ជាតិ
លោក ស៊ុន ចាន់ថុល ព្រមាន​ដាក់ពិន័យ​អ្នកបើករថយន្ត​ដឹក​កម្មករ ដែល​គ្មាន​ប័ណ្ណបើកបរ
21, Dec 2016 , 1:46 pm        
រូបភាព
រូបលោក ស៊ុន ចាន់ថុល ពេលទៅចូលរួមសន្និបាតបញ្ញវន្តពិភពលោកនៅរាជធានីភ្នំពេញ កាលពីខែមករា ឆ្នាំ ២០១៦
រូបលោក ស៊ុន ចាន់ថុល ពេលទៅចូលរួមសន្និបាតបញ្ញវន្តពិភពលោកនៅរាជធានីភ្នំពេញ កាលពីខែមករា ឆ្នាំ ២០១៦
​ភ្នំពេញ​៖ ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន ប្រកាស​មិន​អនុញ្ញាត​ឲ្យ​អ្នកបើករថយន្ត​ដឹក​កម្មករ ដែល​គ្មាន​ប័ណ្ណបើកបរ អាច​បន្តការងារ​ដឹក​ជញ្ជូន​កម្មករ​ឡើយ នៅ​ឆ្នាំ​២០១៧​ខាងមុខនេះ​។​



​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាន​បញ្ជាក់ថា ក្រសួង​បាន​សហការ​រួមគ្នា​ជាមួយ​ក្រសួងមហាផ្ទៃ ,​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដើម្បី​ត្រួតពិនិត្យ​និង​ពង្រឹង​ការ​អនុវត្ដ​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ម៉ឺងម៉ាត់ ចំពោះ​អ្នកបើករថយន្ត​ដឹក​កម្មករ​ដែល​គ្មាន​ប័ណ្ណបើកបរ​នេះ ដើម្បី​ចៀសវាង​ការបង្ក​គ្រោះថ្នាក់​ចរាចរណ៍​។

​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ​កម្ពុជា ដែល​បាន​ស្រង់​សម្ដី​លោក ស៊ុន ចាន់ថុល នោះបាន​បញ្ជាក់​ដូច្នេះ​ថា​៖« គ្រោះថ្នាក់​ចរាចរណ៍​ចំពោះ​កម្មករ​កន្លងមក ដោយសារតែ​អ្នកបើកបរ​មិន​គោរព​ច្បាប់ ការយល់ដឹង​តិចតួច និង​មិនមាន​ប័ណ្ណបើកបរ​ស្របតាម​ប្រភេទ​យានយន្ដ ពិសេស​មធ្យោបាយ​ដឹកជញ្ជូន​កម្មករ កម្មការិនី ប្រើប្រាស់​ប្រភេទ​រថយន្ដ​ដឹកទំនិញ ចាស់​ទ្រុឌទ្រោម និង​មិនបាន​ត្រួត ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ដ​ឲ្យ​បាន​ត្រឹមត្រូវ​។​ក្នុងករណី​អ្នកបើករថយន្ត​ដឹក​កម្មករ ដែល​គ្មាន​ប័ណ្ណបើកបរ សមត្ថកិច្ច​នគរបាល​ចរាចរណ៍ នឹង​ចាប់ផ្ដើម​អនុវត្ដ​ន៍ និង​ត្រូវ​ប្រឈមមុខ​ក្នុងការ​ដាក់ពិន័យ ឬ​ទទួល​ទោសទណ្ឌ​យ៉ាងធ្ងន់ធ្ងរ ទៅតាម​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​»​។​

​បន្ថែម​ពីលើ​នេះ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏បាន​សហការ​ជាមួយ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ដើម្បី​ជួយ​សម្របសម្រួល​ដល់​ម្ចាស់​រថយន្ត​និង​កម្មករ បញ្ចៀស​ការ​ជិះ​ប​ញ្ជ្រៀ​ត​គ្នា​ដោយ​គ្មាន​របៀបរៀបរយ ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ​។​

​អគ្គ​ស្នងការរង​នគរបាលជាតិ​លោក ហ៊ឹម យ៉ាន បាន​និយាយថា អ្នកបើករថយន្ត​ដឹក​កម្មករ ឬ​យានយន្ដ​ដែល​គ្មាន​ប័ណ្ណបើកបរ នឹងត្រូវ​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ ដោយ​អនុវត្ត​ច្បាប់​ឃុំខ្លួន​ចាប់ពី​៦​ថ្ងៃ រហូតដល់​១​ខែ និង​ពិន័យ​ជា​ប្រាក់​ទៀតផង​។​

​កន្លងមក​គណៈកម្មកា​រ​ចរាចរណ៍​ផ្លូវគោក​អន្ដរក្រសួង បាន​ចុះ​បង្រៀន​ដល់​អ្នកបើករថយន្ត​ដឹក​កម្មករ​នៅតាម​រោងចក្រ​ផ្ទាល់ ដើម្បី​ឲ្យ​ពួកគេ​ប្រឡង​យក​ប័ណ្ណបើកបរ បាន​ចំនួន​៧៨ ភាគរយ ពោលគឺ​នៅសល់តែ​២២​ភាគរយ​ទៀត ដែល​ត្រូវ​ប្រឡង​យក​ប័ណ្ណបើកបរ​បញ្ចប់ នៅ​ដើមឆ្នាំ​២០១៧​នេះ​៕


Tag:
 ​ស៊ុន ចាន់ថុល​
 ​ កម្មករ
© រក្សាសិទ្ធិដោយ thmeythmey.com