ជាតិ
លោក ឯម ច័ន្ទ​មករា នឹង​ស្នើ​ទៅ​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច ឲ្យ​ដក​«​មន្ត្រី​ស្ពឹក​»​លើ​ការងារ​ពិការភាព​
26, May 2016 , 9:39 pm        
រូបភាព
​លោក ឯម ច័ន្ទ​មករា  នឹង​ស្នើ​ទៅ​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច លោក វង់ សូត ឲ្យ​ពិនិត្យ ពិចារណា​ដកតំណែង មន្ត្រី​ណា​ដែល មាន​ភាពស្ពឹក​ស្រពន់ ចំពោះ​ការងារ​ពិការភាព​។ ការ​ថ្លែង​បែបនេះ របស់​អគ្គលេខាធិការ​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ  រូបនេះ គឺធ្វើឡើង​នៅក្នុង​វគ្គ​បណ្តុះបណ្តាល​សមាជិក​ក្រុមការងារ​សកម្មជន​ពិកា​រ​តាម​ក្រសួង ស្ថាប័ន ស្តីពី​ការកសាង​ផែនការ​សកម្មភាព នៅ​ថ្ងៃទី​២៦​ខែឧសភា​នេះ នៅ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ ។



​លោក ឯម ច័ន្ទ​មករា បាន​និយាយ​ខ្លាំងៗ​យ៉ាងនេះ​ថា ៖«​ខ្ញុំ​នឹង​ស្នើ​ទៅ​ថ្នាក់ដឹកនាំ​របស់​ក្រសួង​សង្គមកិច្ច  ដើម្បី​ដក​មន្ត្រី​អគ្គលេខាធិការដ្ឋាន​ណា​ដែល​ស្ពឹក​ស្រពន់ មិន​ព្រម​យកចិត្តទុកដាក់​ទៅលើ​ការងារ​ពិការភាព​។ យើង​នឹង​ស្នើ​ឲ្យ​មានការ​ពិនិត្យ ពិចារណា សើរើ​មន្ត្រី​ចាប់តាំងពី​ថ្នាក់​អគ្គនាយក រហូតដល់​មន្ត្រី​»​។

​សូម​ស្តាប់​សំឡេង​របស់លោក ឯម ច័ន្ទ​មករា ៖



​បន្ទាប់ពី​ប្រកាស​បែបនេះហើយ អគ្គលេខាធិការ​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ រូបនេះ ក៏បាន​ប្រតិកម្ម​តប ទៅ​ប្រធាន​អង្គការ​មួយរូប​ដែល​ធ្លាប់​លើកឡើង​ពី​បញ្ហា​ប្រឈម​របស់​បងប្អូន​ជនពិការ ក្រោយ​អាជ្ញាធរ​ហាម​មិន​ឲ្យ​ក្រុម​ជនពិការ​ច្រៀង​តាម​ស្តុ​ប ឬ​តាម​ទីសាធារណៈ​។  លោក ឯម ច័ន្ទ​មករា បញ្ជាក់​ទៅកាន់​ប្រធាន​អង្គ​ការដែល​លោក មិន​បញ្ចេញ​ឈ្មោះ​នោះ​យ៉ាងនេះ​ថា​៖« លោក​ពិនិត្យឡើងវិញ បើ​លោក​លើកទឹកចិត្ត​បងប្អូន​ជនពិការ​ឲ្យ​ច្រៀង​នៅតាម​ថ្នល់ ស្មើនឹង​គាត់​លើកទឹកចិត្ត​ឲ្យ​បងប្អូន​ជនពិការ​សុំទាន​»​។​

​សូមបញ្ជាក់ថា កន្លងមក រដ្ឋបាល​រាជធានី​ភ្នំពេញ បានស្នើ​ឲ្យ​ក្រុម​ជនពិការ​បញ្ឈប់​សកម្ម​ភាព​ច្រៀង​តាម​ស្តុ​ប ឬ​តាម​ទីសាធារណៈ​របស់ខ្លួន ក្រោម​ហេតុផល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​តាម​ចិញ្ចើមផ្លូវ ប៉ះពាល់​ដល់​ចរាចរណ៍ ជះឥទ្ធិពល​មិនល្អ​ទៅដល់​សង្គម ឬ​ប៉ះពាល់​ដល់​កិត្តិយស​របស់​ជនពិកា​រ​ផ្សេងទៀត​៕


Tag:
 ឯម ច័ន្ទ​មករា​
  ​ពិការ​
© រក្សាសិទ្ធិដោយ thmeythmey.com