ជាតិ
សង្គមជាតិ
អាជ្ញាធរ​អប្សរា​ប្រតិកម្ម​នឹង​ការរិះគន់​រឿង​ស្ពាន​បុរាណ​របស់លោក សុន ឆ័យ
22, Apr 2016 , 9:07 pm        
រូបភាព
ដោយ: ថ្មីៗ
សៀមរាប៖ ថ្មីៗនេះ តំណាងរាស្ត្រ​គណបក្សប្រឆាំង លោក សុន ឆ័យ បាន​រិះគន់​អាជ្ញាធរ​អប្សរា រឿង​ភាពកម្សោយ​គ្រប់គ្រង​ស្ពាន​បុរាណ។ ស្ពាន​តាអោ​ង គឺជា​ស្ពាន​បុរាណ​មួយកន្លែង ដែល​លោក សុន ឆ័យ បាន​និយាយថា បាន​រង​ការខូចខាត និង​ទ្រុឌទ្រោម ដោយ​ពុំមាន​អ្នកថែរក្សា និង​អភិរក្ស។



អាជ្ញាធរ​អប្សរា បាន​ច្រានចោល​ការលើកឡើង​រប​ស់លោក សុន ឆ័យ ដែល​បាន​និយាយថា ស្ពាន​តាអោ​ង ដែលជា​ស្ពាន​បុរាណ ស្ថិតនៅ​ស្រុក​ជីក្រែង ខេត្តសៀមរាប ពុំមាន​ការថែរក្សា​បាន​ត្រឹមត្រូវ។ អាជ្ញាធរ​អប្សរា ចាត់ទុក​ការលើកឡើង​របស់លោក សុន ឆ័យ ថា​ផ្ទុយ​ពី​ការពិត ព្រោះថា ស្ពាន​នេះ​មានការ​យកចិត្តទុកដាក់ និង​ថែទាំ​បាន​យ៉ាង​ល្អ។

អ្វីដែល​ធ្វើ​ឲ្យ​អាជ្ញាធរ​អប្សរា​ប្រតិកម្ម​ទាក់ទង​នឹង​រឿង​ស្ពាន​បុរាណ​នេះ ដោយសារ​តំណាងរាស្ត្រ​បក្សប្រឆាំង គឺ​លោក សុន ឆ័យ កាលពីពេលថ្មីៗនេះ បាន​សរសេរ​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា ស្ពាន​តាអោ​ង​ពុំ​ត្រូវបាន​ថែទាំ និង​ទុក​ឲ្យ​រថយន្ត​ដឹកឈើធំៗ បរ​កាត់​តាមចិត្ត។ ក្នុងនោះដែរ លោក សុន ឆ័យ សរសេរ​បន្ថែមថា «អាជ្ញាធរ​អប្សរា ទទួល​លុយ​ជាង២០លាន​ដុល្លារ​ពី​រដ្ឋាភិបាល​ក្នុងមួយឆ្នាំៗ និង​ប្រាក់​ជំនួយ​បន្ថែម​ពី​បរទេស ដើម្បី​ការថែទាំ​ប្រាសាទ​យ៉ាងណាក៏ដោយ តែ​ស្ពាន​តាអោ​ង​ពុំ​ត្រូវបាន​ថែរក្សា​ទេ»។

ឆ្លើយតប​នឹង​ការចោទប្រកាន់​របស់លោក សុន ឆ័យ អាជ្ញាធរ​អប្សរា បាន​រម្លឹក​ពី​ប្រវត្តិ​នៃ​ការផ្តើម​ការងារ​អភិរក្ស​ស្ពាន​តាអោ​ង។ តាម​របាយការណ៍​រប​ស់​ខ្លួន អាជ្ញាធរ​អប្សរា​បាន​លើកឡើងថា ខ្លួន​បានចាប់ផ្តើម​ធ្វើការ​អភិរក្ស​តាំងពី​ឆ្នាំ២០០៨មក​ម្លេះ ដោយ​ក្នុង​នោះបាន​សម្អាត​រុក្ខជាតិ ចាក់ដី​បំពេញ​ទី​ដែល​ហូរ​ច្រោះ និង​ការសម្អាត​រន្ធត្រដេវ​ជាដើម។ ក្រៅពីនេះ ក៏មាន​ការធ្វើ​បង្គោល​បេតុង ដើម្បី​ការពារ​ស្ពាន​ផងដែរ ដោយ​មិន​អនុញ្ញាត​ឲ្យ​រថយន្ត​ធុន​ធ្ងន់ បើកបរ​លើ​ស្ពាន​នោះទេ។ រថយន្ត​ដែល​អាច​បើក​នៅលើ​ស្ពាន​នេះ​បាន គឺមាន​ចំណុះ​ត្រឹម ៣តោន​ប៉ុណ្ណោះ និង​ទុកចន្លោះ ២,២០ម៉ែត្រ សម្រួល​ចរាចរណ៍​របស់​ប្រជាជន​ក្នុង​តំបន់។

អាជ្ញាធរ​អប្សរា​បញ្ជាក់ថា បច្ចុប្បន្ននេះ​ខ្លួន​កំពុង​សិក្សា​ពី​លទ្ធភាព​ធ្វើ​ស្ពាន​វាង​ថ្មី ដោយ​ទុក​ស្ពាន​តាអោ​ង សម្រាប់ធ្វើ​ការអភិរក្ស​ជា​សម្បត្តិ​បេតិកភណ្ឌ និង​ជា​សមិទ្ធផល​ទេសចរណ៍ ដូច​រូបភាព​ដែល​ខ្លួន​ធ្លាប់​បានធ្វើ មាន​ស្ពាន​កំពង់ក្តី និង​ស្ពាន​បុរាណ​មួយចំនួនទៀត។

ស្ពាន​តាអោ​ង​មាន​ទីតាំងនៅ​ក្នុងភូមិ​កំបោ​អរ ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប។ ស្ពាន​នេះ ជា​ស្ពាន​បុរាណ​វែង​ជាងគេ​ក្នុងចំណោម​ស្ពាន​បុរាណ​ចំនួន ២៣លើ​កំណាត់​ផ្លូវ​បេង (ផ្លូវ​បុរាណ​ពី​អង្គរ​ទៅ​ប្រាសាទព្រះខ័ន​កំពង់ស្វាយ) មាន​បណ្ដោយ​ប្រវែង ៧៧ម៉ែត្រ ទទឹង១៣ម៉ែត្រ និង​មាន​រន្ធត្រដេវ​ចំនួន១។ រន្ធត្រដេវនីមួយៗមាន​ទទឹង​ប្រវែង ២ម៉ែត្រ និង​កម្ពស់ ៦ម៉ែត្រ។ ស្ពាន​នេះ ធ្វើ​អំពី​ថ្មបាយក្រៀម​លម្អ​ដោយ​បង្កាន់ដៃ​នាគ​ក្បាល៩ និង​មាន​ព្រះពុទ្ធ​សមាធិ​នៅ​ចំក្បាល​ធ្វើ​អំពី​ថ្មភក់ ស្ថិតក្នុង​រចនាបទ​បាយ័ន សតវត្ស​ទី១២-១៣ ៕



© រក្សាសិទ្ធិដោយ thmeythmey.com