ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា មិន​ចូលរួម​ចេញ​សេចក្តីថ្លែងការណ៍​គាំទ្រ​សេចក្តីសម្រេច​តុលាការអន្តរជាតិ​ឡើយ​
20, Jun 2016 , 10:46 am        
រូបភាព
ដោយ:
 
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ម៉ឺងម៉ាត់ ថា រាល់​សេចក្តីថ្លែងការណ៍​ទាំងឡាយណា ដែល​ទាក់ទង​នឹង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​មិន​សមស្រប កម្ពុជា មិន​ចូលរួម​ជាមួយ​ឡើយ​។ សម្តេច ក៏​ប្រកាស​មិន​គាំទ្រ​ចំពោះ​ សេចក្តីសម្រេច​របស់​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​ ដែល​ប្តឹង​ដោយ​ហ្វីលីពីន​ប្រឆាំង​ចិន​ផងដែរ​។​


​នា​ពិធី​បិទ​វគ្គ​ប្រគល់​សញ្ញាបត្រ​ដល់​សិស្សសាលា​ភូមិន្ទបាល​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ សម្តេច ហ៊ុន សែន បាន​អះអាង​ជាថ្មី​ពី​គោលជំហរ​របស់​កម្ពុជា​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង និង​ទទូច​ឲ្យ​បញ្ឈប់​ចោទប្រកាន់​កម្ពុជា​ថា​ជា​អ្នក​បំផ្លាញ​ដំណោះស្រាយ​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។ 
 
​សម្តេចនាយក​រដ្ឋមន្ត្រី បាន​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ដោះស្រាយ​ជម្លោះ ដោយ​ប្រើ​យន្តការ​អាស៊ាន​-​ចិន ដើម្បី​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​សេចក្តីថ្លែងការណ៍​ភាគី​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​(DOC) ខិតខំ​តាក់តែង​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​(COC)​រវាង​អាស៊ាន​-​ចិន​និង​ប្រទេស​ពាក់ព័ន្ធ​ត្រូវ​ដោះស្រាយ ដោយ​ជជែក​ពិភាក្សាគ្នា​។ ជាមួយគ្នានេះ សម្តេច ក៏​ទទូច​ភាគី​ពាក់ព័ន្ធ​អត់ធ្មត់​ពី​ការ​គំរាម និង​ប្រើប្រាស់​កងកម្លាំង​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ផងដែរ​។​
 
​ប្រតិកម្ម​របស់​សម្តេច​នាយករដ្ឋមន្ត្រី ធ្វើឡើង​បន្ទាប់ពី​មាន​អង្គទូត​មួយ​បញ្ចុះបញ្ចូល​ឲ្យ​សម្តេច​ចេញ សេចក្តីថ្លែងការណ៍​ដើម្បី​គាំទ្រ​តុលាការអន្តរជាតិ ដោយ​សម្តេច ដាក់​ការសង្ស័យថា ជា​រឿង​នយោបាយ រៀបចំ​ទុក​មុន​។ 
 
​យ៉ាងណាក៏ដោយ សម្តេចនាយក​រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ ថា រាល់​វេទិកា​ទាំងឡាយ​ដែល​លើកឡើង​ពី បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​មិន​សមស្រប សម្តេច នឹងមិន​ចូលរួម​ចេញ​សេចក្តីថ្លែងការណ៍​ឡើយ​។ ហើយ​សម្តេច ក៏​មិន​គាំទ្រ​ចំពោះ​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​ក្រុងឡាអេ​ដែរ​។ សម្តេច បញ្ជាក់ថា បើទោះបីជា​សេចក្តីសម្រេច​របស់​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ សម្រេច​គាំទ្រ ឬ​ប្រឆាំង​ចិន​យ៉ាងណាក៏ដោយ សម្តេច​នៅតែ​មិន​គាំទ្រ​ដដែល​។ 
 
​សូម​ជម្រាប​ផងដែរ​ថា កាលពី​ឆ្នាំ​២០១៣ ហ្វីលីពីន បាន​ប្តឹង​ចិន​ទៅកាន់​ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការអន្តរជាតិ​ក្រុងឡាអេ នៃ​ប្រទេស​ហូ​ឡង់ ដោយបាន​ចោទ​ចិន​ថា បាន​រំលោភ​លើ​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​(EEZ)​និង​តំបន់​ផ្សេងទៀត​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​បាន​កំណត់ដោយ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២(UNCLOS)​។ តែ​ចិន បាន​បដិសេធ​មិន​ចូលរួម​ក្នុង​ដំណើរការ នៃ​ការជំនុំជម្រះ​នេះ​នោះទេ​។​
 
​បើទោះបីជា​គ្មាន​វត្តមាន​ចិន​ចូលរួម​ក៏ដោយ នៅ​ចុងឆ្នាំ​២០១៥ ម​ជ្ឈ​ត្ត​ករ​នៃ​ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការអន្តរជាតិ បានប្រកាស​ពី​យុត្តាធិការ​ក្នុងការ​ជំនុំជម្រះ​បញ្ហា​នេះ​តាម​បណ្តឹង​របស់​ហ្វីលីពីន​រួចទៅហើយ​។ ការសួរដេញដោល​ឬ​ជំនុំជម្រះ​ចុងក្រោយ ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ហើយ ការប្រកាស​ម​ជ្ឈ​ត្ត​វិនិច្ឆ័យ ឬ​សេចក្តីសម្រេច​នៃ​សំណុំ​រឿងនេះ ត្រូវបាន​រំពឹងថា នឹងត្រូវ​បានប្រកាស​នៅ​ខែមិថុនា ឬ​កក្កដា​ខាងមុខ​ដ៏​ខ្លី​នេះហើយ​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com