ជាតិ
សង្គមជាតិ
សាលា​រាជធានី​សម្រេច​លុប​រង្វង់​មូល​៣ និង​រៀបចំ​ភ្លើងស្ដុប​១០០​ទីតាំង
23, Apr 2016 , 3:30 pm        
រូបភាព
​សាលា​រាជធានី​ភ្នំពេញ​គ្រោង​កែប្រែ​រង្វង់​មូល​ចំនួន​៣ កន្លែង​ត្រៀម​រៀបចំ​ភ្លើងស្ដុប​១០០​ទីតាំង​បន្ថែមទៀត ដើម្បី​កាត់បន្ថយ​កកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​។​នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​អភិបាល​រាជធានី​ភ្នំពេញ​។​


 
​លោក ប៉ា សុជាតិ​វង្ស បាន​ឲ្យ​ដឹងថា សាលា​រាជធានី​ភ្នំពេញ​បានរៀបចំ​កិច្ចប្រជុំ​បន្ទាន់​មួយ ផ្តោតលើ​កិច្ចការ​សំខាន់ៗ ៤​ចំណុច ដើម្បី​ជួយ​សម្រួល​ការកកស្ទះ​ចរាចរណ៍ ដោយ​ក្នុងនោះ​រួមមាន ទី​១ ការរៀបចំ​ផ្លាស់ប្តូរ និង​ដាក់​ដំឡើង​ភ្លើងស្តុប​ស្វ័យប្រវត្តិ​ថ្មី​ចំនួន ១០០​ទីតាំង​បន្ថែម នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​កាត់បន្ថយ​នូវ​បញ្ហា​កកស្ទះ​ចរាចរណ៍ ដែល​កិច្ចការ​នេះ គ្រោង​នឹង​សម្រេច​ឱ្យបាន​ទាំងស្រុង នា​ខែមីនា ឆ្នាំ​២០១៧​ខាងមុខនេះ​។ ជាពិសេស ត្រូវ​សិក្សា​ជាបន្ទាន់​នូវ​ការកែប្រែ​រង្វង់​មូល​៣ ដូចជា​រង្វង់​មូល​ទួលគោក រង្វង់​មូល​ចោមចៅ និង​រង្វង់​មូល​កាំ​កូ​ស៊ី​ធី ឲ្យ​ក្លាយទៅជា​ទីតាំង​ភ្លើងស្តុប​វិញ ។​
 
​ចំណុច​ទី​២ កំណត់ និង​ដាក់​កម្លាំង​នៅតាម​គោលដៅ​កកស្ទះ​ចរាចរណ៍​សំខាន់ៗ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ជួយ​សម្រួល​ចរាចរ​ជូន​ប្រជាពលរដ្ឋ តាម​ការសិក្សា​មាន​ចំនួន ១៨២​គោលដៅ​សំខាន់ៗ ។ ទី​៣ កែសម្រួល និង​កំណត់​ទាំង​ពេលវេលា និង​យន្ត​ការផ្តល់​សេវាសាធារណៈ​លើ​សេវា​សុរិយោដី និង​សំណង់ ឱ្យបាន​កាន់តែ​ប្រសើរឡើង និង​ច្បាស់លាស់ និង​ទី​៤ ការងារ​ថែទាំ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ការជួសជុល​គ្រលុក​សំបុកមាន់ ការជួសជុល​រ៉ឺ​ហ្គ័​រ និង​ការថែរក្សា​លូ​ជាដើម ត្រូវ​ផ្តល់​ការទទួលខុសត្រូវ​ដល់​មូលដ្ឋាន​ខណ្ឌ​នីមួយៗ​តែម្តង​។ 
 
​អភិបាល​រាជធានី​ភ្នំពេញ​រូបនេះ បញ្ជាក់ថា ការដាក់​កិច្ចការ​ទាំងនេះហើយ ដែលជា​ម៉ែត្រ​សម្រាប់​វាស់​សមត្ថភាព​របស់​ខ​ណ្ឌ​នីមួយៗ ថា​តើន​រណា​អនុវត្ត ឬ​មិន​អនុវត្ត​? ហើយ​លោក សង្ឃឹម និង​ជឿជាក់​លើ​ក្រុមការងារ​ទាំងអស់​ត្រូវ​ខិតខំ​បម្រើ​ប្រជាពលរដ្ឋ​យើង​ឱ្យបាន​ល្អ ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​៕
 

Tag:
 សាលា​រាជធានី
  ភ្លើងស្ដុប​
© រក្សាសិទ្ធិដោយ thmeythmey.com