ជាតិ
មិត្តភាព​គ្រូ និង​សិស្ស​ជាង​៣០​ឆ្នាំ​នៃ​សាលាបឋមសិក្សា​វាលវង់​នៅតែ​បន្ត​ជា​និរន្តរ៍​
20, Dec 2016 , 12:03 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រហូតមកដល់​ពេលនេះ មិត្តភាព​អតីត​គ្រូបង្រៀន និង​សិស្ស​ក្រោយ​របប​ប៉ុលពត​នៃ​សាលាបឋមសិក្សា​វាលវង់​ទីក្រុង​ភ្នំពេញ មាន​រយៈពេល​ប្រមាណ​ជា​៣៤ ៣៥ ឬ​៣៦ ឆ្នាំ​ហើយ អាស្រ័យ​ទៅតាម​សិស្ស​ដែល​ចូលរៀន​នៅ​ឆ្នាំ​១៩៨០ ១៩៨១ ១៩៨២ ១៩៨៣ ឬ​១៩៨៤​។ សិស្ស និង​គ្រូ​ជួបគ្នា​កាលពី​ជាង​៣០​មុន​។ តែ​ឥឡូវនេះ ពួកគេ​នៅ​បន្ត​ជួបគ្នា​ជា​រៀងរាល់ឆ្នាំ​។ មិត្តភាព​របស់​ពួកគេ បាន និង​កំពុង​បន្តទៅ​មុខជា​និច្ច​…


​គ្មាន​ការជួប​ណា​ដែល​មិនអាច​បែក​គ្នា​វិញ​នោះទេ​។ តែ​ក៏​គ្មាន​ការ​បែក​ណា​ដែល​មិនអាច​ជួបគ្នា​ឡើងវិញ​បាន​នោះដែរ​។

​ជាក់ស្តែង អតីត​កូនសិស្ស និង​គ្រូបង្រៀន​នៃ​សាលាបឋមសិក្សា​វាលវង់ ក្រុងភ្នំពេញ ដែល​បាន​ជួបគ្នា​នៅ​ដើម​ទសវត្សរ៍​៨០ (​ក្រោយ​របប​ប៉ុលពត​) ក្រោយមក​ក៏​បែក​គ្នាច្រើន​ទសវត្សរ៍​ដោយសារតែ​កិច្ចការ និង​កាតព្វកិច្ច​រៀងៗ​ខ្លួន​ក្នុង​ជីវិត​នោះ នៅ​ទីបញ្ចប់ ជាង​៣០​ឆ្នាំ​ក្រោយមក ពួកគេ​សម្រេចចិត្ត​ជួបជុំគ្នា​ឡើងវិញ ដើម្បី​រម្លឹក​អនុស្សាវរីយ៍​ចាស់ៗ និង​បន្ត​បង្កើត​អនុ​ស្សារី​យ៍​ថ្មី​បន្ថែមទៀត​នាពេល​អនាគត​។

​ក្នុង​អស់​រយៈពេល​៣ ឬ​៤​ឆ្នាំ​ចុង​ក្រោយនេះ អតីត​កូនសិស្ស​នៃ​«​សាលាបឋមសិក្សា​វាលវង់​», បច្ចុប្បន្ន​ឈ្មោះ​«​សាលាបឋមសិក្សា​សំពៅ​មាស​»​ស្ថិតនៅ​ក្បែរ​ស្តា​ត​អូឡាំពិក ទីក្រុង​ភ្នំពេញ តែងតែ​អញ្ជើញ​គ្រូបង្រៀន​របស់​ពួកគេ​កាលពីដើម​ទសវត្សរ៍​៨០​ឲ្យ​ជួបជុំគ្នា​នៅ​ចុងឆ្នាំ ជា​រៀងរាល់ឆ្នាំ​។

​គោលដៅ​នៃ​ការជួបជុំ​ឡើងវិញ​នេះ គឺ​ដើម្បី​កសាង​មិត្តភាព​មិត្តភក្តិ​ចាស់ៗ​ឡើងវិញ និង​ជាពិសេស ការជួប​ជុំគ្នា​ឡើងវិញ​នេះ គឺជា​ឱកាស​ដែល​កូន​សិ​ក្ស​ទាំងអស់​អាច​បញ្ចេញ​អារម្មណ៍​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​លោកគ្រូ​-​អ្នកគ្រូ​ដែល​បាន​បណ្តុះបណ្តាល​ពួកគេ​ក្រោយ​របប​ប៉ុលពត​។



​នៅក្នុង​ការជួប​ជុំគ្នា​កាលពី​ថ្ងៃអាទិត្យ​កន្លងមក អតីត​លោកគ្រូ​-​អ្នកគ្រូ និង​អតីត សិស្ស​នៃ​សាលាបឋមសិក្សា​វាលវង់​បានបង្ហាញ​អារម្មណ៍​រំភើប​ក្រៃលែង ព្រោះ ពួកគេ​មិន​នឹកស្មានថា មិត្តភាព​អាច​បន្ត​កើតឡើង​ក្នុង​រយៈពេល​ដ៏​យូរ​យ៉ាង​ដូច្នេះ​សោះ​។ «​មិត្តភាព​ជាង​៣០​ឆ្នាំ គឺ​យូរ​។ យើង​គូរ​បន្ត​ទៅមុខ​ឲ្យ​បានយូរ​បន្ថែមទៀត​»​។ នេះ គឺជា​ការលើកឡើង​រប​ស់​អតីត​សិស្ស និង​គ្រូបង្រៀន​នៃ​សាលាបឋមសិក្សា​វាលវង់ ក្នុងខណៈ​ពេលដែល​ពួកគេ​ជួបជុំ​ពិសា​អាហារ​ថ្ងៃត្រង់​នៅ​ត្រើយ​ខាងកើត​នៃ​ស្ពាន​ជ្រោយចង្វា ទីក្រុង​ភ្នំពេញ​។

​អតីត​សិស្ស​នៃ​សាលាបឋមសិក្សា​វាលវង់​ភាគច្រើន​មាន​អាយុ​ជាង​៤០​ឆ្នាំ រីឯ​គ្រូបង្រៀន​វិញ ពួកគេ​មាន​អាយុ​ចាប់ពី​ជាង​៦០ រហូតដល់​ជាង​៧០​ឆ្នាំ​។ ពេលវេលា​បាន​កន្លងផុតទៅ​មែន តែ​អនុ​ស្សារី​យ៍​នៅ​ស្ថិតស្ថេរ​ជានិច្ច​សម្រាប់​អតីត​កូនសិស្ស និង​គ្រូបង្រៀន​នៃ​សាលាបឋមសិក្សា​វាលវង់​៕


Tag:
 ​វាលវង់​
© រក្សាសិទ្ធិដោយ thmeythmey.com