ជាតិ
​មូលនិធិ ម៉េង​លី ជេ​. គួច រៀបចំ​កម្មវិធី​បណ្ណាល័យ​ចល័ត ម៉េង​លី ជេ​. គួច ​លើក​ទី​៣២ នៅ​សាលាបឋមសិក្សា​សំបួរមាស
20, Dec 2016 , 1:42 pm        
រូបភាព
ដោយ: ថ្មីៗ
​តាមរយៈ​សកម្មភាព​ប្រចាំខែ​នៃ​មូលនិធិ ម៉េង​លី ជេ​. គួច ដែល​តែងតែ​ធ្វើការ​បរិច្ចាគ​អាហារ សម្លៀកបំពាក់ សម្ភារ​ប្រើប្រាស់ សម្ភារ​សិក្សា គ្រឿងឧបភោគ​បរិភោគ​ផ្សេងៗ ការពិនិត្យ​សុខភាព និង​ការចែក​ថវិកា​ជូន​ដល់​បណ្តា​ប្រជាពលរដ្ឋ​ក្រីក្រ មណ្ឌលកុមារ​កំព្រា ចាស់ជរា និង​ជនពិការ មូលនិធិ​ក៏មាន​សកម្មភាព​បំប៉ន​ខាង​ផ្នែក​បញ្ញា​ស្មារតី​ផងដែរ​។ ជាក់ស្តែង​កាលពី​សប្តាហ៍​កន្លងទៅនេះ ក្រុមការងារ​មូលនិធិ ម៉េង​លី ជេ​. គួច បាន​ដឹកនាំ​សិស្ស​ស្ម័គ្រចិត្ត នៃ​វិទ្យាស្ថាន និង​សាលារៀន អន្តរទ្វីប អាមេរិកាំង ប្រមាណ​១០​នាក់ រៀបចំ​កម្មវិធី​បណ្ណាល័យ​ចល័ត ម៉េង​លី ជេ​. គួច លើក​ទី​៣២ នៅ​សាលាបឋមសិក្សា​សំបួរមាស មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​



​ស្រប​ក្នុងឱកាស​នោះ មូលនិធិ​ក៏បាន​នាំយក​នូវ​សៀវភៅសរសេរ ប៊ិក ខ្មៅ​ដៃ និង​ជ័រលុប ចំនួន​៣១៥​កញ្ចប់ ទៅ​បរិច្ចាគ​ជូន​ប្អូនៗ​សិស្សានុសិស្ស​នៅ​សាលាបឋមសិក្សា​ខាងលើ​ផងដែរ​។ ក្នុង​កម្មវិធី​នោះ បណ្ណាល័យ​ចល័ត ម៉េង​លី ជេ​. គួច លើក​ទី​៣២ ក៏មាន​ការដាក់​តាំងពិព័រណ៍​សៀវភៅ​រឿងនិទាន​ខ្មែរ ហើយ​មានការ​និទានរឿង​ខ្លី​ឱ្យ​កុមារ​តូចៗ​ស្តាប់ ការ​ផាត់​ពណ៌​រូបភាព និង​ការ​សង្ខេប​រឿង​ខ្លី​ក្រោយពី​ការអាន​របស់​ប្អូនៗ ហើយ​រួម​ជាមួយគ្នា​នោះ​ផងដែរ ក្រុមការងារ​មូលនិធិ និង​សិស្ស​ស្ម័គ្រ​ចិត្តបាន​ដឹកនាំ​ប្អូនៗ​លេងល្បែង​កម្សាន្ត ដើម្បី​បង្ក​បរិយាកាស​ឱ្យ​កាន់​តែមាន​ភាពសប្បាយ​រីករាយ​នៅពេល​ចុងបញ្ចប់​នៃ​កម្មវិធី​។​



​បើតាម​សម្តី​របស់លោក សាយ ឆាយ នាយក​សាលាបឋមសិក្សា​សំបួរមាស បានឱ្យដឹងថា សាលារៀន​នៅមាន​ការខ្វះខាត​ច្រើន​លើ​បរិក្ខារ​សាលា រួមមាន តុ កៅអី ក្តារខៀន និង​ជាពិសេស​ទៅទៀត​នោះ គឺ​អគារសិក្សា​តែម្តង​។ លោកនាយក​ក៏បាន​លើកឡើង​ទៀតថា សព្វថ្ងៃនេះ​គណៈកម្មការ​សាលា​បាននិងកំពុង​សាងសង់​អគារសិក្សា​១​ខ្នង ចំនួន​៤​បន្ទប់​បន្ថែមទៀត ដោយ​គ្រោង​ថា​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៧​ខាងមុខនេះ​។ សូម​ជម្រាបជូន​ថា ថវិកា​ដែល​យកមក​ធ្វើការ​សាងសង់​អគារសិក្សា​បន្ថែម​នោះ គឺ​បានមកពី​ការធ្វើ​បុណ្យផ្កា​រយៈពេល​កន្លងមក​។​

​សូម​បញ្ចាក់​ផងដែរ​ថា សាលាបឋមសិក្សា​សំបួរមាស​នេះ ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៥៨ ដោយ​ព្រះគ្រូ​ចៅអធិការ​វត្ត​សំបួរមាស ក្នុង​គោលបំណង​ឱ្យ​ក្មេងៗ​នៅ​ជុំវិញ​វត្ត​នេះ​ទទួលបាន​ការអប់រំ ហើយ​កាលសម័យ​នោះ គឺ​ព្រះសង្ឃ​ជា​អ្នក​បង្រៀន​ដោយផ្ទាល់ ហើយ​ក្រោយមក សាលា​ក៏ត្រូវ​បានទទួល​ស្គាល់​ដោយ​ក្រសួង​អប់រំ​យុវជន និង​កីឡា​។ គួរ​រម្លឹក​ផងដែរ​ថា បច្ចុប្បន្ន​សិស្សានុសិស្ស​ដែល​កំពុង​រៀន​នៅ​សាលាបឋមសិក្សា​សំបួរមាស គឺមាន​ចំនួន​៣១៣​នាក់ និង​គ្រូ​១៣​នាក់​។​

​សូម​ជម្រាបជូន​ថា សម្រាប់​កម្មវិធី​បណ្ណាល័យ​ចល័ត ម៉េង​លី ជេ​. គួច លើក​ទី​៣២ នៅ​សាលាបឋមសិក្សា​សំបួរមាស សរុប​ជា​ទឹកប្រាក់​អស់​ប្រមាណ​ជាង​៧០០​ដុល្លារ​អាមេរិក​៕



(​អត្ថបទ​សាលា​)


© រក្សាសិទ្ធិដោយ thmeythmey.com