ជាតិ
ADB អនុម័ត​កម្ចី​៤៥​លាន​ដុល្លារ លើកកម្ពស់​ការអប់រំ​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ​
17, Oct 2016 , 10:59 pm        
រូបភាព
​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB) បានអនុម័ត​ផ្តល់​កម្ចី​ក្នុង​ទឹកប្រាក់​ចំនួន ៤៥ លាន​ដុល្លារ ដើម្បី​លើកកម្ពស់​ការទទួលបាន​ការអប់រំ​ប្រកបដោយ​គុណភាព នៅ​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ ក្នុងប្រទេស​កម្ពុជា​។



​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ADB នៅ​ថ្ងៃទី​១៧ ខែតុលា​នេះ កម្មវិធី​អភិវឌ្ឍន៍​វិស័យ​អប់រំ​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ (USESDP) នឹង​ផ្តល់​ការគាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល ក្នុងការ​បង្កើន​គុណភាព​នៃ​ធនធានមនុស្ស​របស់ខ្លួន ដើម្បី​ធានា​និរន្តរភាព​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​កម្ពុជា និង​បង្កើន​ភាព​ប្រកួតប្រជែង​របស់​ប្រទេស​នេះ​។

​លោក Samiuela Tukuafu នាយក​ADB ចាំ​ប្រទេស​កម្ពុជា មានប្រសាសន៍ថា​៖«​កម្មវិធី​នេះ នឹង​គាំទ្រ​ដល់​ការធ្វើកំណែទម្រង់ សំដៅ​បង្កើន​ប្រសិទ្ធភាព នៃ​ការអប់រំ​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ ដើម្បី​ឆ្លើយតប​ចំពោះ​តម្រូវការ​ពលករ​ជំនាញ ដែល​កំពុងតែ​កើនឡើង​ក្នុង​ទីផ្សារការងារ​»​។ នាយក ADB រូបនេះ​បន្តថា​៖«​សិស្ស​មកពី​តាម​ខេត្ត​ជួប​ការលំបាក ជាពិសេស សិស្សស្រី នឹង​ទទួលបាន​ឱកាស​បន្ថែមទៀត ដើម្បី​ទទួលបាន​ការអប់រំ​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ ប្រកបដោយ​គុណភាព​»​។​

​បើតាម ADB វិធានការ​ជាក់លាក់ រួមមាន​ការពង្រីក​ស​ម្ភា​រ​រូបវ័ន្ត​សម្រាប់​ការអប់រំ​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ ដូចជា​មន្ទីរពិសោធន៍​វិទ្យាសាស្ត្រ និង​ការបំពាក់​សម្ភារ​រូបវ័ន្ត​សម្រាប់​សិក្សា​ពី​បច្ចេកវិទ្យា​ព័ត៌មាន និង​សារគមនាគមន៍ (ICT) ក៏ដូចជា​បរិក្ខារ និង​សង្ហា​រឹម​ផ្សេងទៀត នៅក្នុង​មជ្ឈមណ្ឌល​ធនធាន​មធ្យមសិក្សា​ទុតិយភូមិ​ចំនួន ១២ ។ ការផ្តល់​ផ្ទះសំណាក់​គ្រូ នៅតាម​តំបន់ ដែលមាន​តម្រូវការ​ខ្ពស់ ក៏ដូចជា​អាហារូបករណ៍​សម្រាប់​សិស្ស​មធ្យមសិក្សា​​ទុតិយភូមិ ដែល​សិក្សា​បណ្តុំ​មុខវិជ្ជា​វិទ្យាសាស្ត្រ និង​គរុ​សិស្ស​ដែល​កំពុង​រៀន​ក្នុង​កម្មវិធី​បណ្តុះ​បណ្តាល​ដំបូង ដែល​ផ្តោតលើ​មុខវិជ្ជា​វិទ្យាសាស្ត្រ និង​គណិតវិទ្យា​។ ការពិនិត្យ​ឡើងវិញ និង​កែលំអ​កម្មវិធីសិក្សា​មុខវិជ្ជា​វិទ្យាសាស្ត្រ គណិតវិទ្យា និង ICT នៅ​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ ហើយ​សៀវភៅ​សម្រាប់​សិស្ស​ថ្នាក់​ទី​១២ និង​សៀវភៅ​ណែនាំ​គ្រូ នឹងត្រូវ​ផ្គត់ផ្គង់ សម្រាប់​គ្រប់មុខ​វិជ្ជា​ទាំងអស់​។

​លើសពីនេះ ក៏​នឹងមាន​ការពង្រឹង​សមត្ថភាព​របស់​បុគ្គលិក និង​ថ្នាក់​គ្រប់គ្រង​សាលារៀន ក្នុងការ​វាយតម្លៃ​លើ​ប្រសិទ្ធភាព នៃ​ការប្រើប្រាស់​ធនធាន​សិក្សា និង​មូលនិធិ​កែលំអ​សាលារៀន​ផងដែរ​។​

ADB បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​វិស័យ​អប់រំ និង​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ នៅ​កម្ពុជា ក្នុង​រយៈពេល ១៥ ឆ្នាំ​ចុង​ក្រោយនេះ​។ ADB បានផ្តល់​ការគាំទ្រ​សំខាន់ៗ​ក្នុងការ​វិភាគ​តាម​វិស័យ និង​ក្នុងការ​អនុវត្ត​កំណែទម្រង់​អប់រំ តាមរយៈ​ការវិនិយោគ និង​ការ​ផ្តល់ជំនួយ​បច្ចេកទេស​៕


Tag:
 ADB
  ​អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com