ពីនេះ ពីនោះ
តើ​ពេលណា​ត្រូវ​សរសេរថា​«​និ​រាករ​» និង​«​និរាករណ៍​»​នៅក្នុង​អត្ថបទ​?
03, Oct 2016 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ពាក្យ​ថា «​និ​រាករ​» និង​«​និរាករណ៍​» សាធារណជន នៅមាន​ភាពមិនច្បាស់លាស់ នៅក្នុង​ការសរសេរ ថា​ពេលណា​ត្រូវ​«​និ​រាករ​» ហើយ​ពេលណា​ត្រូវ​សរសេរថា​«​និរាករណ៍​»​។ មូលហេតុ គឺ​មិនសូវ​បាន​យល់​ពី​ក្បួន វេយ្យាករណ៍ នៃ​កិរិយាសព្ទ គុណសព្ទ នាមសព្ទ  បាលី និង​សំស្ក្រឹត​នៅក្នុង​ភាសា​ខ្មែរ​។ ពាក្យ​ថា «​និ​រាករ​» និង​«​និរាករណ៍​» មាន​លក្ខខណ្ឌ​សរសេរ​ដូចខាងក្រោម​៖



នៅក្នុង​ការសរសេរ​អត្ថបទ សាធារណជន​ត្រូវ​ចំណាំ​ក្នុង​ក្បួន​វេយ្យាករណ៍​ខ្មែរ​ថា បើ​ខ្លួន​ចង់​ប្រើពាក្យ​នេះ ជាក​រិ​យាស​ព្ទ គឺ​ត្រូវ​សរសេរថា​«​និ​រាករ​» ដែល​មានន័យថា លុបចោល​។ ប៉ុន្តែ ប្រើ​ជា​នាមសព្ទ គឺ​ចាំបាច់​ត្រូវ​សរសេរ​«​និរាករណ៍​» ដែល​មានន័យថា ការលុបចោល​។​

​ប៉ុន្តែ​ក្នុងករណី សាធារណជន សរសេរ​ពាក្យ​នេះ ផ្សំ​ជាមួយ​ពាក្យ​ថា «​ការ​, ក្ដី​, សេចក្ដី និង​ដំណើរ​» គឺ​មិនត្រូវ​សរស​រថា «​ការ​និរាករណ៍ , ក្ដី​និរាករណ៍ , សេចក្ដី​និរាករណ៍ និង​ដំណើរ​និរាករណ៍​» ឡើយ ព្រោះ​ការសរសេរ​បែបនេះ មិន​ត្រឹមត្រូវ​តាម​ក្បួន​វេយ្យាករណ៍​ខ្មែរ នោះទេ​។ មូលហេតុ​គឺ​ដោយសារ​ពាក្យ​ថា «​ការ​, ក្ដី​, សេចក្ដី និង​ដំណើរ​» ជា​នាមសព្ទ មិនអាច​យកមក​ផ្សំ​ជាមួយ​ពាក្យ​ថា «​និរាករណ៍ »​បានទេ ព្រោះ​ជា​នាមសព្ទ​ដូចគ្នា​។​

​ដោយឡែក ចំពោះ​ពាក្យ​ថា «​ការ​, ក្ដី​, សេចក្ដី និង​ដំណើរ​»​នេះ ត្រូវ​ផ្សំ​ជាមួយ​ពាក្យ​ថា «​និ​រាករ​» ទើប​ត្រឹមត្រូវ​។ ឧទាហរណ៍​៖ «​ការ​និ​រាករ​, ក្ដី​និ​រាករ​, សេចក្ដី​និ​រាករ និង​ដំណើរ​និ​រាករ​»៕

ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត​


© រក្សាសិទ្ធិដោយ thmeythmey.com