ជាតិ
គ​.​ជ​.​ប រើទីតាំង​​ពី​ក្រសួងមហាផ្ទៃ​ នៅ​ដើម​ឆ្នាំក្រោយ​
20, Dec 2016 , 2:38 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) នឹង​រើ​ការិយាល័យ​ចាស់​ដែល​ស្ថិត នៅក្នុង​ក្រសួងមហាផ្ទៃ​ទៅ​ទីតាំង​ថ្មី​ដែលមាន​អគារ​កម្ពស់ ១២​ជាន់ ទល់មុខ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ នៅ​ខែមីនា ឆ្នាំ​២០១៧ ខាងមុខ​។ នេះ​បើតាម​អ្នកនាំពាក្យ គ​.​ជ​.​ប​។​



​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ឲ្យ​សារព័ត៌មាន​ថ្មីៗ​ដឹងថា អគារ គ​.​ជ​.​ប ថ្មី​កម្ពស់ ១២ ជាន់ នឹង​បញ្ចប់​រួចរាល់​នៅ​ដើមឆ្នាំ​ក្រោយនេះ ហើយ​ស្ថាប័ន​ដែល​ដើរតួនាទី​ជា​អាជ្ញាកណ្តាល​ក្នុងការរៀប​ចំការ​​បោះឆ្នោតមួយនេះ​ នឹង​រើ​ទីតាំង​ពីក្នុង​បរិវេណ​ក្រសួង​មហាផ្ទៃ​ទៅ​ការិយាល័យ​ថ្មី នៅ​ទល់មុខ​ពុទ្ធសាសនបណ្ឌិត្យ ក្នុង​មីនា ឆ្នាំ ក្រោយ​តែម្តង​។​

​អតីត​នាយក​ប្រតិ​ប​តិ្ត​នៃ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត ឬ​និចហ្វិក​រូបនេះ ឆ្លៀត​ឆ្លើយ​ប្រាប់​សារព័ត៌មាន​ថ្មីៗ ពេល​គ​.​ជ​.​ប ទទួល​ជំនួយ​សម្ភារ​សម្រាប់​បម្រើ​ឲ្យ​ការបោះឆ្នោត​ឆ្នាំ ២០១៧ និង​២០១៨ នៅ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៦​នេះ ពី​រដ្ឋាភិបាល​ចិន ក្នុង​បរិវេណ​ឃ្លាំង​សម្ភារ​គ​.​ជ​.​ប ដែល​ស្ថិតក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ ៦ ខណ្ឌឫស្សីកែវ​។ «​យើង​គ្រោង​ប្តូរ​ទៅ​ទីតាំង​ថ្មី នៅ​ខែមីនា ខាងមុខ ក្រោយ​ការសាងសង់​រួចរាល់​»​។ លោក ហង្ស ពុទ្ធា បញ្ជាក់​មុន​បន្ថែមថា ទីតាំង​ថ្មី​មាន​ការិយាល័យ​ទូលាយ​ជាង​មុន​។​

លោក ទេព នីថា អគ្គលេខា​ធិការគណៈកម្មាធិការ​ជាតិរៀបចំ​ការបោះឆ្នោត​​ ធ្លាប់ប្រាប់សារព័ត៌មានភ្នំពេញប៉ុស្តិ៍ថា អគាររបស់គ.ជ.ប ថ្មី កម្ពស់ ១២ ជាន់នេះ ចំណាយទឹកប្រាក់ ១២ លានដុល្លារ។ ថវិកា ដែលសាងសង់អគារនេះ បានមកពីថ្លៃជួលដីរដ្ឋឲ្យម្ចាស់សណ្ឋាគារ និងកាស៊ីណូ Naga World រយៈពេល ៩៩ ឆ្នាំ ដែលមានតម្លៃជាង ១៣ លានដុល្លារ។ ទឹកប្រាក់ដែលនៅសល់ជាង ១ លានដុល្លារ គ.ជ.ប បង្វិលទៅឲ្យរដ្ឋាភិបាលវិញ។ នេះបើតាមលោក ទេព នីថា ដែលបានថ្លែងប្រាប់កាសែតភ្នំពេញប៉ុស្តិ៍កាល​ពីពេល​កន្លងទៅ​។ 

Tag:
 ហង្ស ពុទ្ធា​
  គ​.​ជ​.​ប
© រក្សាសិទ្ធិដោយ thmeythmey.com