ជាតិ
ក្រុមនិស្សិត ស្រី ចំរើន បន្ត​លើកគ្នា​ទៅ​តវ៉ា​មុខ CNRP ប៉ុន្តែ​ទាមទារ​រឿង​ផ្សេង​
01, Apr 2016 , 4:26 pm        
រូបភាព
រូបថត៖ ហ្វេសប៊ុក Srey Chamroeun
រូបថត៖ ហ្វេសប៊ុក Srey Chamroeun
ដោយ:
ក្រុមយុវជន​ដែល​អះអាង​ខ្លួន​មកពី​សាកលវិទ្យាល័យ​ផ្សេងៗ ក្រោម​ការដឹកនាំ​របស់​យុវជន ឈ្មោះ ស្រី ចំរើន បាន​លើកគ្នា​ទៅ​តវ៉ា​មុខ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នា​រសៀល​ថ្ងៃទី​១ ខែមេសា នេះ​។ ខុសពី​លើក​មុនៗ​ដែល​ពួកគេ​ទាមទារ​ឲ្យ​ឯកឧត្តម កឹម សុខា បកស្រាយ​សំឡេង​ខ្សែអាត់ នៅថ្ងៃនេះ ក្រុមយុវជន​ប្រមាណ​៣០​នាក់ បានទាមទារ​ឲ្យ​ប្រធានស្តីទី​បក្ស ឬ​គណបក្ស​ផ្ទាល់​បកស្រាយ​ទាក់ទង​នឹង​បណ្តឹង​ស្តី​ពីបទ​រំលោភ​កម្មសិទ្ធិ​បញ្ញា និង​បញ្ហា​ផ្សេងៗ ។​



​គណបក្ស​សង្គ្រោះ​ជាតិ​(CNRP) បានចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ក្រុមនិស្សិត ស្រី ចំរើន ដែល​បាន​យក​ទង់ អាវ និង​មួក​ដែលមាន​សញ្ញា​សម្គាល់​រប​ស់​គណបក្ស​សង្គ្រោះ​ជាតិ​ទៅធ្វើ​សកម្មភាព អនាធិបតេយ្យ​នៅ​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​២៩ ខែមីនា ដោយ​គ្មាន​ការអនុញ្ញាត​ពី​គណបក្ស​។​

CNRP បានលើកឡើង​ថា​នេះ ជា​អំពើ​ក្លែងបន្លំ​ដោយ​ចេតនា​ក្នុង​បំណង​បង្កាច់បង្ខូច​កិត្តិយស​គណបក្ស និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ហើយក៏​ជាការ​រំលោភច្បាប់​ស្តីពី​កម្មសិទ្ធិបញ្ញា និង​ក្រមព្រហ្មទណ្ឌ​។ បក្សប្រឆាំង​បានស្នើ​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដកហូត​ជាបន្ទាន់​នូវ របស់របរ​ទាំងនោះ ហើយ​ខ្លួន​នឹង​រៀបចំ​សំណុំ​ឯកសារ​ប្តឹងទៅ​តុលាការ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ក្រុមយុវជន​ដែល​ដឹកនាំ​ដោយ​លោកស្រី ចំរើន គ្មាន​ការ​ខ្លាចរអា​នោះឡើយ ដោយ​ពួកគេ​មួយចំនួន​នៅតែ​បន្ត​ពាក់អាវ មួក គណបក្ស​ដដែល​នាពេល​តវ៉ា​នៅថ្ងៃនេះ​។

ដោយសារតែមាន​ការហាម​ឃាត់ពីអ្នកគាំទ្រ​បក្ស​សង្គ្រោះជាតិ ក្រុម​និស្សិត​ ស្រី ចំរើន មិន​អាចយក​ញត្តិ​របស់ទៅ​ដាក់បាន​ឡើយ ទីបំផុត​ទើប​សម្រេច​ចិត្តនាំគ្នា​ចាកចេញវិញ៕

Tag:
 សង្គ្រោះ​ជាតិ
  ស្រី ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com