ជាតិ
​សិស្ស​ចំនួន​២,៨០០​នាក់​ប្រណិប័តន៍​ស្តាប់​ព្រះ​ធម្មទេសនា​អំពី​ការដឹងគុណ​មាតាបិតា និង​លោកគ្រូ អ្នកគ្រូ​នៅ​សាលារៀន ​​​អន្តរទ្វីប អាមេរិកាំង​
20, Dec 2016 , 8:54 am        
រូបភាព
ដោយ: ថ្មីៗ
​បើទោះបីជា​បច្ចុប្បន្នភាព​បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍​មានការ​រីកចម្រើន​លូតលាស់​ឆាប់រហ័ស​យ៉ាងណាក៏ដោយ ក៏​ព្រះពុទ្ធសាសនា​នៅតែ​ដើរតួនាទី​សំខាន់​ក្នុង​ការអប់រំ​សីលធម៌ តាមបែប​ចិត្តសាស្ត្រ​ដ៏​ស្អាតស្អំ និង​រក្សាបាន​នូវ​ប្រពៃណី​ទំនៀមទម្លាប់ និង​វប្បធម៌​ដ៏​ល្អ​ផូរផង់​របស់​សង្គម​ខ្មែរ​យើង​។ នៅ​សាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំ​និមន្ត​ប្រគេន​ព្រះសង្ឃ​សម្តែង​ព្រះ​ធម្មទេសនា​ក្រោម​ប្រធានបទ “​ការដឹងគុណ​មាតាបិតា និង​លោកគ្រូ អ្នកគ្រូ​” ជូន​ដល់​ប្អូនៗ​សិស្សានុសិស្ស​ថ្នាក់​ទី​៥ ដល់ទី​១១ ចំនួន​២,៨០០​នាក់ ដើម្បី​ត្រងត្រាប់​ស្តាប់​ការអប់រំ​ទូន្មាន​តាមបែប​ព្រះពុទ្ធសាសនា​រយៈពេល​បី​ថ្ងៃ​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​នៅ​បី​សាខា​ផ្សេងគ្នា​។​



​លោកស្រី ឡា សុភៈ នាយក​ចាងហ្វាង និង​ចាងហ្វាង​មធ្យមសិក្សា​ទុតិយភូមិ បានឱ្យ​អ្នកយកព័ត៌មាន​ដឹងថា ការ​និមន្ត​ប្រគេន​ព្រះសង្ឃ​សម្តែង​ព្រះ​ធម្មទេសនា​នេះ​ត្រូវបាន​រៀបចំឡើង​ដើម្បី​អប់រំ​សីលធម៌ អប់រំ​ចិត្ត និង​រំឭក​ដាស់តឿន​បន្ថែម ដល់​ប្អូនៗ​សិស្សានុសិស្ស​ឱ្យ​ប្រកាន់ខ្ជាប់​នូវ​ការគោរព​ប្រណិប័តន៍​ឱ្យ​បានល្អ​ប្រពៃ​ចំពោះ​មាតាបិតា​ដែល​មានគុណ​ធ្ងន់​លើស​ប្រឹថពី​ផ្តល់កំណើត ចិញ្ចឹម​បីបាច់​ថែរក្សា អប់រំ​ទូន្មាន​ប្រៀនប្រដៅ និង​ទំនុកបម្រុង​គ្រប់សព្វ​បែបយ៉ាង​ដល់​កូន​បានមក​រៀនសូត្រ និង​ដើម្បីឱ្យ​សិស្សានុសិស្ស​យល់ដឹង​កាន់តែច្បាស់​ពី​ការខិតខំ​លះបង់​អស់​កម្លាំងកាយ​ចិត្ត​របស់​លោកគ្រូ អ្នកគ្រូ​ផ្តល់នូវ​ចំណេះ​ដ៏​មានតម្លៃ​ថ្លៃថ្លា ក៏ដូចជា​ជំរុញ​ទឹកចិត្ត​ប្អូនៗ​ឱ្យ​បង្កើន​ការខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ស្វាធ្យាយ កុំឱ្យ​រវាត​ឃ្លាត​ចាក​ឆ្ងាយ​ពី​គុណធម៌​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​។ លោកស្រី​បន្តថា តាមរយៈ​ការ​ស្តាប់​នូវ​ព្រះ​ធម្មទេសនា​នេះ​មិន​គ្រាន់តែ​បានផ្តល់​នូវ​ការអប់រំ និង​ដាស់តឿន​ដល់​ប្អូនៗ​សិស្សានុសិស្ស​ឱ្យ​ប្រកាន់ខ្ជាប់​នូវ​កតញ្ញូ​កតវេទី​ប៉ុណ្ណោះ​ទេ តែ​ជា​យាន​សន្សំ​បុញ្ញ​កុសល​ផ្សារភ្ជាប់​ព្រះពុទ្ធសាសនា​ទៅនឹង​ស្រទាប់​យុវជន​ជា​ពុទ្ធបរិស័ទ រួមទាំង​បាន​ចូលរួមចំណែក​ក្នុងការ​លើកស្ទួយ​វិស័យ​ព្រះពុទ្ធសាសនា​ឱ្យ​កាន់តែ​រឹងមាំ​គួរ​ជាទីគោរព​សក្ការៈ​។​





(​អត្ថ​បទសាលា​)


© រក្សាសិទ្ធិដោយ thmeythmey.com