អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រុមប្រឆាំង​ស៊ី​រី និង​លោក​អាសាដ​ត្រៀមខ្លួន​អនុវត្ត​បទ​ឈប់​បាញ់​
25, Feb 2016 , 2:45 pm        
រូបភាព
 ​ក្រុមប្រឆាំង​ស៊ី​រី​បាន​និយាយថា នឹង​ទទួលយក​បទ​ឈប់​បាញ់​រយៈពេល​ពីរ​សប្ដាហ៍ ដែល​ត្រូវបាន​ផ្ដួចផ្ដើម​ដោយ​អាមេរិក​និង​រុស្សី​កាលពីដើម​សប្ដាហ៍​កន្លងទៅ​។ រដ្ឋាភិបាល​លោក​អាសាដ ក៏បាន​ប្រកាស​ពី​ការត្រៀមខ្លួន​ក្នុង​ទទួលយក​បទ​ឈប់​បាញ់​នេះដែរ​។ បទ​ឈប់​បាញ់​នេះ នឹង​ជួយ​សម្រួល​ដល់​ស្ថានភាព​មនុស្សធម៌​នៅ​ស៊ី​រី​ដែល​ជួបប្រទះ​បញ្ហា​ស្បៀងអាហារ​ធ្ងន់ធ្ងរ​ដោយសារ​ការប្រយុទ្ធ​បង្ហូរឈាម​គ្នា​។​

 
​គណៈកម្មាធិការ​ចរចា​ជាន់ខ្ពស់ (HNC) ដែលជា​ក្រុមប្រឆាំង​របស់​ស៊ី​រី នឹង​គាំទ្រ​ដល់​បទ​ឈប់​បាញ់​បណ្ដោះអាសន្ន​រយៈពេល​ពីរ​សប្ដាហ៍​។ ក្រុម​នេះ​ចាត់ទុក​ការឈប់​បាញ់​បណ្ដោះអាសន្ន ជាការ​ធ្វើតេស្ត​លើ​ការប្ដេជ្ញាចិត្ត​របស់​ក្រុម​ដទៃទៀត​ចំ​ពើ​ផែន​ការឈប់​បាញ់​ដែល​ផ្ដើម​ដោយ​អាមេរិក​និង​រុស្សី ជាពិសេស​រដ្ឋាភិបាល​លោក អាសាដ​។ ការផ្អាក​ប្រយុទ្ធ​បណ្ដោះអាសន្ន​នេះ នឹង​ជួយ​ឲ្យ​ការដឹកជញ្ជូន​ជំនួយ​ទៅ​ជនភៀសខ្លួន​នឹងមាន​ភាពប្រសើរ​ជាង​មុន​។ 
 
​យោងតាម​សារព័ត៌មាន Al Jazeera នៅ​ដើម​សប្ដាហ៍​នេះ អាមេរិក​និង​រុស្សី​បាន​ឯកភាពគ្នា​លើ​ការបញ្ឈប់​ការបាញ់បោះ​នៅ​ស៊ី​រី ដែល​កន្លងមក​បាន​ឆក់យក​ជីវិត​ប្រជាជន​ស៊ី​រី​យ៉ាងច្រើន​។ នេះ​ជា​ជំហាន​វិជ្ជមាន​មួយទៀត​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​សម្រាប់​បញ្ចប់​វិបត្តិ​ស៊ី​រី ដែល​អូសបន្លាយ​ដល​ឆ្នាំ​ទី​៦​ហើយ ចាប់តាំងពី​ការចាប់ផ្ដើម​ក្នុង​ឆ្នាំ​២០១១​។ អាមេរិក​តែង​ចោទ​ប្រតិបត្តិការ​ដែនអាកាសរ​បស់​រុស្សី ជា​មូល​ហេតុដែល​នាំ​ឲ្យ​មានការ​កើនឡើង​ចំនួន​មនុស្ស​ស្លាប់​នៅ​ស៊ី​រី ដ្បិត​មិនបាន​វាយប្រហារ​ចំ​គោលដៅ​របស់​ក្រុម​រដ្ឋ​ឥស្លាម​នោះទេ​។​
 
​តាមរយៈ​សេចក្ដីប្រកាស​របស់ខ្លួន ក្រុមប្រឆាំង HNC បានបង្ហាញ​ពី​ជំនឿ​ចិត្ត​របស់ខ្លួន​ទៅលើ​បទ​ឈប់​បាញ់​នេះ​។ លើសពីនេះ ការព្រម​ទទួល​បទ​ឈប់​បាញ់ កើតឡើង​ក្រោយពី​រដ្ឋាភិបាល​លោក បា​សា អាល់​អាសាដ បានបង្ហាញ​ជំហរ​ក្នុងការ​ទទួលយក​ផែនការ​ឈប់​បាញ់​នេះ​ដូចគ្នា​។ 
 
​ប្រធានាធិបតី​ស៊ី​រី​លោក អាសាដ បង្ហាញ​គោលជំហរ​បែបនេះ​ក្នុងការ​កិច្ចពិភាក្សា​ទូរ​សព្ទ​ជាមួយ​ប្រធានាធិបតី​រុស្សី​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន​។ បើតាម​សេចក្ដីប្រកាស​របស់​វិមាន​ក្រេ​ម​ឡាំង លោក អាសាដ ហៅ​បទ​ឈប់​បាញ់​នេះ ជា​ជំហាន​ដ៏​សំខាន់​សម្រាប់​ដំណោះស្រាយ​នយោបាយ​នៅ​ស៊ី​រី​។ រុស្សី​ដែលជា​ខ្នងបង្អែក​របស់លោក អាសាដ បាន​ជួយ​របប​ស៊ី​រី ដណ្ដើម​កាន់កាប់​ទឹកដី​ជាច្រើន​ពី​ក្រុម​ឧទ្ទាម តាមរយៈ​ការវាយប្រហារ​ផ្លូវអាកាស ដែល​បានសម្លាប់​ជន​ស៊ី​រី​យ៉ាងច្រើន ហើយ​នេះ​អាចជា​មូលហេតុ​ដែល​នាំ​ដល់​ការឯកភាព​គ្នា​ផ្អាក​ឈប់​បាញ់​។​
 
​យ៉ាងណាមិញ ការឈប់​បាញ់​នេះ នឹង​អនុវត្ត​សម្រាប់តែ​ក្រុម​ឧទ្ទាម​ប្រឆាំង​និង​កងកម្លាំង​រដ្ឋាភិបាល​លោក​អាសាដ ប៉ុន្តែ​មិនបាន​បញ្ចូល​ក្រុម​ជ្រុលនិយម​អាល់ នូ​ស្រា និង​ក្រុម​រដ្ឋ​ឥស្លាម​នោះទេ​។ កិច្ចព្រមព្រៀង​នេះ នឹង​ចាប់ផ្ដើម​អនុវត្ត​នៅ​ចុង​សប្ដាហ៍​នេះ​ពោលគឺ​ថ្ងៃ​សៅរ៍ បន្ទាប់ពី​ភាគី​ទាំងអស់​ចុះហត្ថលេខា អស់​នៅត្រឹម​ថ្ងៃ​សុក្រ​ទី​២៦​ខែកុម្ភៈ​៕
 
 

Tag:
 ស៊ី​រី​
© រក្សាសិទ្ធិដោយ thmeythmey.com