អន្តរជាតិ
មេដឹកនាំ​កំពូល​អ៊ីរ៉ង់​ព្រមាន​ពី​កលល្បិច​របស់លោក​ខាងលិច​នៅមុន​ការបោះឆ្នោត​សភា​
25, Feb 2016 , 5:26 pm        
រូបភាព
ដោយ:
​មេដឹកនាំ​កំពូល​អ៊ីរ៉ង់​លោក អា​យ៉ា​តូ​ឡា អា​លី ខា​មេ​នី បានចេញ​សារ​ព្រមាន​ប្រជាជន​អ៊ីរ៉ង់ ពី​គម្រោងការ​អាក្រក់​របស់​បស្ចិមប្រទេស ដែល​ចង់​បញ្ចេញ​ឥទ្ធិពល​ក្នុងពេល​បោះឆ្នោត​អ៊ីរ៉ង់​នៅពេល​ខាងមុខ​។ ជាការ​បោះឆ្នោត​លើកដំបូង​ចាប់តាំងពី​មាន​ការដក​ទណ្ឌកម្ម​។ ការបោះឆ្នោត​លើក​នេះ​ត្រូវគេ​មើលឃើញ​ជាការ​ប្រកួតប្រជែង​រវាង​ក្រុម​កែទម្រង់​របស់លោក រ៉ូ​ហា​នី និង​ក្រុម​អ្នក​អភិរក្សនិយម​។



​ស្រប​ពេលដែល​ការបោះឆ្នោត​សភា​កាន់តែ​ខិតចូល​មកដល់ មេដឹកនាំ​កំពូល​អ៊ីរ៉ង់​លោក អា​លី ខា​មេ​នី បាន​ដាស់តឿន​អ្នកបោះឆ្នោត​អ៊ីរ៉ង់ ត្រូវ​ប្រុងប្រយ័ត្ន​កលល្បិច​របស់​ពួកលោក​ខាងលិច​។ ក្រុម​កែទម្រង់​របស់លោក​ប្រធានាធិបតី ហាស​សាន រ៉ូ​ហា​នី នឹងត្រូវ​ប្រជែង​ជាមួយ​ក្រុម​អភិរក្ស ដែល​ចោទ​លោក​រ៉ូ​ហា​នីថា មាន​និន្នាការ​ទោរទន់​ទៅរក​លោកខាងលិច​។​

​មេដឹកនាំ​កំពូល​រូបនេះ​ដូចជា​មានការ​សង្ស័យ​នឹង​លើ​ការ​ខិត​ចូលគ្នា​យ៉ាង​លឿន​រវាង​អ៊ីរ៉ង់​និង​លោកខាងលិច​។ ប៉ុន្តែ​លោក ខា​មេ​នី ប្រាកដថា ពលរដ្ឋ​អ៊ីរ៉ង់​នឹង​បន្ត​រក្សា​ជំហរ​អ៊ីរ៉ង់​ប្រឆាំងនឹង​ក្រុម​បស្ចិមប្រទេស ក្នុងការ​បោះឆ្នោត​នៅ​ថ្ងៃ​សុក្រ ទី​២៦ ខែកុម្ភៈ​។ តាមរយៈ​សេចក្ដីប្រកាស​នៅលើ​គេហទំព័រ​ផ្លូវការ លោក ខា​មេ​នី បញ្ជាក់​ច្បាស់​ថា ក្រោយ​សម្រេចបាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ អាមេរិក​រៀប​គម្រោងកា​រ​ជ្រៀតចូល​អ៊ីរ៉ង់​។

​ដោយសារតែ​អ៊ីរ៉ង់​មាន​ទំនាក់ទំនង​ល្អប្រសើរ​ជាមួយ​លោកខាងលិច បក្សពួក​របស់លោក​ប្រធានាធិបតី​រ៉ូ​ហា​នី ត្រូវបាន​ក្រុមប្រឆាំង​ចោទថា​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​មហាអំណាច​លោកខាងលិច​រួមមាន​អាមេរិក​និង​អង់គ្លេស ដែលជា​សត្រូវ​នឹង​គ្នា​ចាប់តាំងពី​បដិវត្ត​ឆ្នាំ​១៩៧៩​មក​។ ការចោទប្រកាន់​នេះ​បាន​ចុច​ចំណុច​របស់​ប្រជាជន​អ៊ីរ៉ង់​ដែល​តែង​ប្រុងប្រយ័ត្ន​នឹង​សកម្មភាព​របស់​ក្រុម​លោកខាងលិច​។

​យ៉ាងណាមិញ នៅ​ថ្ងៃ​ពុធ ទី​២៤ ខែកុម្ភៈ លោក​រ៉ូ​ហា​នី​បាន​ច្រានចោល​ការចោទប្រកាន់ របស់​ក្រុមប្រឆាំង​ថា បេក្ខជន​ស្និទ្ធ​រូបលោក​ជាប់​ពាក់ព័ន្ធ​នឹង​លោកខាងលិច ហើយ​នេះ​មិន មែន​ជា​រឿង​ពិត​។ លោក​រ៉ូ​ហា​នី ថែមទាំង​ចាត់ទុកជា​រឿង​អាម៉ាស់​របស់​របស់​ក្រុម​ចារកម្ម​អ៊ីរ៉ង់​ទៀតផង​។      

​លើសពីនោះ​ក្រុម​អ្នកគាំទ្រ​លោក​ប្រធានាធិបតី​រ៉ូ​ហា​នី រំពឹងថា​នឹង​កាន់តែ​ពង្រីក​ឥទ្ធិពល​បន្ថែមទៀត​ក្នុង​សភា​ដែលមាន​សមាជិក​២៨០​នាក់​។ ក្រុម​លោក​រ៉ូ​ហា​នី ក៏​ផ្ដោតលើ​ការពង្រីក​ឥទ្ធិពល​ចូលទៅ​ក្រុមប្រឹក្សា​សាសនវិទូ​ឥស្លាម (Assembly of Experts) ដែល​ទទួលខុសត្រូវ​លើ​ការ​រើស​មេដឹកនាំ​កំពូល​។  

​សូម​បញ្ជាក់ដែរថា ចាប់តាំងពី​មាន​បដិវត្តន៍​ឥស្លាម​ឆ្នាំ​១៩៧៩ ទំនាក់ទំនង​រវាង​អ៊ីរ៉ង់​និង​លោកខាងលិច មិនមាន​ភាពល្អប្រសើរ​ឡើយ​។ មេដឹកនាំ​អ៊ីរ៉ង់​តែងតែ​មានគំនិត​ប្រឆាំងនឹង​មហាអំណាច​លោកខាងលិច ជាពិសេស​អាមេរិក​និង​សម្ព័ន្ធមិត្ត​របស់ខ្លួន ដោយបាន​រិះគន់ថា តេង​តែ​ជ្រៀង​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រ​ទស​ដទៃ​។ យ៉ាងណាក្ដី ទំនាក់ទំនង​នេះ ហាក់​មាន​ភាពល្អប្រសើរ​វិញ ក្នុង​អាណត្តិ​លោក​រ៉ូ​ហា​នី ដែល​បាន​ឈានដល់​ការចុះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​មហាអំណាច​ថែម​ទៀតផង​៕ 


Tag:
 ​អ៊ីរ៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com