ជាតិ
មូលនិធិ ម៉េងលី ជេ. គួច រៀបចំកម្មវិធីបណ្ណាល័យចល័ត ម៉េងលី ជេ. គួច លើកទី៣២ នៅសាលាបឋមសិក្សាសំបួរមាស
×
តាមរយៈសកម្មភាពប្រចាំខែនៃមូលនិធិ ម៉េងលី ជេ. គួច ដែលតែងតែធ្វើការបរិច្ចាគអាហារសម្លៀកបំពាក់ សម្ភារប្រើប្រាស់ សម្ភារសិក្សា គ្រឿងឧបភោគបរិភោគផ្សេងៗ ការពិនិត្យសុខភាព និងការចែកថវិកាជូនដល់បណ្តាប្រជាពលរដ្ឋក្រីក្រ មណ្ឌលកុមារកំព្រា ចាស់ជរា និងជនពិការ មូលនិធិក៏មានសកម្មភាពបំប៉នខាងផ្នែកបញ្ញាស្មារតីផងដែរ។
ជាក់ស្តែងកាលពីសប្តាហ៍កន្លងទៅនេះ ក្រុមការងារមូលនិធិ ម៉េងលី ជេ. គួច បានដឹកនាំសិស្សស្ម័គ្រចិត្ត នៃវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង ប្រមាណ១០នាក់ រៀបចំកម្មវិធីបណ្ណាល័យចល័ត ម៉េងលី ជេ. គួច លើកទី៣២ នៅសាលាបឋមសិក្សាសំបួរមាស មានទីតាំងស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ស្របក្នុងឱកាសនោះ មូលនិធិក៏បាននាំយកនូវសៀវភៅសរសេរ ប៊ិក ខ្មៅដៃ និងជ័រលុប ចំនួន៣១៥កញ្ចប់ ទៅបរិច្ចាគជូនប្អូនៗសិស្សានុសិស្សនៅសាលាបឋមសិក្សាខាងលើផងដែរ។ ក្នុងកម្មវិធីនោះ បណ្ណាល័យចល័ត ម៉េងលី ជេ. គួច លើកទី៣២ ក៏មានការដាក់តាំងពិព័រណ៍សៀវភៅរឿងនិទានខ្មែរ ហើយមានការនិទានរឿងខ្លីឱ្យកុមារតូចៗស្តាប់ ការផាត់ពណ៌រូបភាព និងការសង្ខេបរឿងខ្លីក្រោយពីការអានរបស់ប្អូនៗ ហើយរួមជាមួយគ្នានោះផងដែរ ក្រុមការងារមូលនិធិ និងសិស្សស្ម័គ្រចិត្តបានដឹកនាំប្អូនៗលេងល្បែងកម្សាន្ត ដើម្បីបង្កបរិយាកាសឱ្យកាន់តែមានភាពសប្បាយរីករាយនៅពេលចុងបញ្ចប់នៃកម្មវិធី។
បើតាមសម្តីរបស់លោក សាយ ឆាយ នាយកសាលាបឋមសិក្សាសំបួរមាស បានឱ្យដឹងថា សាលារៀននៅមានការខ្វះខាតច្រើនលើបរិក្ខារសាលា រួមមាន តុ កៅអី ក្តារខៀន និងជាពិសេសទៅទៀតនោះ គឺអគារសិក្សាតែម្តង។ លោកនាយកក៏បានលើកឡើងទៀតថា សព្វថ្ងៃនេះគណៈកម្មការសាលាបាននិងកំពុងសាងសង់អគារសិក្សា១ខ្នង ចំនួន៤បន្ទប់បន្ថែមទៀត ដោយគ្រោងថានឹងបញ្ចប់នៅចុងឆ្នាំ២០១៧ខាងមុខនេះ។ សូមជម្រាបជូនថា ថវិកាដែលយកមកធ្វើការសាងសង់អគារសិក្សាបន្ថែមនោះ គឺបានមកពីការធ្វើបុណ្យផ្ការយៈពេលកន្លងមក។
សូមបញ្ចាក់ផងដែរថា សាលាបឋមសិក្សាសំបួរមាសនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៨ ដោយព្រះគ្រូចៅអធិការវត្តសំបួរមាស ក្នុងគោលបំណងឱ្យក្មេងៗនៅជុំវិញវត្តនេះទទួលបានការអប់រំ ហើយកាលសម័យនោះ គឺព្រះសង្ឃជាអ្នកបង្រៀនដោយផ្ទាល់ ហើយក្រោយមក សាលាក៏ត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំយុវជន និងកីឡា។ គួររម្លឹកផងដែរថា បច្ចុប្បន្នសិស្សានុសិស្សដែលកំពុងរៀននៅសាលាបឋមសិក្សាសំបួរមាស គឺមានចំនួន៣១៣នាក់ និងគ្រូ១៣នាក់។
សូមជម្រាបជូនថា សម្រាប់កម្មវិធីបណ្ណាល័យចល័ត ម៉េងលី ជេ. គួច លើកទី៣២ នៅសាលាបឋមសិក្សាសំបួរមាស សរុបជាទឹកប្រាក់អស់ប្រមាណជាង៧០០ដុល្លារអាមេរិក៕
© រក្សាសិទ្ធិដោយ thmeythmey.com