ជាតិ
សង្គមជាតិ
សង្គម​ស៊ីវិល បដិសេធ​ថាមិនបានបង្គាប់ឲ្យ​ស្រីមុំ និយាយកុហកឡើយ
23, Apr 2016 , 5:07 pm        
រូបភាព
សង្គម​ស៊ីវិល ដែល​តែងតែ​យកចិត្តទុកដាក់​លើក​ញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ បាន​បដិសេធថា ពួកគេ​មិនដែល​បង្គាប់​ប្រាប់​កញ្ញា​ស្រីមុំ ឲ្យ​ឆ្លើយ​បំភ្លៃ​ការពិត និង​កុហក ពី​សំឡេង​ខ្សែអាត់​ដែល​នាង​ទទួលស្គាល់ថា ជា​សំឡេង​សាសង​ស្នេហា ជាមួយ​ឯកឧត្តម កឹម សុខា នោះទេ។



ប្រធាន​ស៊ើបអង្កេត​នៃ​សមាគម​អាដហុក លោក នី សុខា ដែល​ជួយ​ដោះស្រាយ​បញ្ហា​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ គ្រា​ដែល​នាង​ពឹង​ឲ្យ​ជួយ​នោះ អះអាងថា រូបលោក​និង​ក្រុមការងារ មិនដែល​រារាំង និង​បង្ខិតបង្ខំ​ឲ្យ កញ្ញា​ស្រីមុំ ឆ្លើយ​ពង្វាង ឬ កុហក​សមត្ថកិច្ច​នៅពេល​សាកសួរ​ពី​រឿង​សំឡេង​ខ្សែអាត់​នោះទេ។ លោក នី សុខា បន្ថែមថា រាល់​ពេលដែល​ក្រុមការងារ​លោក ជួប​ជាមួយ កញ្ញា​ស្រីមុំ នោះ​គឺ​តែងតែ​ជំរុញ​ចិត្ត​នាង​ឲ្យ ឆ្លើយបំភ្លឺ​ការពិត​នៅ​ចំពោះមុខ​តុលាការ  ដោយ​លោក​ផ្លែផ្កា​វិញ​ថា ពាក្យ​កុហក​ទាំងនោះ គឺ​កញ្ញា​ស្រីមុំ ខ្លួនឯង​ដែល​អះអាង មិន​ស្គាល់គ្នា​ជាមួយ​ឯកឧត្តម កឹម សុខា នៅពេលដែល​មកសុំ​ការអន្តរាគមន៍​ពី​សមាគម​អាដហុក។

ថ្លែងប្រាប់​សារព័ត៌មានថ្មីៗ ប្រធាន​ស៊ើបអង្កេត​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា៖«ខ្ញុំ​មានការ​សោកស្ដាយ​ចំពោះ​កញ្ញា ស្រីមុំ ដែល​យល់ច្រឡំ ចោទប្រកាន​មក​សមាគម​យើង។ សមាគម​អាដហុក មិនដែល​រារាំង និង​បង្ខិតបង្ខំ​ឲ្យ​កញ្ញា​ស្រីមុំ​និយាយ​កុហក​នោះទេ ព្រោះ​នៅពេលដែល​ស្រីមុំ​មកសុំ​អន្តរា​គម​ពី​អាដហុក​យើង​នាង​មិនដែល​ប្រាប់ថា​ចង់​ប្ដឹង​លោក កឹម សុខា នោះទេ តែ​បាន​ប្រាប់ថា​នាង​មិនដែល​ស្គាល់​លោក កឹម សុខា ទើប​អាដហុក​យើង​ជួយ​នាង​ក្នុងនាម​ជា​សមាគម​ការពារ​សិទ្ធិមនុស្ស​ប៉ុណ្ណោះ»។

លោក នី សុខា អះអាងថា សមាគម​អាដហុក​មាន​វីដេអូ​ឃ្លី​ប អំពី​ការសន្ទនា និង​ការពន្យល់​ហេតុផល​ដល់ក​ញ្ញា ស្រីមុំ កន្លងមក ដែល​អាច​បញ្ជាក់ថា អាដហុក​មិន​ធ្លាប់​ប្រាប់​នាង​ឲ្យ​និយាយ​កុហក​នោះទេ។ លោក នី សុខា ក៏បាន​ចំអក​វិញ​ថា ការចោទប្រកាន់​របស់​ស្រីមុំ​នេះ ទំនងជា​នាង​ខឹង​នឹង​សមាគម​អាដហុក ដែល​បានសម្រេច​ឈប់​ផ្ដល់​មេធាវី​ដល់​រូបនាង។

ប្រធាន​អង្គការ សីល​ការ អ្នកស្រី ធីតា ឃឹះ ដែល​រង​ការចោទប្រកាន់​ពី​សំណាក់​ស្រីមុំ ថា​បាន​ប្រាប់​នាង​ឲ្យ​និយាយ​កុហក​សមត្ថកិច្ច​នោះ ក៏បាន​បដិសេធ​ដែរ ដោយ​អ្នកស្រី ខកចិត្ត​និង​សោកស្ដាយ​ចំពោះ​ពាក្យសម្ដី​ស្រីមុំ ដែល​ចោទ​ខ្លួន​បែបនេះ«ខ្ញុំ​មិនបាន​ដឹង​ពី​រឿង​ស្នេហា​ឯកជន​រវាង​នាង និង​លោក កឹម សុខា នោះទេ។ ហើយ​នៅពេលដែល​ខ្ញុំ​ជួប​នាង​ខ្ញុំ​មិនបាន​បង្គាប់​ឲ្យ​នាង​និយាយ​ឆ្លើយ​កុហក​អ្វី​នោះឡើយ ដោយ​ខ្ញុំ​គ្រាន់តែ​ស្ដាប់​ពី​ហេតុផល និង​រឿងរ៉ាវ​របស់​នាង​ប៉ុណ្ណោះ»។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី ធីតា ឃឹះ។

ពាក្យសម្ដី​របស់​ស្រីមុំ ដែល​អះអាងថា មាន​អង្គការ​មួយចំនួន​ដែល​ប្រាប់​ឲ្យ​នាង​ឆ្លើយ​ដោះសារ​ចំពោះ​សមត្ថកិច្ច ដោយ​ត្រូវបាន​សារព័ត៌មាន​Fresh News ចុះផ្សាយ​នោះ រួមមាន​លោក នី សុខា, លោក យី សុខសាន្ត, លោក ណៃ វ៉ាន់ដា និង​លោកស្រី លឹម មុន្នី មន្ត្រី​អង្គការ​អាដហុក និង​លោកស្រី ធី ឃីៈ ប្រធាន​អង្គការ សីល​ការ, ប្រធាន​អង្គការ ណ្ក​ដ​ស៊ី, ឈ្មោះ ស៊ឺន សាលី មន្ត្រី​អង្គការសិទ្ធិមនុស្ស UN និង​ឈ្មោះ ស៊ា​ង ចែត មេឃុំ​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម។

ជុំវិញ​បញ្ហា​នេះ​ក្រសួងយុត្តិធម៌ ក៏បាន​ចេញ​សេចក្ដីថ្លែងការណ៍ ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ចំពោះ​ទង្វើ​ល្មើសច្បាប់​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ និង​សូម​អំពាវនាវ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ស្រាវជ្រាវ​ឲ្យ​បានច្បាស់លាស់ និង​ចាត់វិធានការ​ឲ្យ​បាន​ម៉ឹងម៉ាត់​បំផុត។

ត្រង់ចំណុច​នេះ​សង្គម​ស៊ីវិល​ទាំងនេះ បាន​ផ្លែផ្កា​វិញ​ថា ក្រសួងយុត្តិធម៌​គួរតែ​សិក្សា​ឲ្យ​បានច្បាស់លាស់​ជាមុនសិន​ទៅលើ​ក្រដាស​មួយច្បាប់ ដែល​សរសេរ​ដោយ​ដៃ​ហើយ​ចុះផ្សាយ​ថា​ជា​ពាក្យសម្ដី​របស់​ស្រីមុំ​នេះ ព្រោះ​អក្សរ​លើ​ក្រ​ដា​មួយ​សន្លឹក​អ្នកណា​ក៏​អាច​សរសេរ​បានដែរ។ ទាំង​លោក នី សុខា ទាំង​អ្នកស្រី ធីតា ឃឹះ បានដាក់​ងឿងឆ្ងល់​ថា មូលហេតុ​អ្វី​បានជា​ក្រសួងយុត្តិធម៌ មានការ​ចាប់អារម្មណ៍​លើ​បញ្ហា​ឯកឧត្តម កឹម សុខា និង​ថ្កោលទោស​សង្គម​ស៊ីវិល ដោយ​គ្រាន់តែ​អក្សរ​លើ​ក្រដាស​មួយ​សន្លឹក​នេះ? ៕



© រក្សាសិទ្ធិដោយ thmeythmey.com