ជាតិ
អើ​! បើ​រៀន​ក្រោម​សាលា​សម្តេច ហើយ​មិន​បោះឆ្នោត​ឲ្យ​សម្តេច​ទេ ធ្វើ​ម៉េច​?
16, Aug 2016 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះ​ជួប​ប្រជាពលរដ្ឋ​នៅ​ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃទី​១៦ សីហា​នេះ​។ ក្នុង​ដំណើរ​ចុះ​ជួប​ប្រជាពលរដ្ឋ​នេះ ប្រមុខ​រដ្ឋាភិបាល ក៏បាន​ចុះ​ត្រួតពិនិត្យ​សាលាខេត្ត​តាកែវ ដោយបាន​ជួប​សំណេះ​សំណាល​​ជាមួយ​សិស្សានុសិស្ស​ផងដែរ​។ សម្ដេច ហ៊ុន សែន បាន​ចោទ​ជា​សំណួរ​ទៅ​សិស្សានុសិស្ស​ទាំងនោះ​ថា ៖«​តើ​ដល់​អាយុ​បោះឆ្នោត​ហើយ​ឬ​នៅ​? តើ​បោះឆ្នោត​ឲ្យ​អ្នកណា​? បើ​រៀន​ក្រោម​សាលា​សម្ដេច​ហើយ មិន​បោះ​ឲ្យ​សម្ដេច​ទេ ធ្វើ​ម៉េច​? និយាយ​ត្រង់ៗ គេ​(​គណបក្ស​ដទៃ​)​មិនបាន​ធ្វើ​អ្វី​សោះ ទៅ​បោះឆ្នោត​ឲ្យ​គេ ដល់​សុំ​សាលា​គេ​មិនបាន តើ​ធ្វើ​ម៉េច​?»​។​



​សូម​ស្ដាប់​សំឡេង​៖




​ត្រង់ចំណុច​នេះ​អ្នកវិភាគ​សង្គម​លោក មាស នី យល់ថា សកម្មភាព​របស់​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន គប្បី​បែងចែក​ឲ្យ​ដាច់ពីគ្នា ​ពី​តួនាទី​ជា​ប្រមុខ​រដ្ឋាភិបាល និង​តួនាទី​ប្រមុខ​បក្សនយោបាយ​។ តែ​សម្រាប់​អ្នកវិភាគ​រូបនេះ បើទោះជា​សម្ដេច ហ៊ុន សែន លើកយក​ពី​ការកសាង​សាលារៀន និង​សមិទ្ធផល​នានា​របស់ខ្លួន ទៅ​អួត​ប្រាប់​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ក្តី ក៏​វា​មិនសូវមាន​ប្រយោជន៍​ដែរ ព្រោះ​យុវជន​មានការ​យល់ដឹង​ច្រើនជាង​មុន​។ បើតាម​លោក មាស នី យុវជន និង​សិស្ស​នុ​សិស្ស គប្បី​ត្រូវ​តាម​ពី​ស្ថានការណ៍​នយោបាយ និង​ត្រូវ​មើល​ទៅលើ​ចក្ខុវិស័យ​របស់​អ្នកនយោបាយ ដែល​ពួកគេ​គាំទ្រ​ឲ្យ​បានច្បាស់លាស់ ដោយ​មិនមែន​គាំទ្រ​អ្នកនយោបាយ​ដោយ​ផ្កាប់មុខ​ពេក​នោះទេ​៕


Tag:
 ​ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com