ជាតិ
ស្ត្រីជន​ពិការ​ដំបូង​គេ​សម្រេច​គោលបំណង​ក្នុង​ការឡើង​រូត​បាកាណ​អង្គរវត្ត​
21, Jul 2016 , 3:40 pm        
រូបភាព
រូបភាពពី៖ហ្វេសប៊ុក ​អាជ្ញាធរជាតិអប្សរា
រូបភាពពី៖ហ្វេសប៊ុក ​អាជ្ញាធរជាតិអប្សរា
​សៀមរាប​៖ វា​ជា​រឿង​មួយ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដែរ ដែល​ស្ត្រី​ជា​ជនពិការ​ជើង​ម្នាក់ បាន​ឡើងលើ​រូត​បាកាណ​បាន​ដោយ​ជោគជ័យ​។ នាង​ត្រូវបាន​ចាត់ទុកថា ទំនងជា​ស្ត្រី​ដំបូង​គេ ដែលជា​ជនពិការ ដែល​អាច​ឡើង និង​ចុះ​រូត​បាកាណ ដែលជា​កន្លែង​ខ្ពស់បំផុត​នៃ​ប្រាសាទអង្គរវត្ត​។​



​ជឿន គឹម​ហេង គឺជា​នារី​ជនពិការ​ម្នាក់ ដែល​បានដាក់​ពាក្យស្នើសុំ​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ឡើងទៅ​រូត​បាកាណ​។ ហេតុផល​ថា កន្លងមក ចាស់ជរា កុមារ និង​ជនពិការ​ជាដើម ពុំ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ឡើងលើ​រូត​បាកាណ​ទេ ក្រោម​ហេតុផល ដើម្បី​ខ្លាច​កើត​គ្រោះថ្នាក់​ណាមួយ​ជាយថាហេតុ​។​

​នៅ​ថ្ងៃទី​២០ កក្កដា ជឿន គឹម​ហេង ដែល​ស្វិតដៃជើង​តាំងពី​នៅ​តូច ត្រូវបាន​អនុញ្ញាត​ឲ្យ​ឡើងលើ​បាកាណ ក្រោយពី​នាង​បាន​សរសេរ​លិខិតបញ្ជាក់​ពី​ការទទួលខុសត្រូវ​ដោយ​ខ្លួនឯង ក្នុងការ​ជំទាស់​បទបញ្ជា​ផ្ទៃក្នុង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។ ជា​លទ្ធផល នាង​បាន​ឡើង​និង​ចុះ​រូត​បាកាណ​ដោយ​ជោគជ័យ និង​ពោរពេញ​ដោយ​មោទនភាព ក្នុងនាម​ជា​ជនពិការ​ម្នាក់​។​

​ជឿន គឹម​ហេង មាន​អាយុ​២៥​ឆ្នាំ ហើយក៏​ជា​មន្ត្រីរាជការ​ម្នាក់​ផងដែរ​។ នាង​ធ្លាប់​ត្រូវបាន​បុគ្គលិក​របស់​អាជ្ញាធរ​ជាតិ​អប្សរា ជំទាស់​នឹង​បំណង​នាង​កាលពី​២​ទៅ​៣​ខែ​មុន ខណៈដែល​នាង ទាមទារ​ចង់​ឡើង​រូត​បាកាណ​អង្គរវត្ត ដែល​គេ​ស្គាល់​ថា ជាទី​សក្ការៈបូជា​ដែល​ខ្ពស់​ជាងគេ​។ ជឿន គឹម​ហេង មិន​គិតថា ជនពិការ​គ្មាន​សមត្ថភាព​ដូច​មនុស្ស​ធម្មតា​នោះទេ​។ នេះ​បើតាម​ខ្លឹមសារ ដែល​សរសេរ​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​។​

​ក្រោយពី​សម្រេច​គោលបំណង​របស់ខ្លួន​រួចមក ស្ត្រី​ជនពិការ គឹម​ហេង បាន​សម្តែង​អារម្មណ៍​រំភើប រីករាយ​។ នាង​ថា រូត​បាកាណ​ជា​កន្លែង​ដ៏​អស្ចារ្យ ហើយ​វា​លែង​ជា​រឿន​និទាន ដូចដែល​នាង​ធ្លាប់​បានគិត​កន្លងមក​។ «...​ខ្ញុំ​បានមក​ដល់​ហើយ អង្គរ​ពុំមែន​ជា​រឿងនិទាន​ទៀត​ទេ វា​ជា​របស់​មាន​ពិត​”​។ នេះ​ជា​អារម្មណ៍​ពិត​របស់​ស្ត្រីជន​ពិការ​ដំបូង ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​ឡើងលើ​រូត​បាកាណ​៕


© រក្សាសិទ្ធិដោយ thmeythmey.com