ជាតិ
សម្តេច ស ខេង ថា លោកមិន​ប្តូរ​តំណែង​ស្នងការ លោក ជួន សុវណ្ណ ក្រោយ​ដំឡើង​ផ្កាយ​បួន​
23, Feb 2016 , 4:37 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និយាយថា ក្នុងនាម​លោក​ជា​រដ្ឋមន្ត្រី​មហាផ្ទៃ លោក​អនុញ្ញាត​ឲ្យ​លោក ជួន សុវណ្ណ ស្នងការ​រាជធានី​ភ្នំពេញបន្តការងារ​របស់លោក ក្នុងការ​កំណត់​ណាមួយ ក្រោយពី​លោក ជួន សុវណ្ណ ត្រូវបាន​ដំឡើង​ឋានន្តរ​ស​កិ្ត​ជានា​យ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​បួន ចំណោម​ឧ​ត្ត​ម​សេនីយ៍​ឯក ៦​រូប កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​។​



​សម្តេច ស ខេង មិនមាន​ផែនការ​ផ្លាស់ប្តូរ​តំណែង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញនោះទេ ក្រោយពី​លោក ជួន សុវណ្ណ ទទួលបាន​ឋានន្តរស័ក្តិ​ជានា​យ​ឧ​ត្ត​ម​សេនីយ៍​។ សម្តេច បាន​និយាយ​តប​នឹង​សំណួរ​អ្នកសារព័ត៌មាន បន្ទាប់ពី​សម្តេច​បើក​សន្និបាតបូកសរុប​ការងារ​ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៦ ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ នេះ​ថា ការដំឡើង​ឋានន្តរស័ក្តិ​ពុំ​ពាក់ព័ន្ធ​នឹង​ការផ្លាស់ប្តូរ​តួនាទី​នោះទេ​។ បើតាម​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ មូលហេតុ​ដែល​លោក ជួន សុវណ្ណ ត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ ព្រោះ​លោក​មាន​ស្នាដៃការងារ​។​

​សម្តេច​និយាយ​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​គិតថា តួនាទី និង​ឋានរ​ន្ត​សក្តិ គឺ​វា​អត់​ស៊ីគ្នា​ទេ​។ បានន័យថា យោងតាម​ស្នាដៃ​ការងារ យើង​អាច​ឲ្យ​សក្តិ​បាន មិនមែន​បានន័យថា ស្នងការ​ត្រូវតែមាន​ស័ក្តិ​ប៉ុណ្ណេះ​នោះទេ គឺ​មិនមាន​កំណត់ ដូច្នេះ​ខ្ញុំ​ក្នុងឋានៈ​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ប្រហែលជា​ប្រគល់​ឲ្យ​គាត់ (​ជួន សុវណ្ណ​) ទទួល​ការងារ​ហ្នឹង (​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​) បន្តទៀត ក្នុង​រយៈពេល​ណាមួយ ជា​កំណត់​»​។​

​គួររម្លឹកថា លោក ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ ត្រូវបាន​ផ្ទេរ​មក​ជំនួស​លោក ទូច ណារ៉ុថ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ហើយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ទូច ណារ៉ុថ ត្រូវ​ផ្ទេរ​ទៅជា​ប្រធាន​នាយកដ្ឋានអង្គរក្ស និង​ត្រូវ​ដំឡើង​ឋានន្តរស័ក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​ទោ​(​ផ្កាយ​ពីរ​) កាលពី​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១២ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​

​កាលណោះ លោក ជួន សុវណ្ណ ដែល​ត្រូវបាន​ជំនួស​តំណែង​លោក ទូច ណារ៉ុថ បាន​ឡើង​ថ្លែង​ពី​ការប្តេជ្ញាចិត្តថា លោក​នឹង​ខិតខំ​ប្រឹងប្រែង​រក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ ដូចជា បង្ក្រាប​បទល្មើស​ចោរលួច ឆក់ ប្លន់ បញ្ហា​បងតូច បងធំ ការ​ចរាចរ និង​ការប្រើប្រាស់​គ្រឿងញៀន និង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ជាដើម​៕



Tag:
 ប៉ូលិស
  ក្រសួងមហាផ្ទៃ
  ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com