ជាតិ
​​​ន​យោ​បាយ​ជាតិ​
«​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​» ត្រូវ​ផ្អាក ខណៈ​កម្ដៅ​នយោបាយ​ថយចុះ​
22, Dec 2016 , 8:59 am        
រូបភាព
ដោយ:
 ភ្នំពេញ៖ ខណៈដែល​ស្ថានការណ៍​នយោបាយ​កម្ពុជា ហាក់​កំពុង​វិល​មករក​ភាពប្រក្រតី​ឡើងវិញ​នោះ ក្រុម​អ្នកធ្វើ​យុទ្ធនាការ បានសម្រេច​ផ្អាក​ការធ្វើ «​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​» ដែលមាន​គោលបំណង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស និង​អគ្គលេខាធិការរង​គណៈ​កម្ម​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។​



​ការផ្អាក​នេះ ត្រូវបាន​ធ្វើឡើង​ដោយ​ក្រុម​អ្នកធ្វើ​យុទ្ធនាការ​នេះ​រំពឹងថា រដ្ឋាភិបាល នឹង​ដោះលែង​អ្នក​ជាប់ឃុំ​ទាំងនេះ រួមទាំង​អ្នកស្រី ទេព វ​ន្នី ផងដែរ​។​

​ក្រុម​អ្នកធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​នៅ​តំបន់​បឹងកក់ បានប្រកាស​ផ្អាក​យុទ្ធនាការ ដែល​បានធ្វើ មកដល់​សប្ដាហ៍​ទី ៣៣ គិតដល់​ត្រឹម​ថ្ងៃ​ចន្ទ​កន្លងទៅនេះ​។​

​ក្រុមអ្នកតាមដាន​ស្ថានភាព​សិទ្ធិមនុស្ស​និង​ការអភិវឌ្ឍ​សង្គម​កម្ពុជា ចាត់ទុក​ការផ្អាក​«​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​»​ថា ជាការ​សាកល្បង​ឆន្ទៈ​របស់​ក្រុម​អ្នកនយោបាយ នៃ​គណបក្ស​ធំៗ​ទាំងពីរ នៅក្នុង​ការស្វែងរក​ដំណោះស្រាយ​ដើម្បី​ដោះលែង​ក្រុមមន្ត្រី​សិទ្ធិមនុស្ស​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​អ្នកស្រី ទេព វ​ន្នី សកម្មជន​ដីធ្លី​ដ៏​សកម្ម ដែល​បានទទួល​ជ័យលាភី​រង្វាន់​ស្ត្រី​ជា​អ្នកដឹកនាំ​របស់​អង្គការ Vital Voices​។​

​លោក អំ សំអាត ប្រធានការិយាល័យ​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស លីកាដូ ប្រាប់ VOA នៅ​ថ្ងៃ​អង្គារ​នេះ​ថា ក្រុម​អ្នកការពារ​សិទ្ធិ​លំនៅដ្ឋាន​នៅ​តំបន់​បឹងកក់ ធ្វើការ​សម្រេចចិត្ត​ត្រឹមត្រូវ​ក្នុង​ការផ្អាក​យុទ្ធនាការ «​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​» នេះ នៅ​គ្រា​ដែល​ស្ថានភាព​នយោបាយ បាន​ងាក​មករក​ស្ថានភាព​ធូរស្បើយ​។​

​លោក​និយាយថា ការផ្អាក​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​នេះ អាច​ជាការ​ស្ទាបស្ទង់​ឆន្ទៈ​នយោបាយ​របស់​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​ការជួប​ចរចា ដើម្បី​ដោះលែង​អ្នក​ជាប់ពន្ធនាគារ​ដោយសារ​រឿងក្ដី​ក្ដាំ​ទាំងឡាយ ដែលមាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​។​

​លោក​បន្តថា ក្រុម​អ្នកការពារ​សិទ្ធិ​លំនៅដ្ឋាន នៅក្នុង​តំបន់​បឹងកក់​នៅតែ​អាច​បន្តធ្វើ​យុទ្ធនាការ​ពណ៌​ខ្មៅ​នេះ បាន​ដដែល ប្រសិនបើ​មិនមាន​ការដោះលែង​អ្នក​ទាំងនោះ​ក្នុង​ខែធ្នូ​នេះ​។​

​យ៉ាងណាក៏ដោយ លោក​ជឿជាក់ថា ដំណោះស្រាយ​សម្រាប់​អ្នក​ជាប់ឃុំ​ទាំងនោះ​នឹង​កើតមាន ក្រោយពី​មានការ​លើកលែងទោស​ដ​ល់​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​។​

«​អញ្ចឹង​បើសិន​អ្នកនយោបាយ​គាត់​ចរចា​គ្នា ហើយ​គាត់​មានការ​បន្ត​វប្បធម៌​សន្ទនា​ជាមួយគ្នា​បន្តទៀត អញ្ចឹង​យើង​ឃើញថា ការលើកលែងទោស​ទៅលើ​ឯកឧត្ដម កឹម សុខា ការលើកលែងទោស ទៅលើ​លោក មេឃុំ ស៊ា​ង ចែត ជា​សញ្ញាណ​វិជ្ជមាន​សម្រាប់​ឆ្ពោះទៅ​ការដោះលែង​អ្នក​ទាំង​អស់ហ្នឹង​ផងដែរ​បាទ​»​។​

​លោក មាស នី អ្នកសិក្សា​ស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម​យល់ថា ការផ្អាក​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ គឺជា​កាយវិការ​ទន់ភ្លន់​មួយ​របស់​ក្រុម​អ្នកធ្វើ​យុទ្ធនាការ​នេះ ហើយ​ថា ការផ្អាក​នេះ គឺជា​ការ​ទុកពេល​ឲ្យ​រដ្ឋាភិបាល ពិចារណា​លើ​ការដោះលែង​ក្រុមមន្ត្រី​សិទ្ធិមនុស្ស មន្ត្រី (​គ​.​ជ​.​ប​) និង​សកម្មជន​ការពារ​ដីធ្លី​នៅ​តំបន់​បឹងកក់ ដែល​ត្រូវបាន​ចាប់​ដាក់​ក្នុង​ពន្ធនាគារ ដោយសារតែ​រឿង​នយោបាយ​។​

​លោក​អះអាងថា រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស ប្រជាជន​កម្ពុជា អាច​នឹង​ស្តារ​ប្រជាប្រិយភាព​ខ្លួន​ឡើងវិញ​បាន ប្រសិនបើ​មានការ​ដោះលែង​អ្នក​ទាំងនេះ​។​

​លោក​បន្ថែមថា រដ្ឋាភិបាល​ត្រូវផ្ដោត​ទៅលើ​កំណែទម្រង់ ជាជាង​ចំណាយ​ពេលវេលា​ច្រើន​ហួសហេតុ លើ​ការ​ធ្វើបាប​ក្រុម​អ្នក​រិះគន់​ខ្លួន​ទាំងនោះ​។​

«​អញ្ចឹង​យើង​ចង់ឃើញ​រដ្ឋាភិបាល គួរ​ចំណាយពេល​ឲ្យ​ច្រើន គិតគូ​អំពី​រឿង​ការ​កំណែទម្រង់​ទៅ ហើយ​យក​ល្អ គឺ​វិល​ទៅរក​ការអនុវត្ត​នយោបាយ​ឈ្នះៗ  ដូចដែល​សម្ដេច​លោក​ធ្លាប់ធ្វើ​ពីមុនមក​។ អាហ្នឹង​ខ្ញុំ​គិតថា គណបក្ស​ប្រជាជន នឹង​អាចមាន​ការរស់រាន​ជីវិត ដែល​ប្រកបដោយ​ការគាំទ្រ​ពី​មហាជន​ឡើងវិញ​។ ប៉ុន្តែ បើសិនជា​ធ្វើ​ដូច​កន្លងមកហើយ​នេះ គឺមាន​អ្នកចាញ់ និង​មាន​អ្នកឈ្នះ អ្នក​ដែល​រងគ្រោះ គឺ​មិនមែន​គណបក្ស​សង្គ្រោះ​ជាតិ​ទេ គឺ​ប្រជាប្រិយភាព​របស់​គណបក្ស​ប្រជាជន​ទេ ដែល​ត្រូវ​ទទួលរង​ការខូចខាត​នោះ​»​។​

​ការប្រកាស​ផ្អាក​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​នេះ កើតមានឡើង ក្រោយ​ការវិលត្រឡប់​របស់លោក កឹម សុខា ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ទៅកាន់​រដ្ឋសភា​។​

​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​បាន​ជួប​ផ្ទាល់​ជាមួយ​លោក កឹម សុខា នៅ​រដ្ឋសភា កាលពីដើម​ខែធ្នូ​នេះ បាន​ឲ្យ​ដឹងថា នឹងមាន​ការពិនិត្យ​លើ​ការឃុំខ្លួន​អ្នកការពារ​សិ​ទិ្ធ​មនុស្ស និង មន្ត្រី គ​.​ជ​.​ប ឲ្យ​បាន​មុន​ដំណាច់​ខែធ្នូ​នេះ​។​

​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ថ្លែងប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ​រដ្ឋ​សភា យ៉ាង​ដូច្នេះ​ថា​៖

«​បើតាម​ខ្ញុំ​ដឹង មុន​ដំណាច់ខែ ១២​នេះ នឹងមាន​ការដោះស្រាយ ករណី​មន្ត្រី​សិទ្ធិមនុស្ស ហើយនឹង​អគ្គលេខាធិការរង គ​.​ជ​.​ប​»​។​

​អ្នកការពារ​សិទ្ធិមនុស្ស​៤​នាក់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក ដែល​រួមមាន លោក នី សុខា លោក យី សុខ​សាន លោក ណៃ វ៉ង់​ដា និង អ្នកស្រី លឹម មុនី ព្រមទាំង លោក នី ចរិយា មន្ត្រីជាន់ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត  ដែលជា​អតីត​អ្នកការពារ​សិទ្ធិមនុស្ស​ដ៏​លេចធ្លោ​ម្នាក់​នៃ​សមាគម​អាដហុក​នេះដែរ ត្រូវបាន​ឃុំខ្លួន​ចាប់តាំងពី​ខែមេសា ឆ្នាំ​២០១៦​មក​។​

​ការចាប់ខ្លួន​ពួកគេ​កើតមាន ក្រោម​បទចោទប្រកាន់​ទាក់ទង​នឹង​ការផ្ដល់​ការប្រឹក្សា​ផ្លូវច្បាប់​ដល់​នារី​កាត់សក់​ម្នាក់ ដែល​ត្រូវគេ​ចោទថា មាន​ទំនាក់ទំនង​ស្នេហា​លួចលាក់​ជាមួយ​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​។​

​អ្នកស្រី ទេព វ​ន្នី ដែល​បាន​ចូលរួម និង​ដឹកនាំ​ការធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​យ៉ាងសកម្ម​ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះលែង​អ្នក​ទាំងនោះ ត្រូវបាន​ចាប់ឃុំខ្លួន និង កាត់ទោស​ក្នុងករណី​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើហិង្សា​។​

​អ្នកស្រី បូ​វ សោភា ដែលជា​សកម្មជន​ដីធ្លី​តំបន់​បឹងកក់​ដែរនោះ ប្រាប់ VOA​ថា ក្រុម​អ្នកការពារ​សិទ្ធិ​លំនៅដ្ឋាន បានសម្រេច​ចិត្ត​មិន​ស្លៀកពាក់​ខោអាវ​ពណ៌​ខ្មៅ​តទៅទៀត នៅក្នុង​សប្ដាហ៍​ទី ៣៣​នេះ ដោយសារ​ពួកគេ​យល់ថា ការលើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង អំពី​ដំណោះស្រាយ​សម្រាប់​អ្នក​ជាប់​ក្នុង​ពន្ធនាគារ​ទាំងនោះ នឹង​បើកផ្លូវ​ឲ្យ​មានការ​ដោះលែង​ពួកគេ​ទាំងនោះ​មកវិញ​។​

​អ្នកស្រី​បន្តថា ដំណោះស្រាយ​ក៏​នឹង​អាច​កើតមាន​ចំពោះ​អ្នកស្រី ទេព វ​ន្នី ផងដែរ​។​

«​ក្នុង​សប្ដាហ៍​ទី​៣៣ ពួកយើង​បាន​បត់​អាវខ្មៅ​ទុក ដើម្បី​ឲ្យ​ពួកគាត់​មាន​សេរីភាព​ឡើងមក​វិញ ទៅតាម​អនុសាសន៍​របស់​ឧបនាយករដ្ឋមន្ត្រី ស ខេង​។ អញ្ចឹង បើសិនជា​មិនមាន​ការដោះលែង គឺ​ពួក​ខ្ញុំ​នឹង​បន្តធ្វើ​យុទ្ធនាការ នៅ​ខែ​០១ បន្តទៀត តែ​យើង​សង្ឃឹម​ជឿជាក់​ពួកគាត់ នឹងមាន​សេរីភាព​នៅពេល​ឆាប់ៗ​នេះ​»​។​

​កម្រង​ករណី​សិក្សា​លើ​ការចាប់ខ្លួន​ក្រុមអ្នកតវ៉ា​ការពារ​សិទ្ធិមនុស្ស​ដែល​ចេញផ្សាយ​ដោយ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​នៅក្នុង​ឱកាស​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ថ្ងៃទី ១០ ធ្នូ ឆ្នាំ​២០១៦​នេះ បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ មានការ​ចាប់ខ្លួន​ចំនួន​៣៣​លើក ក្នុង​ការតវ៉ា​នៅក្នុង​យុទ្ធនាការ «​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​» ដែល​ពាក់ព័ន្ធ​នឹង​បុគ្គល​ចំនួន​២១​នាក់ ដែល​អ្នកខ្លះ​ធ្លាប់​ត្រូវបាន​ចាប់ខ្លួន​ជា​ច្រើនដង​រួចមកហើយ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com