ជាតិ
សាលាក្តី​ខ្មែរក្រហម​នឹង​បន្ត​សវនាការ​នៅ​ថ្ងៃ​អង្គារ​
21, Aug 2016 , 2:30 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ អង្គជំនុំជម្រះ​សាលាដំបូង​នៃ​តុលាការ​ខ្មែរក្រហម ចាប់​ពីថ្ងៃ​អង្គារ​ខាងមុខ​គ្រោង​នឹង​បើកសវនាការ​ដេញដោល​ចំពោះ​ភ័ស្តុតាង​ចោទប្រកាន់​ពី​ការពាក់ព័ន្ធ​នឹង​ការរៀប​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ និង​ការរំលោភ​សេព​សន្ធ​វៈ​ក្នុង​របប​ខ្មែរក្រហម​។​

 
​អង្គជំនុំជម្រះ​សាលាដំបូង​នៃ​តុលាការ​ខ្មែរក្រហម ចាប់​ពីថ្ងៃ​អង្គារ​ខាងមុខ​គ្រោង​នឹង​បើកសវនាការ​ដេញដោល ចំពោះ​ភ័ស្តុតាង​ចោទប្រកាន់​ពី​ការពាក់ព័ន្ធ​នឹង​ការរៀប​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ និង​ការរំលោភ​សេព​សន្ធ​វៈ​ក្នុង​របប​ខ្មែរក្រហម​។ ដើមបណ្តឹង​រដ្ឋប្បវេណី​ចំនួន​៣​រូប អ្នកជំនាញ​ចំនួន​២​រូប នឹងត្រូវ​អនុញ្ញាត​ឲ្យ​ស្តាប់​សក្ខីកម្ម​នៅ​ផ្នែក​នេះ ក្នុងការ​ជំនុំជម្រះ​ក្តី​លើ​សំណុំរឿង​០០២ វគ្គ​ទី​២ ប្រឆាំងនឹង​ជនជាប់ចោទ​នួន ជា បងធំ​ទី​២ និង​ខៀវ សំផន ប្រមុខរដ្ឋ​ខ្មែរក្រហម​។​
 
​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សាលាក្តី ដែល​យោងតាម​ការចោទប្រកាន់​ក្នុង​ដីកា​ដំណោះស្រាយ បាន​ឲ្យ​ដឹងថា បុរស​និង​ស្ត្រី​នៅ​ទូទាំងប្រទេស​កម្ពុជា​ត្រូវគេ​បង្ខំ​ឲ្យ​រៀបការ នៅក្នុង​ពិធី​រួមគ្នា​ដែលមាន​ចាប់ពី​២​ទៅ​១០០​គូ​ក្នុង​១​លើកៗ​។ សេចក្តីប្រកាស​ព័ត៌មាន ដដែល​បាន​អះអាងថា បក្ស​កុម្មុយនីស្ត​កម្ពុជា​បាន​អនុវត្ត​គោលនយោបាយ​ស្តីពី​ការដាក់កំហិត​លើ​ការរៀប​អាពាហ៍ពិពាហ៍ តាមរយៈ​មធ្យោបាយ​ចាំបាច់​នានា ចាប់​ពីមុន​ឆ្នាំ​១៩៧៥​ដល់​ថ្ងៃទី​៦ ខែមករា ឆ្នាំ​១៩៧៩ ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ស​ង្គ​និយម​និង​ការពារ​បដិវត្តន៍សង្គម​និយម​។​
 
​រហូតមកទល់​ពេលនេះ អង្គជំនុំជម្រះ​សាលាដំបូង​បាន​ស្តាប់​សក្ខីកម្ម​សាក្សី​ចំនួន​៩២​រូប ដើមបណ្តឹង​រដ្ឋប្បវេណី​ចំនួន​៤៨​រូប អ្នកជំនាញ​ចំនួន​០៤​រូប ក្នុង​រយៈពេល​សវនាកា​រ​ចំនួន​២១៦​ថ្ងៃ​។​
​សាលាក្តី​ខ្មែរក្រហម នឹងធ្វើ​សវនាការ​ដេញដោល​លើ​ភ័ស្តុតាង​ពាក់ព័ន្ធ​នឹង​អង្គហេតុ​ជម្លោះ ប្រដាប់អាវុធ​រវាង​ប្រទេស​កម្ពុជា​និង​វៀតណាម ក្រោយពេល​បញ្ចប់​សវនាកា​រ​ដេញដោល​ភ័ស្តុតាង​ចោទប្រកាន់​ពី​ការពាក់ព័ន្ធ​នឹង​ការរៀប​អាពាហ៍ពិពាហ៍ ដោយ​បង្ខំ​និង​ការរំលោភ​សេព​សន្ធ​វៈ​។ សាលាក្តី​ខ្មែរក្រហម​រំពឹងថា នឹង​អាចធ្វើ​សវនាការ​លើ​ភ័ស្តុតាង និង​បញ្ចប់​នៅ​ចុង​ឆ្នាំនេះ ហើយ​សាលា​ក្រម​នឹង​ប្រកាស​នៅ​ចុងឆ្នាំ​២០១៧៕

 
 

© រក្សាសិទ្ធិដោយ thmeythmey.com