ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឯកឧត្តម កឹម សុខា ថា គេ​តាម​យាយី​តាំងពី​ឆ្នាំ​១៩៩៣
11, May 2016 , 5:35 pm        
រូបភាព
​ចាប់តាំងពី​ឈាន​ជើង​ចូលក្នុង​ឆាកនយោបាយ មក ឯកឧត្តម កឹម សុខា តែ​រង​នូវ​ការ​រុកកួន​ពី​សំណាក់​បុគ្គល​ដទៃ ដោយ​ឥត​ស្រាកស្រាន្ត​។ ប៉ុន្តែ​ឯកឧត្តម​កឹម សុខា ហាក់ដូច​ស៊ាំ​ទៅហើយ ចំពោះ​ទិដ្ឋភាព​នៃ​ការយាយី​បែបនេះ ហើយ​ថែមទាំង​ធ្វើ​ឲ្យ​លោក កាន់តែ​រឹងមាំ​និង​តស៊ូ​ទៅវិញ ដើម្បី​គណបក្ស​ស​ង្រោះ​ជាតិ សម្រេច​គោលដៅ​ក្នុងការ​ដឹកនាំ​ប្រទេស​នៅពេល​ខាងមុខ​។ នេះ​បើតាម​ការរៀប​រាប់រប​ស់លោក ឯ​ឧ​ត្ត​ម កឹម សុខា នៅ​ចំពោះមុខ អ្នកគាំទ្រ​របស់ខ្លួន​។​



​អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ឯកឧត្តម កឹម សុខា បាន​អះអាងថា ចាប់​តាំង​ទសវត្ស​ទី​៩០​មក ជីវិត​នយោបាយ​របស់​ឯកឧត្តម មិនដែល​រួចផុត​ពី​ការ​ឆាឆៅ​របស់​គួ​ប្រកួត​ឡើយ​។ ឯកឧត្តម​ កឹម សុខា បន្តថា រហូតមកដល់​បច្ចុប្បន្ន​នេះ ឯកឧត្តម នៅតែ​រង​សម្ភា​ធ​និង​ការ​ព្យាបាទ​ពី​អ្នកដទៃ ដើម្បី​បំបាក់​ប្រជាប្រិយភាព​ក្នុង​ឆាកនយោបាយ​។ ការ​ថ្លែង​បែបនេះ ធ្វើឡើង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​តំណាង​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ទូទាំង​រាជធានី​ភ្នំពេញ ដែល​ប្រារព្ធ​នៅ​ទីស្នាក់ការ​កណ្តាល នា​ថ្ងៃទី​១១ ឧសភា​នេះ​។

​ឯកឧត្តម កឹម សុខា លើកឡើងថា ដោយសារតែ​ចង់​បញ្ឈប់​ជីវិត​នយោបាយ​របស់​ឯក​ឧ​ត្ត​ម គួ​ប្រជែង​បាន​ចំណាយ​ប្រាក់ និង​កម្លាំង​មនុស្ស​អស់​ជាច្រើន​។ អនុប្រធាន​បក្ស​ជំទាស់​រូបនេះ បន្ថែមទៀតថា មូលហេតុ​ដែល​គួ​បដិបក្ខ​ព្យាយាម​តា​មក​រុក​ទន្ទ្រាន​ជីវិត​នយោបាយ​របស់ខ្លួន​ដូច្នេះ ដោយសារតែ​ឯកឧត្តម បាន​ឈរលើ​គោលជំហរ​ប្រយោជន៍​ជាតិ និង​ប្រជាជន ជាធំ​។

​ឯកឧត្តម កឹម សុខា បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​ឲ្យ​គេ​សរសេរ​ពី​ការ​ធ្វើទុក្ខបុកម្នេញ​ខ្ញុំ តាំងពី​ខ្ញុំ​ធ្វើ​នយោបាយ ពី​ឆ្នាំ​១៩៩៣ មក​។ គេ​រករឿង​ខ្ញុំ​រហូត ហើយ​រឿង​ហ្នឹង​មាន​ចងក្រង​ជា​សៀវភៅ​ទុក​។ អ្នកខ្លះ​ថា ម្តេចក៏​គេ ចំណាយ​ពេលវេលា ចំណាយ​ស្ថាប័ន ចំណាយលុយ ចំណាយ​មនុស្ស​ច្រើនណាស់ មកលើ​រឿង​បុគ្គល​ខ្ញុំ​ម្នាក់​។ បើជា​រឿង​ខ្ញុំ ប្រហែលជា​គេ​មិនចាំបាច់​ធ្វើ​ដល់​ប៉ុណ្ណឹង​ទេ​។ តែ​កឹម សុខា នេះ​គឺជា​តិ កឹម សុខា ឈរ​ដើម្បី​ជាតិ​។ អ៊ីចឹង​ដើម្បី​គាស់​ជាតិ​ហ្នឹង​មួយ វា​ត្រូវ​ទើស​កឹម សុខា ហ្នឹង​បាំង​មុខ​»​។

​ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម កឹម សុខា ពេលនេះ គឺ​ស្របទៅនឹង​ស្ថានភាព​នយោបាយ​នាពេល​ប​ប្ចុ​ប្បន្ន​ដែល​កំពុងតែ​អាប់​អួល​កាន់​ខ្លាំង​ទៅៗ ដោយសារតែ​ការ​ពាក់មុខយក្ស​ដាក់គ្នា​រវាង​បក្ស​កាន់អំណាច​និង​បក្សប្រឆាំង​៕


Tag:
 ​កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com