ជាតិ
ពិព័រណ៍​ការងារ​ថ្នាក់ជាតិ​ឆ្នាំ​២០១៦ នឹង​ផ្តល់ឱកាស​ការងារ ៩ ពាន់​កន្លែង​ដល់​សាធារណជន​
31, Oct 2016 , 9:39 am        
រូបភាព
ភ្នំពេញ​៖ ពិ​ព័រ​ណ៌​ការងារ​ថ្នាក់ជាតិ​ឆ្នាំ ២០១៦ នឹងត្រូវ​រៀបចំឡើង​រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​៥ ទី​៦ ខែវិច្ឆិកា ខាងមុខ នៅ​មជ្ឈមណ្ឌល​សន្និបាត​កោះ​ពេជ្រ​។ តាមរយៈ​ពិ​ព័រ​ណ៌​នេះ អ្នកចូលរួម​នឹងមាន​ឱកាស​ជួប​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន​ធំៗ​ជាង​៩០  និង​ការជ្រើសរើស​បុគ្គលិក​ផ្ទាល់ ប្រមាណ ៩ ពាន់​កន្លែង​។​


​ពិព័រណ៍​ការងារ​ថ្នាក់ជាតិ​ឆ្នាំ ២០១៦ នឹងត្រូវ​រៀបចំឡើង​រយៈពេល ២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​៥ ទី​៦ ខែវិច្ឆិកា ខាងមុខ​។ ពិ​ព័រ​ណ៌​ការងារ​ថ្នាក់ជាតិ​ឆ្នាំ ២០១៦​នេះ រៀបចំឡើង​ក្នុង​គោលបំណង​បង្កើន​ឱកាស​ដល់​សិស្ស និស្សិត និង​សាធារណជន ស្វែងរក​ការងារ និង​ផ្ដល់​ភាពងាយស្រួល​ដល់​អ្នករ​ក​ការងារ ទទួលបាន​ព័ត៌មាន​ពី​ទីផ្សារការងារ​នៅ​កម្ពុជា​។ ពិព័រណ៍​នេះ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី ៥ ដល់ ៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ នា​មជ្ឈមណ្ឌល​សន្និបាត​កោះ​ពេជ្រ ចាប់ពី​ម៉ោង ៨​ព្រឹក ដល់​៨​យប់​។​

លោក គន់ សម្បត្តិ អនុប្រធាន​ផ្នែក​ប្រមូល និង​ផ្សព្វផ្សាយ នៃ​ទីភ្នាក់ងារ​ជាតិ មុខរបរ​និង​ការងារ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ពិព័រណ៍​ការងារ​ថ្នាក់ជាតិ​នេះ ផ្តោតទៅលើ​វិស័យ​អប់រំ ទូរគមនាគមន៍ សំណង់ បដិសណ្ឋារកិច្ច និង​ធនាគារ​។ បើតាម លោក គន់ សម្បត្តិ អ្នកចូលរួម​ពិ​ព័រ​ណ៌​ការងារ​នេះ នឹងមាន​ឱកាស​ជួប​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន​ធំៗ​ជាង​៩០ ការណែនាំ​អំពី​អាជីព និង​ជំនាញ​បច្ចេកទេស និង​ការសម្ភាស​ការងារ និង​ជ្រើសរើស​បុគ្គលិក​ផ្ទាល់ ប្រមាណ ៩ ពាន់​កន្លែង​។

នេះ​ជា​ឆ្នាំ​ទី​៦​ហើយ ដែល​ទីភ្នាក់ងារ​ជាតិ មុខរបរ និង​ការងារ បានរៀបចំ​ពិ​ព័រ​ណ៌​នេះ​ឡើង​។ កាលពី​ឆ្នាំ​២០១៥ ពិ​ព័រ​ណ៌​ការងារ​ថ្នាក់ជាតិ មាន​ក្រុមហ៊ុន​ចូលរួម​ត្រឹមតែ ៧៥ ក្រុមហ៊ុន​។​
​ពិ​ព័រ​ណ៌​ការងារ​ថ្នាក់ជាតិ​ឆ្នាំ​២០១៦ រយៈពេល​២​ថ្ងៃនេះ នឹង​បើក​ឲ្យ​ចូលរួម​ដោយ​សេរី ចាប់ពី​ម៉ោង ៨​ព្រឹក ដល់​៨​យប់ ។ សាធារណជន​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ សូម​ភ្ជាប់​ទៅជា​មួយ​ប្រវត្តិរូប​សង្ខេប​ផង ដើម្បី​ទទួលបាន​ឱកាស​ការងារ​ភ្លាមៗ នៅក្នុង​អំឡុងពេល​ពិព័រន៍​នេះ​៕


Tag:
 ពិព័រណ៍​ការងារ​
© រក្សាសិទ្ធិដោយ thmeythmey.com