ពីនេះ ពីនោះ
ព្រះពុទ្ធសាសនា ទូន្មាន​ថា មិត្ត​មិនគួរ​ឲ្យ​រាប់រក​មាន​៤​ប្រភេទ
11, Feb 2017 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ការ​សេពគប់​មិត្ត​ល្អ គឺមាន​សារសំខាន់​យ៉ាងខ្លាំង ពីព្រោះ មិត្តភក្តិ​ល្អ​នឹង​នាំមក​នូវ​សេចក្តីចម្រើន ផ្ទុយ​មកវិញ ប្រសិនបើ​សេពគប់​បាបមិត្ត គឺអាច​នាំទុក្ខ​ទោស​ដល់​ខ្លួន​។ ហេតុនេះ​ទើប ព្រះពុទ្ធសាសនា បានកត់សម្គាល់​មិត្ត​មិនល្អ​មាន​៤​ប្រភេទ​។


 
​ប្រភេទ​ទីមួយ​៖ មិត្ត​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​។​
 
​ប្រភេទ​ទី​ពីរ​៖ មនុស្ស​បានតែ​ខាង​និយាយ មាន​លក្ខណៈ​៤​យ៉ាង គឺ​១) យកពាក្យ​មិនបានការ​មក​និយាយ​ហាក់ដូចជា​ចង់​ជួយ​មិត្ត ២) ទទួល​រាក់ទាក់​មិត្ត​ដោយ​របស់​មិនមាន ៣) ពេល​មិត្ត​មានធុរៈ​មិន​ជួយ អាង​លេស​ថា រវល់ ៤) ពេល​មិត្ត​មានធុរៈ ក៏​អាង​ថា​ជួយ តែ​ត្រឡប់​ជា​មិន​ជួយ​វិញ​។ បុគ្គល​បែបនេះ គ្មាន​សេចក្តី​ទៀងត្រង់​មិនអាច​យក​ជា​មិត្តភក្តិ​បានទេ​។ 
 
​ប្រភេទ​ទី​បី​៖ មិត្ត​ដែល​និយាយ​អែបអប​ចាក់បណ្តោយ​តាម មាន​លក្ខណៈ​៤​យ៉ាង គឺ​១) បើ​មិត្ត​ធ្វើ​អាក្រក់ ក៏​យល់ព្រម​តាម ២) បើ​មិត្ត​ធ្វើ​ល្អ ក៏​យល់ព្រម​តាម ៣) សរសើរ​មិត្ត តែ​ក្នុង​ទី​ចំពោះមុខ ៤) នៅ​កំបាំងមុខ​មិត្ត និយាយ​រិះគន់​មិត្ត​។ បុគ្គល​នោះ​ឈ្មោះថា ធ្វើ​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​របស់​មិត្តភក្តិ​។    
 
​ប្រភេទ​ទី​បួន​៖ មិត្ត​ដែល​ដឹកនាំ​ក្នុង​ផ្លូវ​វិនាស  មាន​លក្ខណៈ​៤​យ៉ាង គឺ​១) ដឹកនាំ​មិត្ត​ឲ្យ​ផឹក​គ្រឿង​ស្រវឹង និង​គ្រឿងញៀន​។ ២) ដឹកនាំ​មិត្ត​ដើរលេង​យប់​ហួស​វេលា​។ ៣) បបួល​មិត្ត​ដើរលេង បោះបង់​ការសិក្សា ៤) ដឹកនាំ​មិត្ត​ឲ្យ​លេង​ល្បែងស៊ីសង និង​ដើរលេង​ពាលា​អាវ៉ាសែ​៕
 
​ប្រភព​៖ «​សីលធម៌​ព្រះពុទ្ធសាសនា​» រៀបរៀង​ដោយ ភិក្ខុ គូ សុភាព សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា  
   

Tag:
 ​ព្រះពុទ្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com