កីឡាជាតិ
ចាន់ វ​ឌ្ឈ​នា​កា ថា​សមត្ថភាព​កីឡាករ​កម្ពុជា និង​ជប៉ុន ប្រដំប្រសង​គ្នា
09, Nov 2016 , 2:23 pm        
រូបភាព
ដោយ:
 
 
​កីឡាករ ចាន់ វឌ្ឍនាកា បាន​អះអាងថា សមត្ថភាព​លេង​របស់​កីឡាក​រលីក​កំពូល​របស់​កម្ពុជា និង​លី​ក​លំដាប់​ទី ៣ របស់​ជប៉ុន គឺ​ប្រដំប្រសង​គ្នា​។ ការ​ថ្លែង​បែបនេះ ធ្វើឡើង​នៅពេល​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​កម្ពុជា​រូបនេះ ត្រឡប់​មកពី​ហ្វឹកហាត់ ជាមួយ​ក្រុម​លី​ក​លំដាប់​ទី ៣ របស់​ជប៉ុន​។


​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា ចាន់ វឌ្ឍនាកា បាន​ត្រឡប់​មកដល់​កម្ពុជា​វិញ​ហើយ ក្រោយ​ហាត់​មួយ​សប្តាហ៍​នៅ​ជប៉ុន​។ នៅ​ចំពោះមុខ​អ្នកកាសែត នៅ​ព្រលានយន្តហោះ នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ចាន់ វឌ្ឍនាកា ថ្លែងថា​ការហ្វឹកហាត់​លើក​នេះ គឺជា បទពិសោធន៍​ថ្មី​មួយទៀត ដែល​អាចជួយ​ក្រុម​ជម្រើសជាតិ និង​បង្កើន​សមត្ថភាព​ខ្លួនឯង​ផ្ទាល់​។​
 
​តាមរយៈ​ការហ្វឹកហាត់ និង​ចូលរួម​លេង​ជាមួយ​ក្រុម​លី​ក​លំដាប់​ទី​៣​នៅ​ជប៉ុន ចាន់ វឌ្ឍនាកា សង្កេតឃើញថា សមត្ថភាព​របស់​កីឡាករ​នៅ​លី​ក​ទី​៣ របស់​ជប៉ុន និង​កីឡាក​រលីក​កំពូល​របស់​កម្ពុជា គឺ​ប្រហាក់ប្រហែលគ្នា​។ ចាន់ វឌ្ឍនាកា បញ្ជាក់​យ៉ាង​ដូច្នេះ​៖«​និយាយ​ទៅ គឺ​អត់​ខុសគ្នា​ប៉ុន្មាន​ទេ គ្រាន់តែ​ស្តាយ​លេង​ខុសគ្នា​។ គុណភាព​គឺ​ប្រហាក់ប្រហែលគ្នា អាច​ប្រដំប្រសង​គ្នា​។ ខុសគ្នា គឺ​ស្តាយ​លេង​របស់គេ គឺ​ប៉ះ​ខ្លីៗ​»​។ 
  
 
​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​រូបនេះ ក៏​លើកសរសើរ​ពី​ទំនួល​ខុសត្រូវ​របស់​ក្រុម​លី​ក​ទី​៣ របស់​ជប៉ុន​ផងដែរ​។ ចាន់ វឌ្ឍនាកា បញ្ជាក់ថា កីឡាករ​ម្នាក់ៗ​នៅ​លី​ក​ទី​៣ របស់​ជប៉ុន គេ​មានការ​ទទួលខុសត្រូវ​ខ្ពស់ ហើយ​ការលេង​ជា​ក្រុម ក៏មាន​ចង្វាក់​ល្អ និង​ការ​សហការគ្នា​ល្អ​ដែរ​។ ជាមួយគ្នា​នោះ ក៏​បញ្ជាក់ថា​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា នៅមាន​ចំណុច​ខ្វះខាត​ច្រើន ប៉ុន្តែ​កីឡាករ​រូបនេះ មិន​បញ្ជាក់ថា​ចំណុច​អ្វីខ្លះ​នោះទេ​។ 
 
​កីឡាករ ចាន់ វ​ឌ្ឈ​នា​កា បាន​ចេញទៅ​ហ្វឹកហាត់​នៅ​ក្លិប​លី​ក​លំដាប់​ទី ៣ នៅ​ប្រទេស​ជប៉ុន Fujieda MYFC តាំងពី​ថ្ងៃទី​៣១ ខែតុលា​។ ការហ្វឹកហាត់​នេះ​ក្នុង​គោលបំណង ដើម្បី​ត្រៀម​ប្រកួត​ដណ្តើម​ពានរង្វាន់ AFF Suzuki Cup 2016 ៕




Tag:
 បាល់ទាត់​
  ចាន់ វឌ្ឍនាកា​
  ក្រុម​ជម្រើសជាតិ​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com