ជាតិ
​​​ន​យោ​បាយ​ជាតិ​
​តុលាការ​ចាប់ផ្តើម​កាត់​ទោស​មេបក្ស​សង្គ្រោះ​ជាតិ ក្រោយ​ការរារាំង​មិន​ឲ្យ​ចូល​កម្ពុជា​
08, Nov 2016 , 12:28 pm        
រូបភាព
​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​៨​វិច្ឆិកា​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បើកសវនាការ​កាត់ទោស​ឯកឧត្តម សម រង្ស៊ី ទាក់ទង​នឹង​បណ្តឹង​បរិហាកេរ្តិ៍ ដែល​ប្តឹង​ដោយ​លោក សោម សឿន រដ្ឋមន្ត្រី​អម​ប្រតិភូ​នាយករដ្ឋមន្ត្រី​។ ប្រធាន​គណបក្សប្រឆាំង​បាន​ចោទ​សម្តេចនាយក​រដ្ឋមន្ត្រី​ថា បាន​បញ្ជា​ឲ្យ​មន្ត្រី​បង្កើត​គណនី ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ ដើម្បី​ចុច like លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សម្តេច​។​



​សាលាដំបូង​បានបញ្ចប់​ការជម្រះ​ក្តី​ហើយ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ដោយ​អវត្តមាន​ជនជាប់ចោទ គឺ​ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ សាលក្រម​នឹងត្រូវ​ប្រកាស​នៅ​រសៀល​ម៉ោង​៣​ថ្ងៃទី​៨​វិច្ឆិកា​នេះ​ដដែល​។​

​លោក សោម សឿន ដែលមាន​ឋានៈ​ជា​រដ្ឋមន្ត្រី​អម​ប្រតិភូ​នាយករដ្ឋមន្ត្រី បានដាក់​ពាក្យបណ្តឹង បរិហាកេរ្តិ៍​ជា​សាធារណៈ ប្រឆាំង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់ពី​មេដឹកនាំ​គណបក្សប្រឆាំង​រូបនេះ​បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ចោទប្រកាន់​សម្តេច ហ៊ុន សែន ថា​បាន​ទិញ like ពី​បរទេស និង​បាន​បញ្ជា​ឲ្យ​មន្ត្រី​បង្កើត​គណនី​ក្លែងក្លាយ​ដើម្បី​ចុច like ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​នោះ​។​

​សវន​ការ​លើ​សំណុំរឿង​ថ្មី​នេះ បាន​ប្រព្រឹត្តទៅ ក្រោយពី​អាជ្ញាធរ​កម្ពុជា​បាន​ហាម​ក្រុមហ៊ុន​អាកាសចរណ៍​នានា មិន​ឲ្យ​ដឹក​ឯកឧត្តម សម រង្ស៊ី ចូលមកក្នុង​ប្រទេស​ក​ម្ពុ​ជា ក្រោម​មូលហេតុ សន្តិសុខ​។​

​នៅពេលដែល​សាលាដំបូង​កំពុងដំណើរការ​ក្តី ឯកឧត្តម សម រង្ស៊ី បាន​បន្ត​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក ដែល​គេ​អាច​អាន​បាន​យ៉ាង​ដូច្នេះ​៖«​ខ្ញុំ​មិន​ខ្វល់​ពី​ពាក្យបណ្តឹង​នេះ​ទេ ហើយ​ខ្ញុំ​នៅតែ​ហ៊ាន​អះអាងថា​លោក ហ៊ុន សែន ប្រើ​មន្ត្រី និង​បុគ្គលិក​ក្រោម​ឱវាទ​គាត់ ឲ្យ​បង្កើត​គណនី Facebook ក្លែងក្លាយ ដើម្បី​ផ្តល់ Like​ក្លែងក្លាយ​ឲ្យ​ទៅ​ទំព័រ Facebook របស់គាត់​។ ហើយ​គាត់​ក៏បាន​ទិញ "Like" ក្លែងក្លាយ យ៉ាង​សន្ធឹកសន្ធាប់​ពី​ច្រើន​ប្រទេស​ទូទាំង​ពិភពលោក ដើម្បី​បង្អួត​ពី​ប្រជាប្រិយភាព​ក្លែងក្លាយ​របស់គាត់​»៕


Tag:
 ​តុលាការ​
  សម រង្សី​
© រក្សាសិទ្ធិដោយ thmeythmey.com