ជាតិ
គ​.​ជ​.​ប​.​រកឃើញ​ករណី​មិន​ប្រក្រតី​ជាង​១០.០០០​ទាក់ទង​នឹង​ការចុះឈ្មោះ​បោះឆ្នោត
21, Dec 2016 , 7:39 am        
រូបភាព
ដោយ: VOA
​ភ្នំពេញ​៖ បន្ទាប់ពី​ការបិទ​បញ្ចប់​ការចុះឈ្មោះ​បោះឆ្នោត​រយៈពេល​ជាង​២​សប្តាហ៍ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​រកឃើញ​ភាពមិនប្រក្រតី​ពាក់ព័ន្ធ​នឹង​ការបាត់​ឈ្មោះ និង​ឈ្មោះ​ស្ទួន​ជាង​១​ម៉ឺន​ករណី​។ ទោះជា​យ៉ាងណា អ្នកនាំពាក្យ​គណៈកម្មាធិការ​នេះ​អះអាងថា គ​.​ជ​.​ប កំពុង​ដោះស្រាយ​បញ្ហា​នេះ ដើម្បី​ធានា​ពី​ភាពត្រឹមត្រូវ​របស់ខ្លួន​។​



​នៅក្នុង​ចំណោម​ករណី​មិន​ប្រក្រតី​ជាង​១០.០០០​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​រកឃើញ​ការបាត់​ឈ្មោះ​ជាង​២.០០០​ករណី ដោយសារ​កំហុស​បច្ចេក​ទេស​ប្រព័ន្ធ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​តាមរយៈ​កុំព្យូទ័រ ខណៈ​ឈ្មោះ​ស្ទួន​ជាង​៩.០០០​ករណី​នឹងត្រូវ​លុប​ចេញពី​បញ្ជី​។ នេះ​បើតាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។​

​ការចុះឈ្មោះ​បោះឆ្នោត​ថ្មី​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ដែល​ធ្វើឡើង​អស់​រយៈពេល​បី​ខែ ចាប់តាំងពី​ថ្ងៃទី​១ ខែកញ្ញា​មក​នោះ បាន​បិទ​បញ្ចប់​ជា​ស្ថាពរ កាលពី​ថ្ងៃ​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៦ ដោយមាន​ចំនួន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​សរុប​ជាង​៧​លាន​៨​សែន​នាក់ ឬ​ស្មើនឹង​៨១.៤៨% នៃ​ចំនួន​ប្រជាពលរដ្ឋ​គ្រប់​អាយុ​បោះឆ្នោត​ចំនួន​ជាង​៩​លាន​៦​សែន​នាក់​។​

​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប​ថ្លែងប្រាប់ VOA នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ថា រហូតមកដល់​ពេលនេះ គ​.​ជ​.​ប បាន​រកឃើញ​ការបាត់​ឈ្មោះ​ចំនួន​២.៣១៨​ករណី និង​បាន​រកឃើញ​ឈ្មោះ​ស្ទួន​ជាង​៩​ពាន់​ករណី​ដែល​នឹងត្រូវ​លុបចេញ​ពី​បញ្ជី​។ លោក​បន្ថែមថា ករណី​ទាំងអស់នេះ​ភាគច្រើន​កើតឡើង ដោយសារ​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មី ជាពិសេស​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អ៊ីនធឺណិត​។​

​លោក ហង្ស ពុទ្ធា បញ្ជាក់ថា​៖

«​ចុច​បញ្ជូន ចុច​លើកទីមួយ​ហើយ​វា​អត់​ឃើញ​ផ្ញើមក ក៏​ចុច​ម្តងទៀត​ទៅ​។ ដល់​ចុច​ម្តងទៀត​ទៅ​ឈ្មោះ​វា​មកពី​រដង អាហ្នឹង​រឿង​ទីមួយ​។ រឿង​ទី​ពីរ មុននឹង​ថ្ងៃ​ចុះឈ្មោះ​គេ​ធ្វើការ​សាកល្បង ដល់​សាកល្បង​ទៅ ដល់ពេល​ចុច​បញ្ជូន ចុច​បញ្ជូន​អា​សាកល្បង​ហ្នឹង​វារ​ត់​ចូលមកក្នុង​បញ្ជី​ឈ្មោះ​នេះដែរ​។ អាហ្នឹង​គឺជា​ប្រព័ន្ធ​បច្ចេកវិទ្យា ហើយ​បញ្ហាសំខាន់​គឺ​មកពី​បញ្ហា​អ៊ីនធឺណិត​ហ្នឹង​តែម្តង​។ ហើយ​អ្នកប្រើប្រាស់​ការីកុំព្យូទ័រ​របស់​យើង​ក៏មាន​បញ្ហា​ខ្លះ​ដែរ​ដូចជា គាត់​បាន​ចុច​មកហើយ​ទោះបី​វា​អត់​ទាន់​មក​ប៉ុន្តែ​កុំព្យូទ័រ​វា​កំពុង​វិលជុំ​ឲ្យ​មកហើយ ប៉ុន្តែ​គាត់​ខ្លាច​មិន​មក​គាត់​ក៏​ចុច​មកទៀត​មក​»​។​

​លោក ហង្ស ពុទ្ធា បន្ថែមថា គណៈកម្មាធិការ​ជាតិ​រៀបចំ ការបោះឆ្នោត​បាន​បង្កើត​គណៈកម្មការ​ដើម្បី​ធានា​ក្នុងការ​ដោះស្រាយ​បញ្ហា​ទាំងអស់នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​។​

​លោក​បញ្ជាក់ថា​៖

«​គ​.​ជ​.​ប​បាន​បង្កើត​នូវ​គណៈកម្មការ​មួយ​ដើម្បី​ធ្វើ​ការងារ​រឿង​ហ្នឹង​។ ទី​១ ស្រាវជ្រាវ​បន្ថែម​អំពី​បញ្ហា ទី​២ រៀបចំ​ការបញ្ចូល​ឈ្មោះ​ទៅក្នុង​ឈ្មោះ​តាម​ឈ្មោះ​ក្នុង​ឃុំ​សង្កាត់​ហ្នឹង​វិញ ដោយ​ត្រូវគោរព​អញ្ជើញ​ភាគី​ពាក់ព័ន្ធ​ដូចជា​គណបក្សនយោបាយ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត អង្គការ​មិនមែន​រដ្ឋាភិបាល​ហ្នឹង​មក​ពិនិត្យមើល​អំពី​ភាពត្រឹមត្រូវ​នៃ​ការងារ​របស់​គ​.​ជ​.​ប​»​។​

​ក្នុងការ​ចុះឈ្មោះ​បោះឆ្នោត​អាណត្តិ​មុនៗ​ដែល​ធ្វើឡើង​ដោយ​ការសរសេរ​ដៃ មិន​មានប្រើ​ប្រព័ន្ធ​កុំព្យូទ័រ​ក៏មាន​ភាពមិនប្រក្រតី​ច្រើន​ពាក់ព័ន្ធ​នឹង​ការបាត់​ឈ្មោះ​នេះដែរ ប៉ុន្តែ​ភាគច្រើន​នៃ​ការបាត់​ឈ្មោះ​ទាំងនោះ​មិនអាច​រកឃើញ និង​ដោះស្រាយបាន​នោះទេ​។​

​លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា​ខុមហ្វ្រែល (Comfrel) បាន​ប្រាប់ VOA ថា ជាធម្មតា​ការចុះឈ្មោះ​បោះឆ្នោត​តែងតែមាន​កំហុស ឬ​ភាពមិនប្រក្រតី​កើតឡើង មិនថាតែ​ការចុះឈ្មោះ​បោះឆ្នោត​តាម​ប្រព័ន្ធ​ចាស់ និង​ប្រព័ន្ធ​ថ្មី​។ ទោះជា​យ៉ាងណា​លោក​ថា គ​.​ជ​.​ប គួរតែ​ត្រៀម​រៀបចំ​ឲ្យ​បាន​ល្អិតល្អន់​ជាង​នេះ ដើម្បី​ជៀសវាង​បញ្ហា​ដែល​កើតមាន​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។​

​លោក គល់ បញ្ញា បញ្ជាក់ថា​៖

«​ដំណោះស្រាយ​យើង​ត្រូវមាន​អ៊ីនធឺណិត​នៅ​កន្លែង​ហ្នឹង​ឲ្យ​វា​បាន​ខ្លាំង​អី​អញ្ចឹង​ទៅ វា​មិនមែនជា​បញ្ហា​ក្នុងការ​ដោះស្រាយ ប៉ុន្តែ​ប្រហែល​វា​អាចមកពី​ភាព Error (​កំហុស​) របស់​មនុស្ស​ដែរ មនុស្ស​មិនសូវ​យកចិត្តទុកដាក់ អញ្ចឹង គ​.​ជ​.​ប គេ​អាច​ពង្រឹង​មន្ត្រី​ចុះឈ្មោះ​បោះឆ្នោត​ហ្នឹង គាត់​រក​មធ្យោបាយ ឬ​រក​វិធីសាស្ត្រ​ដើម្បី​ធ្វើ​ម៉េច​ធានា​ការបញ្ជូន​ទិន្នន័យ​តាម​អ៊ីនធឺណិត​ហ្នឹង​ឲ្យ​មក​ទាន់ពេលវេលា​»​។​

​ក្នុង​បណ្តឹង​ពាក់ព័ន្ធ​នឹង​ការចុះឈ្មោះ​បោះឆ្នោត​ដែល គ​.​ជ​.​ប និង​ក្រុមប្រឹក្សាឃុំ​សង្កាត់​ទទួលបាន​មាន​ជាង​៩០​បណ្តឹង ភាគច្រើន​ជា​បណ្តឹង​ពាក់ព័ន្ធ​នឹង​ការរារាំង ការប៉ះពាល់​ដល់​នីតិវិធី​នៃ​ការចុះឈ្មោះ​បោះឆ្នោត និង​ភាពមិនប្រក្រតី​លើ​អ្នក​ចុះឈ្មោះ​ដែល​ត្រូវបាន​សង្ស័យថា មិនមាន​សញ្ជាតិ​ខ្មែរ រួម​នឹង​ការរំលោភ​លើ​នីតិវិធី​ផ្សេងៗ​ជាដើម​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com