​ថា ផ្ទះ​ដ៏​ថ្ម »​បានទេ​។

២. គេ​អាចដាក់​គុណនាម​ប្រក្រតី ល្អ ឲ្យ​ទៅជា​វិសេសគុណនាម ឬ ជា​អតិវិសេសគុណនាម ប៉ុន្តែ​កម្ម​របស់​នាម ដែលជា​នាម​ឬ​ជា​កិរិយាសព្ទ​នោះ គេ​មិនអាច​ដាក់​វា​ឲ្យ​ទៅជា​វិសេសគុណនាម ឬ​អតិវិសេសគុណនាម​បានទេ​។ ឧទាហរណ៍​៖ ផ្ទះ​ល្អ អាចដាក់​ជា​វិសេសគុណនាមៈ ផ្ទះ​នេះ​ល្អ​ជាង​ផ្ទះ​នោះ​, ផ្ទះ​ល្អ អាចដាក់​ទៅជា​អតិវិសេសគុណនាមៈ ផ្ទះ​នេះ​ល្អ​ណាស់​/ ល្អ​ពេក​,....​។ រីឯ​ផ្ទះថ្ម​, ផ្ទះជួល​វិញ គេ​មិនអាច​ដាក់​វា​ឲ្យ​ទៅជា​វិសេសគុណនាម​ឬ​អតិវិសេសគុណនាម​ទេ​។

៣. គុណនាម​ប្រក្រតី អាចមាន​ទម្រង់​បដិសេធ​(​ដូច​កិរិយាសព្ទ​ដែរ ផ្ទុយ​ពី​នាម​ដែលជា​កម្ម​របស់​នាម​គ្នាឯង​)៖ ផ្ទះ​មិនល្អ​៕


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com