ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេបក្ស​ប្រឆាំង​រៀបចំ​ជំនួប Video Conference ជាមួយ​សកម្មជន​នៅ​បារាំង​
16, Aug 2016 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឯកឧត្តម សម រង្ស៊ី និង​អនុប្រធាន​គណបក្ស​ឯកឧត្តម កឹម សុខា នឹង​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​បារាំង នៅ​ថ្ងៃទី​២៧ សីហា​ខាងមុខនេះ​។​



​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក យឹម សុវណ្ណ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ឯកឧត្តម កឹម សុខា ដែល​កំពុង​ឃុំខ្លួន​នៅ​ទីស្នាក់ការ​បក្ស មិនបាន​ចេញទៅ​ជួប​សំណេះ​សំណាល​ពលរដ្ឋ​ខ្មែរ​នៅ​បារាំង​ដោយផ្ទាល់​នោះទេ ពោលគឺ​ឯកឧត្តម កឹម សុខា នឹង​ជួប​ជាមួយ​ពលរដ្ឋ​ទាំងនោះ​តាមរយៈ​វីដេអូ (Video Conference) ដោយមាន​ការសួរសុខទុក្ខ ថ្លែង​សារ​នយោបាយ​ និង​គោលជំហរ​គណបក្ស​ជាដើម​។​

​កន្លងមក ឯកឧត្តម សម រង្ស៊ី ដែល​កំពុង​គេចខ្លួន​នៅក្រៅ​ប្រទេស​នោះ ក៏​តែងតែ​បង្ហាញមុខ​ក្នុង​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត តាមរយៈ​វីដេអូ (Video Conference) នេះដែរ នៅពេលដែល​ប្រមុខ​បក្សប្រឆាំង​រូបនេះ ចង់​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋនៅក្នុង​ប្រទេស​កម្ពុជា​។​

​គួរ​បញ្ជាក់ថា ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ជាប់​ដោយ​បណ្តឹង​ចំនួន ៥ តែម្នាក់ឯង ខណៈដែល​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស កំពុង​ពាក់ព័ន្ធ​នឹង​បទចោទប្រកាន់​នៃ​បទល្មើស «​ការបដិសេធ​មិន​ចូលខ្លួន​» ដែល​ត្រូវបាន​តុលាការ​ចោទប្រកាន់​កាល​ពី​ចុងខែ​ឧសភា ឆ្នាំ ២០១៦ កន្លងទៅ​។ ការចោទប្រកាន់​ឯកឧត្តម កឹម សុខា ដោយសារ​លោក​ប្រធានស្តីទី​គណបក្សប្រឆាំង​រូបនេះ មិន​ព្រម​ចូលខ្លួន​ទៅបំ​ភ្លឺ​ក្នុងនាម​ជា​សាក្សី​ ជុំវិញ​សំណុំរឿង​កញ្ញា ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ តាម​ការកោះហៅ​របស់​តុលាការ​។ មកដល់ពេលនេះ អស់​រយៈ​ជាង ២ ខែ​ហើយ ដែល​ឯកឧត្តម កឹម សុខា ឃុំ​ខ្លួនឯង​នៅក្នុង​ទីស្នាក់ការ​កណ្តាល​បក្ស​៕


Tag:
 កឹម សុខា​
© រក្សាសិទ្ធិដោយ thmeythmey.com