អន្តរជាតិ
ចិន ៖ គ្រាន់តែចុះពីរថយន្ត ស្ត្រីពីរនាក់ត្រូវខ្លាក្នុងសួនសត្វខាំអូសដោយក្តីស្រេកឃ្លាន
× ស្ត្រីម្នាក់ត្រូវបានសម្លាប់ និងម្នាក់ទៀតរងរបួស ដោយសារសត្វខ្លានៅក្នុងសួនសត្វមួយនៅទីក្រុងប៉េកាំង ពេលដែលពួកគេចុះពីរថយន្ត បន្ទាប់ពីកើតមានជម្លោះ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានចិន កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។
បើតាមគេហទំព័រ Chinanews.com គ្រោះថ្នាក់នេះកើតឡើងកាលពីថ្ងៃសៅរ៍នៅសួនសត្វ Beijing Badaling Wildlife ។ បន្ទាប់ពីមានការឈ្លោះប្រកែកគ្នា ស្ត្រីម្នាក់បានចុះពីរថយន្ត។ ភ្លាមនោះ សត្វខ្លាមួយក្បាលនៅក្នុងសួនសត្វស្រាប់តែបង្ហាញខ្លួននៅតាមផ្លូវដែលរថយន្តកំពុងបរ រួចខាំអូសស្ត្រីរូបនោះយកទៅបាត់។ ឃើញដូច្នោះ ស្ត្រីម្នាក់ទៀតក៏ចុះពីរថយន្តដេញតាមសត្វខ្លាពីក្រោយ ប៉ុន្តែស្ត្រីរូបនេះក៏ត្រូវសត្វខ្លាមួយទៀតសម្លាប់ រួចអូសយកសាកសពទៅ។
បុរសម្នាក់ និងក្មេងប្រុសម្នាក់នៅក្នុងហេតុការណ៍នេះ ដែលបានដេញតាមពីក្រោយស្ត្រីរងគ្រោះទាំងពីរ មិនបានរងរបួសទេ។ ភ្លាមៗនោះ សួនសត្វក៏ត្រូវបិទដើម្បីចាត់វិធានការជាបន្ទាន់។ ពេលនេះ ស្ត្រីម្នាក់ដែលរងរបួសបានផុតពីគ្រោះថ្នាក់ហើយ។
សួនសត្វនេះអនុញ្ញាតឲ្យអ្នកទស្សនាជិះរថយន្តមើលសត្វព្រៃក្នុងសួនបាន ប៉ុន្តែគេហាមចុះពីរថយន្ត ព្រោះវាអាចមានគ្រោះថ្នាក់។ កាលពីឆ្នាំ ២០១៤ ឧទ្យានុរក្សម្នាក់ក៏ត្រូវសត្វខ្លាមួយក្បាលសម្លាប់ផងដែរនៅក្នុងសួនសត្វនេះ៕
ប្រភព៖ Journal de Montréal
វីដេអូ https://www.facebook.com/XinhuaNewsAgency/videos/1335771099783664/
© រក្សាសិទ្ធិដោយ thmeythmey.com