ជាតិ
មេធាវី​នឹងដាក់​ពាក្យ​ស្នើ​តុលាការ​ដោះលែង​លោក អ៊ុំ សំអាន ក្រោយ​ចូលឆ្នាំ
12, Apr 2016 , 5:04 pm        
រូបភាព
មេធាវី​ការពារ​ក្តី​របស់លោក អ៊ុំ សំអាន នឹងដាក់​ពាក្យ​ទៅ​តុលាការ​ស្នើសុំ​ឲ្យ​ដោះលែង​កូនក្តីរបស់ខ្លួន នៅក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ។ ក្រៅពីស្នើឲ្យដោះលែង លោក ជូង ជូងី ក៏នឹងស្នើឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់លើលោក អ៊ុំ សំអានផងដែរ ហើយដំណើរការនៃការស្នើនេះ នឹងត្រូវធ្វើឡើងជាបន្តបន្ទាប់។



លោក ជូ​ង ជូ​ងី មេធាវី​ការពារ​ក្តី​របស់លោក អ៊ុំ សំអាន បាន​ថ្លែងប្រាប់​សារព័ត៌មានថ្មីៗនៅមុននេះ​ថា លោក​នឹងដាក់​ពាក្យ​ទៅ​តុលាការ​ស្នើសុំ​ឲ្យ​ដោះលែង​លោក អ៊ុំ សំអាន នៅក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ។

ការបញ្ជាក់​យ៉ាង​ដូច្នេះ​របស់​មេធាវី​រូបនេះ គឺ​បន្ទាប់ពី សភា​បានសម្រេច​ឲ្យ​តុលា​ការបន្ត​នីតិវិធី​លើ​លោក អ៊ុំ សំអាន អ្នកតំណាងរាស្ត្រ​មណ្ឌល​សៀមរាប​មកពី​គណបក្ស​សង្គ្រោះ​ជាតិ។ ការសម្រេច​ដែល​បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំពេញអង្គ​រដ្ឋសភា ដោយ​គ្មាន​វត្តមាន​សមាជិកសភា​មកពី​គណបក្ស​សង្គ្រោះ​ជាតិ។ 

មេធាវី​រូប​បានបញ្ជាក់ទៀតថា ក្រៅពី​ស្នើ​ឲ្យ​ដោះលែង​កូនក្តី​របស់ខ្លួន លោក​ក៏​នឹង​ស្នើ​ឲ្យ​តុលាការ​ទម្លាក់ចោល​បទ​ចោទប្រកាន់​លើ​លោក អ៊ុំ សំអាន​ផងដែរ។ លោក​ថា៖«តុលាការ​ចោទប្រកាន់​មិន​ត្រឹមត្រូវ កូនក្តី​ខ្ញុំ​រិះគន់​រឿង​ផែនទី ក្នុងន័យ​ស្ថាបនា ក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់ ហើយ​គាត់​ជា​តំណាងរាស្ត្រ​ដែលមាន​អភ័យឯកសិទ្ធិ»។

លោក អ៊ុំ សំអាន ត្រូវបាន​អាជ្ញាធរ​បញ្ជូន​ខ្លួន​ទៅកាន់​ពន្ធនាគារ​ព្រៃ​ស បន្ទាប់ពីលោក តុប ឈុនឡេង ចៅក្រមស៊ើបសួរ​នៃ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញដីការបង្គាប់ឲ្យឃុំខ្លួន និង​ដាក់ក្រោមការត្រួតពិនិត្យ​ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋជាអាទិ៍ និង​បទញុះញង់​ឲ្យ​មានការ​រើសអើងតាម​មាត្រា៤៩៥និង៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី១២ខែមេសា​នេះ។ តំណាងរាស្ត្រ​សង្គ្រោះ​ជាតិមណ្ឌលសៀមរាប​រូបនេះ ត្រូវបាន​ប៉ូលីស​ស្លៀកពាក់​ស៊ីវិល​នៃ​ក្រសួងមហាផ្ទៃ​ចាប់ខ្លួន​កាលពី​ម៉ោង១២រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី១១មេសា​នេះ នៅក្នុង​ខេត្តសៀមរាប៕



Tag:
 អ៊ុំ សំអាន
© រក្សាសិទ្ធិដោយ thmeythmey.com