អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រដ្ឋបាលថ្មីរបស់ ដូ​ណា​ល់ ត្រាំ ចាប់​ផ្ដើមចេញ​រូបរាង​
24, Nov 2016 , 11:00 am        
រូបភាព
​ជាង​ពីរ​សប្ដាហ៍​ក្រោយ​ទទួល​ជ័យជម្នះ​លើ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ប្រធានាធិបតី​ជាប់ឆ្នោត ដូ​ណា​ល់ ត្រាំ កំពុង​ញាប់ដៃ​ក្នុងការ​ជ្រើសរើស​បេក្ខជន​សម្រាប់​តំណែង​នៅក្នុង​រដ្ឋាភិបាល​ថ្មី​របស់លោក និង​តំណែង​សំខាន់​ផ្សេងទៀត​។ មនុស្ស​ជំនិត​របស់លោក ត្រាំ និង​សមាជិក​នៃ​ក្រុមការងារ​អន្តរកាល​កំពុងស្ថិត​ក្នុង​រ៉ា​ដា​របស់លោក សម្រាប់​តំណែង​ក្នុងគណៈ​រដ្ឋមន្ត្រី​ថ្មី​នេះ​។​

 
​ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​សំឡឹង​ឃើញ​បេក្ខជន​ជាច្រើន​សម្រាប់​តំណែង​នៅក្នុង​រដ្ឋាភិបាល​ថ្មី​របស់លោក​។ ទាំង​សម្ព័ន្ធមិត្ត​របស់លោក ទាំង​សមាជិក​បក្ស​សាធារណរដ្ឋ គឺ​ស្ថិតក្រោម​ក្រសែភ្នែក​របស់​លោក ហើយ​លោក​ក៏បាន​ជួប​ជាមួយ​បុគ្គល​ជាច្រើន​នៅឯ​តារាង​វាយ​ហ្គោល​របស់លោក​នៅឯ​រដ្ឋ New Jersey ។ អ្នក​ទាំងនោះ​ត្រូវគេ​ជឿថា នឹងមាន​ឈ្មោះ​ក្នុង​សមាសភាព​គណៈរដ្ឋមន្ត្រី​ថ្មី​មិន​ខាន​។​
 
​នៅ​ចុង​សប្ដាហ៍​មុន ប្រធានាធិបតី​ជាប់ឆ្នោត​រូបនេះ បានជ្រើសរើស​ឧ​ត្ត​ម​សេនីយ៍​ចូលនិវត្តន៍ Michael Flynn សម្រាប់​តំណែង​ទីប្រឹក្សា​សន្តិសុខ​ជាតិ​។ តំណែង​ទីប្រឹក្សា​សន្តិសុខ ជា​តួនាទី​មួយ​ក្នុងចំណោម​តួនាទី​សំខាន់​ទាំងបី​ទទួលបន្ទុក​សន្តិសុខ​ជាតិ​។ តំណែង​ប្រធាន​ទីភ្នាក់ងារ​ចារកម្ម​កណ្ដាល (CIA) នឹង​ធ្លា​ក់លើ​លោក Mike Pompeo ឯ​តួនាទី​រដ្ឋអាជ្ញា​វិញ លោក ត្រាំ ផ្ដល់​ការទុកចិត្ត​លើ​សមាជិក​ព្រឹទ្ធសភា Jeff Sessions ។​
 
​មកទល់ពេលនេះ មាន​ស្ត្រី​ពីររូប​ហើយ​ដែល​ទទួលបាន​ការផ្ដល់​ទំនុកចិត្ត​សម្រាប់​តំណែង​សំខាន់ៗ​។ លោក ដូ​ណា​ល់ ត្រាំ ជ្រើសរើស​អភិបាលរដ្ឋ South Carolina លោកស្រី Nikki Haley សម្រាប់​តំណែង​អគ្គរដ្ឋទូត​ប្រចាំ​អង្គការសហប្រជាជាតិ​។ អ្វី​គួរ​ចាប់អារម្មណ៍ លោក ត្រាំ បានបង្ហាញ​បំណង​ជ្រើសរើស​លោកស្រី Betsy DeVos ដែលជា​សេដ្ឋី​មកពី​រដ្ឋ Michigan សម្រាប់​តំណែង​រដ្ឋមន្ត្រី​អប់រំ​ផងដែរ​។ 
 
​លើសពីនេះ អតីត​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ លោក Ben Carson ទំនង​មានឈ្មោះ​ក្នុង​រដ្ឋាភិបាល​ថ្មី​ដែរ​។ សារព័ត៌មាន​អាមេរិក​ជាច្រើន​ផ្សាយ​ថា លោក ត្រាំ ផ្ដល់​តំណែង​រដ្ឋមន្ត្រីក្រសួង​លំនៅដ្ឋាន និង​ការអភិវឌ្ឍ​នគរូបនីយកម្ម សម្រាប់​លោក Ben Carson ។ នៅមុននេះ លោក Ben Carson ធ្លាប់​បដិសេធ​ទទួលយក​តួនាទី​ក្នុង​រដ្ឋាភិបាល​ថ្មី​ម្ដង​ហើយ តែ​លោក​ប្រហែលជា​បាន​ប្ដូរ​គំនិត​វិញ ក្រោយ​ជួប​លោក ត្រាំ ។  
 
​ដោយឡែក​តំណែង​សំខាន់​ពីរ​ទៀត គឺ​រដ្ឋមន្ត្រីការបរទេស​និង​រដ្ឋមន្ត្រី​ការពារជាតិ លោក ដូ​ណា​ល់ ត្រាំ នៅ​មិនទាន់​សំឡឹង​ឃើញ​បេក្ខជន​ដែល​សក្ដិសម​នៅឡើយ​។ សម្រាប់​តួនាទី​ប្រមុខ​ការទូត គេ​ឃើញ​មាន​បេក្ខជន​ជាច្រើន​ដែល​នឹង​កាន់​តួនាទី​នេះ​ដូចជា អតីត​អភិបាលក្រុង New York លោក Rudy Giuliani និង​អតីត​ប្រធានរដ្ឋសភា​លោក Newt Gingrich ជាដើម​។ នៅ​ចុង​ក្រោយនេះ អតីត​បេក្ខជន​ប្រធានាធិបតី លោក Mitt Romney ក៏​ក្លាយជា​បេក្ខជន​នាំមុខ​ដែល​អាច​ក្លាយជា​រដ្ឋមន្ត្រីការបរទេស​ពេលខាងមុខ​។ ឯ​លោក​ឧ​ត្ត​ម​សេនីយ៍ James Mattis វិញ ទំនង​ក្លាយជា​ប្រមុខ​ការពារជាតិ​ថ្មី​ផងដែរ​៕  
 
 

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com