អន្តរជាតិ
គុយបា​អនុញ្ញាត​ឲ្យ​អ្នកប្រឆាំង ៧​នាក់​ទៅ​ក្រៅប្រទេស​មុន​ទស្សនកិច្ច​លោក​អូ​បា​ម៉ា​
25, Feb 2016 , 4:36 pm        
រូបភាព
​រដ្ឋាភិបាល​គុយបា​បានសម្រេច​ឲ្យ​ក្រុមប្រឆាំង​ចំនួន ៧​នាក់​អាចធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​បានជា​លើកដំបូង​។ ការសម្រេច​នេះ​ជា​ឥរិយាបថ​វិជ្ជមាន​របស់​រដ្ឋាភិបាល​ក្រុង​ហា​វ៉ា​ណា ដើម្បី​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រធានាធិបតី​អា​មេ​រិល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា នៅ​ចុងខែ​មិនា​ខាងមុខ​។



​អ្នកប្រឆាំង​រដ្ឋាភិបាល​គុយបា​ចំនួន ៧​នាក់​ត្រូវបាន​រដ្ឋាភិបាល​គុយបា​អនុញ្ញាត​ឲ្យ​ធ្វើដំណើរ​ចេញទៅ​ក្រៅប្រទេស​បាន​ដោយ​សេរី​។ ការសម្រេច​នេះ​ជា​សកម្មភាព​វិជ្ជមាន​មួយ​របស់​រដ្ឋាភិបាល​គុយបា​ដើម្បី​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា នៅ​ខែ​ក្រោយនេះ​។

​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters  អ្នកប្រឆាំង​៧​នាក់​ក្នុងចំណោម​១១​នាក់​ដែល​នៅក្រៅ​ការឃុំខ្លួន​នេះ​បានទទួល​សិទ្ធិ​ពិសេស​អនុញ្ញាត​ដោយ​រដ្ឋាភិបាល​ក្រុង​ហា​វ៉ា​ណា ដើម្បី​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស​បាន​។ ចំណែក ៤​នាក់​ផ្សេងទៀត​នោះ​មិនអាច​ទទួលបាន​សិទ្ធិ​នេះ​ទេ ប៉ុន្តែ​គេ​មិនអាច​ទទួលបាន​ព័ត៌មាន​ជាក់លាក់​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះឡើយ​។​

​យ៉ាងណា​ក៏ដោយចុះ មានមតិ​រិះគន់​លោក អូ​បា​ម៉ា ច្រើន​ជុំវិញ​ការស្តារ​ចំណង​ទំនាក់ទំនង​ជាមួយ​គុយបា និង ការរៀបចំ​ទស្សនកិច្ច​ក្នុងនាម​ជា​ប្រធានាធិបតី​ក្នុង​តំណែង​ទៅកាន់​ប្រទេស​គុយបា​នៅពេល​ខាងមុខ​ផង​។ នេះ​ក៏ដោយ​សារ គេ​មើលមិនឃើញ​ប្រយោជន៍​ច្រើន​ដែល​អាមេរិក​ទទួលបាន​ពី​ការបង្កើត​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​គុយ​បានឡើយ​។ ហើយ​គេ​ក៏​មិន​រំពឹងថា សហរដ្ឋអាមេរិក​អាច​នឹង​ជួយ​ឲ្យ​គុយបា​ផ្លាស់ប្តូរ​នយោបាយ និង​ការអនុវត្ត​ដែល​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ដែរ​។​

​តាមពិត​ទៅក្រោយ​មានការ​ឯកភាពគ្នា​ផ្សាភ្ជាប់​ចំណង​ការទូត​ឡើងវិញ​កាលពី​ចុងឆ្នាំ ២០១៤ រដ្ឋាភិបាល​គុយបា​ក៏បាន​សម្រេច​ដោះលែង​អ្នកទោស ៥៣​នាក់ ដែល​សហរដ្ឋអាមេរិក​ចាត់ទុកជា​អ្នកទោសនយោបាយ​ផងដែរ តែ​ក្រោយមក​គុយបា​ក៏​បន្តសកម្មភាព​ចាប់​ឃុំឃាំង​អ្នកប្រឆាំង​ខ្លួន​បន្តទៀត​។

​សូមបញ្ជាក់ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ក្រោម​ការដឹកនាំ​របស់​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ព្យាយាម​កែប្រែ​សត្រូវ​សង្គ្រាមត្រជាក់​ឲ្យ​ទៅជា​មិត្ត ដោយ​ស្តារ​ទំនាក់ទំនង​ការទូត​ជាមួយ​គុយបា​។ លោក​សង្ឃឹមថា ការភ្ជាប់​ទំនាក់ទំនង​នេះ​នឹង​ជួយ​កែប្រែ​ស្ថានភាព​នយោបាយ​គុយបា ហើយ​វា​ក៏​ជា​មរតក​នយោបាយ​ការបរទេស​សំខាន់​របស់លោក​ផងដែរ​៕ 


Tag:
 គុយបា
© រក្សាសិទ្ធិដោយ thmeythmey.com